រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងធ្វើការបិទផលិតកម្មរោងចក្រផលិតដំណាប់ស្វាយមួយកន្លែង នៅរាជធានីភ្នំពេញ និងរោងចក្របោកគក់ជម្រះក្អែល ឈ្មោះ Kniteracy Asia Company Limited Garment, Knitting នៅក្នុងខេត្តកណ្តាល ដោយបានរារាំងមិនឱ្យសមត្ថកិច្ចចូលត្រួតពិនិត្យករណីសង្ស័យប្រព្រឹត្តបទល្មើសបង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ ។
ក្រសួងបរិស្ថាន នឹងធ្វើការបិទដំណើរការអាជីវកម្មជាបណ្ណោះអាសន្ន ចំពោះរោងចក្រ ទាំង២ទីតាំងគឺ ៖ ១-រោងចក្រផលិតដំណាប់ស្វាយ (ពុំមានឈ្មោះ) និង២-រោងចក្របោកគក់ជម្រះក្អែល ឈ្មោះ Kniteracy Asia Company Limited Garment, Knitting ដែលពាក់ព័ន្ធនឹងការបង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ នៅទីតាំងភូមិសាស្ត្រ នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ច នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានរារាំងមិនឱ្យចុះត្រួតពិនិត្យនៅក្នុងទីតាំងរោងចក្រ ទាំង២ខាងលើ ពាក់ព័ន្ធនឹងបញ្ហាបំពុលបរិស្ថានឡើយ។ ឆ្លើយតប នឹងបញ្ហានេះ ក្រសួងបរិស្ថាន សម្រេចបិទផលិតកម្មរោងចក្រជាបណ្ណោះអាសន្ន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ។
យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា រោងចក្រសហគ្រាស ដែលមិនសហការ ឬរារាំងមិនឱ្យមន្ត្រីបរិស្ថានចូលត្រួតពិនិត្យការបំពុល ត្រូវរងទណ្ឌកម្ម តាមផ្លូវច្បាប់ជាធរមាន។ ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨១៥. ត្រង់ចំណុច ក បានចែងតួនាទី និងភារកិច្ចរបស់មន្ត្រីអធិការកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលក្នុងនោះបានចង្អុលបង្ហាញ ការធ្វើអធិការកិច្ច តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តបញ្ញតិ នៃក្រមនេះ ពាក់ព័ន្ធនឹង កិច្ចការពារបរិស្ថាន និងកិច្ចគាំពារបរិស្ថាន ក្រោមសមត្ថកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ ។
ដូចគ្នាដែរ អនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ត្រង់មាត្រា២. មាត្រា២២. មាត្រា២៧. ក៏មានចែងអំពីតួនាទីមន្ត្រីជំនាញក្រសួងបរិស្ថាន មានសមត្ថកិច្ចពិនិត្យ បទល្មើសបរិស្ថាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមមន្ត្រីអធិការកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ហើយមានអំណាចឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធនឹងបំពេញកិច្ចនីតិវិធីដទៃទៀត ។
លើសពីនេះ ប្រកាសលេខ ០១៩ ប្រ.ក ប.ស្ថ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យ និងការធ្វើអធិការកិច្ចការបំពុលបរិស្ថាន ត្រង់ប្រការ៦. ប្រការ៩. ប្រការ១០. ប្រការ១១. ប្រការ១៥. ប្រការ១៩. ក៏មានចែង អំពីម្ចាស់ ឬតំណាងស្របច្បាប់របស់ទីតាំងផលិតកម្ម អាជីវកម្ម ឬសេវាកម្ម ដែលរារាំងការចូលក្នុងទីតាំង ឬពុំព្រមផ្តល់កិច្ចសហការសម្រាប់ការបំពេញភារកិច្ចរបស់មន្ត្រីអធិការកិច្ច ដូចមានចែងកំណត់នៅក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្ម ឬទោសអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕







ចែករំលែកព័តមាននេះ