រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងល្បាតនគរបាតប៉ុស្តិ៍បឹងកក់ទី២ នៃខណ្ឌទួលគោក ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់ទ្វារដែកអេនអ៊ីណុករបស់អតីតភោជនីយដ្ឋានសួគ៌ា ។
ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ សុខ ឡាំ ឌីស៊ើង ហៅ អាយួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)
២-ឈ្មោះ ហួត រតនា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩និង២០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួច (លួចគ្រោងទ្វារដែកអ៊ីណុកចំនួន០២ និងកំណាត់ដែកអ៊ីណុកមួយចំនួន) ។
ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចលើដងផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុចអតីតភោជនីយដ្ឋានសួគ៌ា ដែលមានទីតាំងផ្ទះលេខ៣៩ ផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី២៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ កន្ត្រៃចំនួន០១, ទុឡឺវិសចំនួន០១, កំណាត់ដែកអ៊ីណុកមួយចំនួន (ចាប់យកពីជនសង្ស័យឈ្មោះ ហួត រតនា ) និងគ្រោងទ្វារដែកអ៊ីណុកចំនួន០២ (ចាប់យកពីជនសង្ស័យឈ្មោះ សុខ ឡាំ ឌីស៊ើង ហៅ អាយួន) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ