ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយលេងល្បែងចាញ់នៅច្បារអំពៅ ជិះឡានឈ្នួលមកលួចម៉ូតូគេនៅកៀនស្វាយ ស៊យម្ចាស់គេទាន់ ជិះរត់ទៅបុកជញ្ជាំងសង្ក័សីបែកក្បាលហូរឈាម ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥ និង ៣០នាទី ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរិន តុងលីភេទប្រុសអាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ អៀង សុខណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតមានស្រុកកំណើតនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន ៖
ម៉ូតូ០១គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2019 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1AF-4027(ជារបស់ជនរងគ្រោះ)។វត្ថុតាងចាប់យក:
១/ ម៉ូតូ០១គ្រឿងម៉ាកHonda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2019 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1AF-4027(ជារបស់ជនរងគ្រោះ) ។
២/ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១
៣/ កាបូបលុយពណ៌ត្នោតចំនួន១
៤/ កាត ABAចំនួន១
៥/ កាត AMK ចំនួន១
៦/ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 ចំនួន១
៧/ទទួលលឺវីសពណ៌លឿង-ខ្មៅដងជ័រប្រវែង១៨,៥៥សង់ទីម៉ែត្រចំនួន១
៨/នាមប័ណ្ណទិញលក់ម៉ូតូចំនួន១
៩/ វិក័យបត្រទិញលក់ម៉ូតូ ចំនួន២សន្លឹក
១០/សោម៉ូតូ១,កូនសោផ្ទះ១,កូនសោបន្ទប់១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលពេលកើតហេតុ ជនរងគ្រោះកំពុងជួសជុលម៉ូតូ រួចបានដើរចូលក្នុងបន្ទប់ទឹក និងទុកសោរជាប់នឹងម៉ូតូនៅក្នុងផ្ទះ ដើម្បីទុកឲ្យប្រពន្ធរបស់ខ្លួនជិះទៅលក់ដូរនៅក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ពេលចូលបន្ទប់ទឹកនោះ ក៏បានទុកឲ្យកូនប្រុសអាយុ៥ឆ្នាំ អង្គុយលើកៅអីក្បែរម៉ូតូនឹងដែរ ស្រាប់តែជនសង្ស័យបានចុះពីរថយន្តឈ្នួលមកដើរចូលក្នុងផ្ទះ ទាញយកម៉ូតូជនរងគ្រោះចេញពីក្នុងផ្ទះប្រហែល០៣ម៉ែត្រដល់ចិញ្ចើមផ្លូវ កូនជនរងគ្រោះបានស្រែកថា ប៉ាចោរលួចម៉ូតូ ឃើញដូច្នេះជនរងគ្រោះបានរត់ចេញពីបន្ទប់ទឹក រត់ដេញតាមចាប់ជនសង្ស័យ។ ចំណែកជនសង្ស័យភ័យ ជិះរត់ទៅបុកនិងជញ្ជាំងសង្ក័សីបែកក្បាលហូរឈាម ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះក្របួចបានភ្លាម និងតេទូរស័ព្ទប្រាប់នគរបាលប៉ុស្ដិ៍សំរោងធំដើម្បីឲ្យជួយអន្ដរាគមន៍ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានជិះរថយន្តឈ្នួលចេញពីផ្ទះ សំដៅមកលេងល្បែងចាក់ជល់មាន់អនឡាញ និង លេងអាប៉ោងនៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលចាញ់អស់ប្រាក់ ខ្លួនបែបគំនិតចង់លួចម៉ូតូគេ ។ បន្ទាប់មកខ្លួនក៏សុំប្រាក់មេអាប៉ោងចំនួន១ម៉ឺនរៀល ដើម្បីជិះរថយន្តឈ្នួលមកតាមផ្លូវជាតិលេខ១ លុះដល់ចំណុចម្តុំការ៉ាស់សាំងលីមឡុង ស្ថិតក្នុងឃុំសំរោងធំ ខ្លួនបានឲ្យគេឈប់ឡាន រួចចុះដើរតាមចិញ្ចើមផ្លូវជាតិលេខ១មកភ្នំពេញវិញ ក្នុងគោលបំណងដើរសម្លឹងមើលម៉ូតូរបស់ប្រជាពលរដ្ឋណាទុកប្រហែសខ្លួននឹងលួចយក ពេលដើរដល់ចំណុចផ្ទះកើតហេតុខ្លួនបានឃើញម៉ូតូគេទុកសោជាប់នៅនឹងម៉ូតូ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូ តែត្រូវម្ចាស់ម៉ូតូតាមទាន់ក៏រត់គេចទៅបុកនឹង ជញ្ជាំងសង្ក័សី បណ្តាលឲ្យបែកក្បាលចេញឈាម ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច <មូលហេតុខ្លួនលេងល្បែងចាញ់> ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញស្រុកកៀនស្វាយ កំពុងកសាងសំណុំបញ្ចូលខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ