រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចជាច្រើនឆ្នាំមកនេះ បានលើកឡើងថា ការលើកអគ្គលេខាUN ជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជាដែលប្រទេសនេះ រក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ។

លោកជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៥
«ការលើកឡើងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិពេលនេះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ដែលប្រទេសនេះរក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ»។
អ្នកនាំពាក្យបានលើកឡើងថា វាជាមោទកភាពសម្រាប់ប្រជាជនរបស់យើង ជាតិសាសន៍របស់យើង ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ និងថ្នាក់ដឹកកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព ត្រូវបានក្រុមជ្រុលនិយមខ្លះ បន្តុះបង្អាប់និងជេរវាយប្រហារ តែពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres សរសើរសន្តិភាពនៅកម្ពុជា សង្ឃឹមថា ពួកគេ មិនជេរលោកអគ្គលេខាធិការ ល្មមរៀនទទួលស្គាល់នូវសច្ចធម៌។

យ៉ាងណាក្តី ទោះជាពួកគេមិនពេញចិត្តនឹងសន្តិភាព ជេរអ្នកសរសើរសន្តិភាព ជេរអ្នករកសន្តិភាព រើសអើងចំពោះសន្តិភាព តែសន្តិភាពនៅកម្ពុជា មិនបានរើសអើងពួកគេឡើយ ដោយសន្តិភាពនេះ បានផ្តល់ផ្លែផ្កាដល់ប្រជាជនខ្មែរគ្រប់និន្នាការ រួមទាំងសាច់ញាតិរបស់ពួកគេផងដែរ ។ សន្តិភាព បាននាំមាតុភូមិយើងដែលធ្លាប់តែកម្សត់ ឲ្យស្គាល់ភាពរីកចម្រើន ស៊ីវីល័យ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ។ ដូច្នេះ យើងត្រូវពួតដៃគ្នាការពារសន្តិភាព និងអភិវិឌ្ឍមាតុភូមិយើង។
សូមជម្រាបការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ។
អគ្គលេខាធិការUNបានបន្តថា ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង៨,០០០នាក់ចូលរួម ។ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព ៕
ចែករំលែកព័តមាននេះ