ខេត្តក្រចេះ ៖ ក្រោយមានការចុះផ្សាយពីបណ្ដាសារព័ត៌មានអំពីទីតាំងដែលសង្ស័យជាតំបន់រ៉ែមាសហើយកើតឡើងនៅសកម្មភាពយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ កន្លងមកពេលនេះ មន្ទីររ៉ែ និងថាមពលខេត្ដក្រចេះ បានធ្វើការស្រាយបំភ្លឺ ។

តាមរយៈសេចក្តីបំភ្លឺនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរបានបញ្ជាក់អំពីដំណើររឿងថា កាលពីថ្ងៃទី២៨ មិថុនា ២០២៥ មន្ទីរបានទទួលដំណឹងពីការធ្វើសកម្មភាពរ៉ែមាសអនាធិបតេយ្យនៅក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន«XING YUAN KANNG YEAK CO,LTD» នៅភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។ បន្ទាប់មក នៅថ្ងៃទី២៩ មិថុនា ២០២៥ លោកមេភូមិអូរត្រូន និងតំណាងក្រុមហ៊ុនបានចុះពិនិត្យ និងធ្វើកំណត់ហេតុឱ្យពួកគាត់រុះរើសម្ភារ និងបញ្ឈប់សកម្មភាពរ៉ែមាសអនាធិបតេយ្យតទៅទៀត ។

មន្ទីររ៉ែ និងថាមពលខេត្តក្រចេះបានបញ្ជាក់ទៀតថា បើទោះបីជាមានការណែនាំជាបឋមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនរួចហើយក្តី មន្ទីរនឹងបន្តចុះតាមដានឃ្លាំមើលក្នុងករណីប្រទះឃើញមានការប្រព្រឹត្តបទល្មើសខាងលើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ទាក់ទិនករណីនេះដែរ មន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិដូចជាការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចិរភាព ។

ជាមួយគ្នានេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ សូមបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ ដោយជូនដំណឹងពីសកម្មភាពរ៉ែអនាធិបតេយ្យមកមន្ទីរ ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានការចុះផ្សាយ អំពីការធ្វើសកម្មភាពរុករករ៉ែមាសយ៉ាងអនាធិបតេយ្យដោយខុសច្បាប់រាប់សិបកន្លែង ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជុំវិញករណីនេះ លោក សុខ យឿន មេភូមិអូរត្រូនបានទទួលស្គាល់ថា ក្នុងមូលដ្ឋានរបស់លោក ពិតជាមានការធ្វើសកម្មភាពរុករករ៉ែមាសខុសច្បាប់មែន តែមិនមានសកម្មភាពធំដុំនោះទេ គឺមានតែប្រជាពលរដ្ឋធ្វើសកម្មភាពតិចតួចតែប៉ុណ្ណោះ ។

លោក សុខ យឿន បានបញ្ជាក់ថា នៅតំបន់រ៉ែមាស បើមិនឱ្យប្រជាពលរដ្ឋទៅរុករករ៉ែមាស ឲ្យទៅធ្វើអ្វីវិញ ហើយលោកក៏មិនអាចបញ្ឈប់សកម្មភាពរបស់ពួកគាត់បានទេ ព្រោះវាជាមុខរបររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដែលគ្មានការងារធ្វើពិតប្រាកដ ។

ក្រោយទទួលបានដំណឹងនេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ធ្វើការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរុករករ៉ែមាសអនាធិបតេយ្យនេះតទៅទៀត នាថ្ងៃទី៣០ មិថុនា ២០២៥ ម្សិលមិញ ។ ពាក់ព័ន្ធទៅនឹងករណីរុករករ៉ែមាសយ៉ាងអនាធិបតេយ្យនោះ គេបានប្រទះឃើញល្បាប់ដីច្រោះហូរពាសពេញផ្ទៃដីចំណែកទឹកឡើងល្អកពណ៌លឿងផងដែរ ៕


ចែករំលែកព័តមាននេះ