រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានលោតសម្លា.ប់ខ្លួនពីលើជាន់ទី៨ នៃអគារកម្ពស់៩ជាន់ ដែលកំពុងសាងសង់ បណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ប៉ុន្តែនៅពុំទាន់មានប្រភពណាមួយអះអាងឲ្យដឹងថា តើបុរសនេះ មានវិបត្តិអ្វី ទើបសម្រេចចិត្តលោតសម្លា.ប់ខ្លួនបែបនេះនៅឡើយទេ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ អគារខាងលើស្ថិតនៅក្នុងដីឡូត៌មួយ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងជាបឋមថា បុរសខាងលើ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយពុំដឹងថា គាត់រស់នៅឯណា និងមកពីទីណាឡើយ។ ដោយឡែកនៅមុនពេលកើតហេតុ បុរសនោះបានផ្លោះរបងចូលទៅក្នុងដីឡូត៍ រួចរត់ឡើងទៅលើអគារកំពុងសាងសង់នោះ បន្ទាប់មកក៏បានលោតទម្លាក់ខ្លួនពីលើជាន់ទី៨ នៃអគារ ធ្លាក់មកទើរលើរានហាលជាន់ទី១ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពុំមាននរណាម្នាក់បានដឹងថា បុរសនោះមានវិបត្តិអ្វីនោះទេ ទើបបានជាសម្រេចចិត្តធ្វើអត្តឃាតលោតសម្លាប់ខ្លួនបែបនេះ ។ ទោះបីបែបណាចំពោះព័ត៌មានខាងលើសមត្ថកិច្ចនៅមិនទាន់កំណត់ច្បាស់១០០%ថា បុរសនោះធ្វើអត្តឃាតនៅឡើយទេ ។ ដើម្បីឲ្យដឹងកាន់តែច្បាស់នោះ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ជើងឯក បានចុះទៅកាន់ទីនោះពិនិត្យមើលជាក់ស្ដែង រួចរាយការណ៍ទៅកាន់នគរបាលខណ្ឌដង្កោភ្លាមៗផងដែរ ។ បន្ទាប់មកនគរបាលចាក់សោទ្វាររបងការពារទីតាំងកើតហេតុ រង់ចាំកម្លាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ និងធ្វើការស្រាវជ្រាវបន្ថែមទៀត ៕




ចែករំលែកព័តមាននេះ