ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តអនុវត្តតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៊ី។ លោកថ្លែងដូច្នេះតាមរយៈការផ្ញើសារជូនលោកពូទីននៅក្នុងឱកាសរំលឹកខួប៨១ឆ្នាំនៃទិវាជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់។ លោកគីមសង្កត់ធ្ងន់ថាកូរ៉េខាងជើងរក្សាជំហរផ្ដល់អាទិភាពខ្ពស់ទៅលើការរក្សាភាពជាដៃគូជាមួយរុស្ស៊ី និងការប្រកាន់ឆន្ទៈមោះមុតក្នុងការអនុវត្តទៅតាមកាតព្វកិច្ចនោះ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង ខេស៊ីអឹនអេ (KCNA)។

រុស្ស៊ី និងកូរ៉េខាងជើងកាលពីឆ្នាំ២០២៤បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលលោកពូទីនបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។ នៅក្នុងលក្ខខណ្ឌនានាដែលមានចែងនៅក្នុងសន្ធិសញ្ញានោះមានចំណុចមួយនិយាយអំពីការការពារគ្នាទៅវិញទៅមក។ កូរ៉េខាងជើងបានបញ្ជូនកងទ័ព១៤០០០នាក់ទៅជួយរុស្ស៊ីនៅតំបន់ខឺស។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង អ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិចថ្លែងថាកងទ័ពទាំងនោះរងគ្រោះយ៉ាងធ្ងន់ធ្ងរព្រោះពួកគេពុំធ្លាប់មានពិសោធន៍ច្បាំងនៅលើសមរភូមិជាក់ស្ដែង ហើយលើកនេះពួកគេច្បាំងទល់នឹងពួកអឺរ៉ុបថែមទៀត។ គេប៉ាន់ស្មានថាកងទ័ពកូរ៉េខាងជើងជាង៦ពាន់នាក់បានពលីជីវិតនៅក្នុងសង្គ្រាមនៅខឺស។ កាលពីថ្ងៃសៅរ៍ រុស្ស៊ីរៀបចំទិវាជ័យជម្នះខ្នាតតូចល្មមតែប៉ុណ្ណោះព្រោះបារម្ភអំពីលទ្ធភាពនៃការវាយប្រហារពីសំណាក់យោធាអ៊ុយក្រែន។

ថ្វីដ្បិតយោធារុស្ស៊ីហាក់ដូចជាមានប្រៀបនៅលើសមរភូមិក៏ពិតមែន ក៏ប៉ុន្តែមិនទាន់មានសញ្ញាថារុស្ស៊ីនឹងមានជ័យជម្នះនៅក្នុងសង្គ្រាមនោះទេ។ កាលពីយប់មិញ រុស្ស៊ី និងអ៊ុយក្រែនបញ្ជាក់ថាពួកបានឯកភាពគ្នាទទួលយកបទឈប់បាញ់រយៈពេលបីថ្ងៃដែលផ្ដួចផ្ដើមឡើងដោយលោកដូណាល់ត្រាំ។ បទឈប់បាញ់នេះនឹងអនុវត្តចាប់ពីថ្ងៃទី៩ដល់ទី១១ ខែឧសភា៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ