ខេត្តបន្ទាយមានជ័យ ៖ ជនបង្ករជាមនុស្សបែកថ្នាំម្នាក់ បានធ្វើសកម្មភាពយកកន្ត្រៃយ៍ដែកចាក់លើស្ត្រីវ័យ៦១ឆ្នាំបណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ដែលករណីហិង្សានេះ បានកើតឡើងនៅវេលាម៉ោ៦និង ១៥នាទីព្រឹកថ្ងៃទី៨ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវបានឲ្យដឹងថា ជនបង្កឈ្មោះសៀង ម៉ិញស៊ី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះវិន យុក ភេទស្រី អាយុ៦១ឆ្នាំ នៅភូមិជាមួយគ្នា។
នគរបាលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដើរតាមផ្លូវក្នុងភូមិ ស្រាប់តែពេលនោះ ជនល្មើសបានយកកន្ត្រៃយ៍ដែកចាក់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៧ កន្លែង ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
ចំណែកជនបង្ក ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវចាប់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះ ដើម្បីចាត់វិធានការបន្ត ឆ្លងតាមការធ្វើតេស្តទឹកនោមជនសង្ស័យមានសារធាតុញៀន។
បើតាមការសាកសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែចោទប្រកាន់ជនរងគ្រោះថា បានលួចលុយរបស់ខ្លួនរាប់ម៉ឺនដុល្លារ ។ សមត្ថកិច្ចអះអាងថា ជនល្មើសសង្ស័យជាមនុស្សបែកថ្នាំទេ៕
ចែករំលែកព័តមាននេះ