ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្ទុះយ៉ាងខ្លាំងលើបណ្ដាញសង្គមរឿងផ្លែទុរេនដែលឈ្មួញបានទិញចេញពីខេត្តកំពង់ចាម តែតាមពិត ឈ្មួញបានសារភាពថា ទុរេននាំចូលមកពីប្រទេសថៃទៅវិញ ។ ដើម្បីចៀសវាងកុំឲ្យមានបញ្ហា និងការងឿងឆ្ងល់ពីសំណាក់មហាជនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនិងសហការី បានអញ្ជើញចុះជួបជាមួយបងប្អូនសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ព្រមទាំងរកវិធីសាស្ត្រដើម្បីឲ្យមានសម្គាល់QR កូដ នៅផ្លែទុរេនសម្គាល់ជារបស់តំបន់នីមួយៗ និងចៀសវាងការក្លែងបន្លំ ។

អ្នកស្រី វ៉ែន សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ជាម្ចាស់ចំការទុរេនបែកអន្លូងបានប្រាប់ឱ្យដឹងថា គាត់មានឪពុកម្ដាយជាអ្នកចម្ការ ដូច្នេះ របរមួយនេះ បានបន្តមកដល់កូនរាល់ថ្ងៃបានដាំទុរេនមានពីប្រភេទក្នុងនោះ មានពូជម៉ូសាំងឃីម និងម៉ាន់ថង ដែលសរុបទាំងអស់ចំនួន៣០០ដើម នៅជុំវិញបរិវេណផ្ទះក្នុងឃុំអារក្សត្នោត ។ ហើយពូជសាំងឃីម បានផ្ដល់ផលមុនគេ ដោយរយៈពេល៩០ថ្ងៃ និងទុំ សម្រាប់តម្លៃលក់គឺមួយគីឡូក្រាមបាន២៥០០០រៀល ទៅ៣០០០០រៀល ហើយម៉ានថងវិញ អាចផ្ដល់ផលរយៈពេល១២០ថ្ងៃឯណោះ ។
ម្ចាស់ចម្ការរូបនេះបានប្រាប់បន្តឲ្យដឹងទៀតថា ចំពោះពូជទុរេនសាំងឃីមមានចំនួន១៧ដើមប៉ុណ្ណោះ ក្រៅពីនេះ គឺជាប្រភេទម៉ាន់ថង ។ ចាប់ពីដាំមកដល់សព្វថ្ងៃ គឺមានដើមខ្លះ មានអាយុ៦ ទៅ៨ឆ្នាំហើយ ទាមទារឱ្យមានការថែទាំដិតដល់ណាស់ ចំពោះប្រភេទម៉ានថងនៅពេលដែលទុំទិន្នផលក្នុងមួយដើមផ្លែជាង៤០ទៅ៦០ផ្លែ ហើយក្នុងមួយផ្លែមានទម្ងន់ពីរទៅបីគីឡូក្រាម ។

គាត់មិនពិបាករកទីផ្សារនោះទេ នៅពេលដែលទុំគឺមានម៉ូយបើករថយន្តមកបេះដល់ចម្ការតែម្ដង។រាល់ថ្ងៃគាត់មិនបានចូលក្នុងសមាជិកសមាគមទុរេនបែកអន្លូងនោះទេ ដោយសារតែមានចំនួនតិចដើម ។ សម្រាប់ឧត្តមគតិរបស់គាត់ គឺមានតែផ្លែទុរេននៅចម្ការហុចផល សម្រាប់លក់ឲ្យម៉ូយគឺមិនបានយកទុរេនមកពីក្រៅបន្លំដែលធ្វើឲ្យប៉ះពាល់ និងខូចឈ្មោះនោះទេ ធ្វើយ៉ាងណា គាត់ប្រឹងរក្សានៅកេរ្តិ៍ឈ្មោះបោះសម្លេង ។ ជាមួយនោះ គាត់មិនទាន់បានចូលជាសមាជិកសមាគមទុរេនបែកអន្លូងនៅឡើយ ។ ព្រោះថា ទុរេននៅចម្ការរបស់គាត់មានចំនួនតិច ដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគឺមិនគ្រប់គ្រាន់ ។
ចំណែកលោក សឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម មានប្រសាសន៍ថា ចំពោះតួលេខចម្ការទុរេននៅក្នុងខេត្តកំពង់ចាមទាំងមូល មានសរុបប្រមាណប្រហែល១៨៤៩ហិកតា ។ ជាក់ស្ដែង នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញចុះជួបជាមួយសហគម៍ទុរេនបែកអន្លូង ដើម្បីសិក្សានិងរកដំណោះស្រាយ។

រហូតមកដល់ពេលនេះ ម្ចាស់ចម្ការនៅបែកអន្លូងបាននាំគ្នាចូលសហគមន៍ទុរេនបែកអន្លូង បានកើនចំនួន១៦១នាក់ហើយ ជាមួយនោះសមាជិកម្នាក់ៗ ត្រូវតែមានភាពស្មោះត្រង់ ហើយខាងអគ្គកសិកម្មសហការជាមួយជំនាញមន្ទីរកសិកម្មខេត្ត បានចុះបង្ហាត់បង្រៀនពីបច្ចេកទេសទំនើបក្នុងការដាំដុះទុរេនពេលដែលបានផល គឺមិនមានសារធាតុគីមីប៉ះពាល់សុខភាព ខណៈពេលដែលប្រទេសជិតខាងយើងទុរេនរបស់គេមានផ្ទុកសារធាតុគីមីលើសកម្រិតធ្វើឲ្យប្រទេសចិន គេមិនទទួលទិញ ។
តាមរយៈក្រុមហ៊ុនឯកជនចិនដែលបានចុះមកដាក់កុងត្រា ជាមួយនឹងម្ចាស់ចម្ការទុរេននៅបែកអន្លូង ដោយចម្ការនីមួយៗ ខិតខំធ្វើយ៉ាងណាប្រឹងប្រែងដាំដុះតាមលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុនចង់បាន ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិនឱ្យតែត្រូវស្តង់ដាមានប៉ុន្មានក៏ទិញយកទាំងអស់នោះហើយជាមោទនភាពរបស់កម្ពុជាយើង ។


ចែករំលែកព័តមាននេះ