រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចំអកទៅកាន់ប្រទេសថៃ ដែលចង់មើលងាយកម្ពុជា ដោយគិតថា កម្ពុជាពឹងលើទីផ្សារខ្លួន ស្រាប់តែប្រទេសថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាទាំងស្រុង ដោយយល់ថា បិទច្រកហើយ នឹងធ្វើឱ្យកម្ពុជាលំបាក តែផ្ទុយទៅវិញបែរជាការលំបាកធ្លាក់លើប្រជាជនខ្លួនទៅវិញ ។
ការលើកឡើងរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលកើតឡើងដោយភាគីថៃបានធ្វើការបិទព្រំដែនដោយឯកតោភាគីមិន បានជូនដំណឹងដល់កម្ពុជាបានដឹងជាមួយនិងរហូតមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់ផងដែរ ។ សម្តេចបវរធីបតីហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា «ទោះបីជាមានបញ្ហាព្រំដែន ជាមួយប្រទេសថៃ ត្រូវអូសបន្លាយរយៈពេលវែងយ៉ាងណាក៏ដោយ សម្រាប់កម្ពុជានៅតែធានាបាននូវសន្តិសុខស្បៀងជូនដល់ប្រជាពលរដ្ឋដដែល» ។
ក្នុងនោះសម្តេចធិបតីបានបញ្ជាក់បន្ថែមថា កត្តាមួយសំខាន់នៃការធានាបាន និងបង្កលក្ខណៈសន្តិសុខស្បៀង គឺសន្តិភាព និងគោលនយោបាយច្បាស់លាស់ ខណៈដែលរាជរដ្ឋាភិបាលច្រើនអាណត្តិតាំងពីអាណត្តិមុន មកដល់អាណត្តិនេះ បន្តអនុគ្រោះទៅដល់វិស័យឯកជនធ្វើការងារក្នុងវិស័យកសិកម្ម ដែលរដ្ឋភិបាលបានជួយជាច្រើន រួមទាំងការកសាងប្រព័ន្ធធារាសាស្ត្រជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ទីផ្សារបើកបន្ថែម ការជួយនូវលំនឹងមួយចំនួន ការធានាផលិតផលមួយចំនួន ពិតណាស់ ទីផ្សារបរទេសឡើងចុះ យើងខិតខំភ្ជាប់បង្កើតទីផ្សារបន្ថែមទៀត កុំពឹងលើទីផ្សារតែមួយ បងប្អូនបើយើងពឹងលើទីផ្សារតែមួយយើងងាប់ ចឹងបានប្រទេសខ្លះគេចង់មើលងាយ គេថាយើងពឹងលើទីផ្សារគេ គេបិទសាក បិទងាប់ខ្លួនឯង ដោយសារកម្ពុជាបែបនេះ យើងមិនអួត» ។
បន្ថែមលើនេះ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការគិតគូររបស់រាជរដ្ឋាភិបាល មិនត្រឹមតែវិស័យកសិកម្ម ដែលជាលក្ខណៈដាំដុះតែដំណាំទេ ការធ្វើនេសាទ ការដាំជាលក្ខណៈយុទ្ធសាស្ត្រ ដូចជាដំណាំកៅស៊ូកែច្នៃផ្សេងៗ ដំណាំរួមផ្សំ ការចិញ្ចឹមសត្វក៏រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែរ ធ្វើយ៉ាងណា ធានានូវសន្តិសុខស្បៀងផ្ទៃក្នុងរបស់កម្ពុជា ។
ពិតណាស់ កម្ពុជាមិនបិទនៅក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសផ្សេងៗ រួមទាំងប្រទេសជិតខាងទាំងកសិកម្មនិងផ្សេងៗ ប៉ុន្តែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការធានាផ្ទៃក្នុងរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ