រាជធានីភ្នំពេញ ៖ ជាការឆ្លើយតបទៅភាគីថៃ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែក៏ព្រមានថៃថា កងទ័ព និងសព្វាវុធរបស់កម្ពុជាបានត្រៀមរួចជាស្រេច ដោយមិនខ្លាចធ្វើសង្គ្រាម ដើម្បីការពារទឹកដីមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាមច្ឆាជាតិនាខេត្តតាកែវ ។ ថ្លែងជាសាធារណៈ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា«កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែក៏ព្រមានថៃថា កងទ័ព និងសព្វាវុធរបស់កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីការពារទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ»។

ជាមួយគ្នានោះដែរ សម្ដេចបវរធិបតីព្រមានទៅកាន់ថៃយ៉ាងដូច្នេះ «យើងមិនប្រើកម្លាំងបាយទេ ប៉ុន្តែកុំគិតថា កម្ពុជាខ្លាចឱ្យសោះ កងទ័ពកម្ពុជា ត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាស្រេច ដើម្បីការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រទេ»។

សម្ដេចបវរធិបតីក៏បានប្រាប់ជនបរទេសថា កម្ពុជាគ្មានចេតណាណាមួយ ឬភាពក្លាហានទៅដណ្ដើមទឹកដីប្រទេសជិតខាងឡើយ ប៉ុន្តែកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យឈ្លានពានបានឡើយ ។
សូមជម្រាបថា ការលើកឡើងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានជម្លោះព្រំដែនជាមួយ និងប្រទេសថៃ ក្រោយពីទាហានថៃបានធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជានៅតំបន់ព្រំដែនមុំបីនាខេត្តព្រះវិហារ បណ្ដាលឲ្យទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិត។

ក្រោយពីហេតុការណ៍នេះកើតឡើង បានធ្វើឲ្យស្ថានការណ៍នៅតាមតំបន់ព្រំដែនរវាងកម្ពុជានិងថៃមានភាពតានតឹងរហូតដល់មានការបិទព្រំដែនដោយឯកតោភាគីពីថៃ ។ នៅពេលដែលឃើញសភាពការណ៍ដោយថៃធ្វើការបិទព្រំដែនដោយឯកតោភាគីបែបនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទច្រកព្រំដែនមួយចំនួនជាមួយថៃដោយមិនអនុញ្ញាតនាំចូលបន្លែ ផ្លែឈើ មកកម្ពុជា ។
លើសពីនេះ ក៏បានបិទច្រកមួយចំនួនមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់តែម្តង ដោយរង់ចាំថៃបើកដំណើរការធម្មតា ដូចដើមទើបកម្ពុជាបើកឡើងវិញ ។

ចែករំលែកព័តមាននេះ