ទីក្រុងបាងកក៖ សេដ្ឋកិច្ចរបស់ថៃកាលពីខែឧសភាថយចុះបើប្រៀបធៀបនឹងខែមេសា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិថៃដែលចេញផ្សាយនៅល្ងាចថ្ងៃចន្ទ។ បញ្ហានេះបើយោងតាមធនាគារជាតិបណ្ដាលមកពីវិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង និងការថយចុះវិស័យផលិតកម្មនៅក្នុងរោងចក្រ។ នៅពេលនិយាយរំលឹកទៅដល់វិស័យទេសចរណ៍ថយចុះធ្វើឱ្យគេនឹកឃើញទៅដល់ការខ្លាចរអានៃក្រុមអ្នកទេសចរ ជាពិសេស អ្នកទេសចរចិន។
ប្រទេសថៃទើបតែស្ងប់ស្ងាត់មួយរយៈពេលខ្លីប៉ុណ្ណោះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ និងការចាប់ជំរិតមនុស្ស។ កាលពីប៉ុន្មានខែមុន ប្រទេសថៃជាប់ឈ្មោះល្បីអសោចបន្ទាប់ពីបាត់ខ្លួនតារាភាពយន្តម្នាក់។ ក្រោយមកត្រូវគេរកឃើញវិញនៅព្រំដែនថៃ និងមីយ៉ាន់ម៉ា។ ក្រោយមកទៀត បាត់ខ្លួននារីជនជាតិចិនមួយចំនួនទៀត។ ទោះបីក្រោយមករកឃើញវិញគ្រប់ចំនួន ប៉ុន្តែអ្នកដែលមានគម្រោងកក់សំបុត្រធ្វើដំណើរទៅថៃក៏ចាប់ផ្ដើមផ្លាស់ប្ដូរគម្រោងធ្វើដំណើររបស់ពួកគេវិញ។
វិស័យទេសចរណ៍របស់ថៃនៅក្នុងខែឧសភាថយចុះទាំងប្រាក់ចំណូល និងទាំងចំនួនអ្នកទេសចរអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍ធនាគារជាតិថៃ។ ជាពិសេស អ្នកទេសចរដែលស្នាក់នៅប្រទេសថៃរយៈពេលយូរថយចុះខ្លាំង។ ងាកទៅមើលវិស័យផលិតកម្មនៅតាមរោងចក្រវិញម្ដងក៏ថយចុះផងដែរនៅខែឧសភាធៀបនឹងខែមេសា។ បញ្ហានេះបើយោងតាមធនាគារជាតិថៃដោយសារមិនសូវមានតម្រូវការ និងម៉្យាងទៀតបិទរោងចក្រចម្រាញ់ប្រេងកាតដើម្បីជួសជុលឡើងវិញ។
វិស័យនាំចេញដែលជាផ្នែកដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ថៃហក់ឡើងខ្ពស់ដោយសារការនាំចេញគ្រឿងអេឡិចត្រូនិច និងតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ប្រទេសថៃមានឱនភាពគណនេយ្យចរន្ត០,៣ពាន់លានដុល្លារនៅក្នុងខែឧសភា។ វិស័យវិនិយោគពីក្រុមហ៊ុនឯកជនធ្លាក់ចុះ០,៦%នៅក្នុងខែឧសភាបើប្រៀបធៀបនឹងខែមេសា។ ប៉ុន្តែអត្រាលក់រាយបែរជាកើនឡើង០,២%ដោយសារអតិថិជននៅតែមានតម្រូវការខ្ពស់ផ្នែកទំនិញដែលប្រើប្រាស់បានយូរ៕
ចែករំលែកព័តមាននេះ