ប្រទេសថៃបានរកឃើញ ជំងឺពងបែកដៃ ជើង និងក្នុងមាត់ ផ្ទុះជាច្រើនម៉ឺនករណី រហូតដល់រដ្ឋាភិបាលថៃ បានចេញសេចក្តីណែនាំស្តីពីសុខភាពសាធារណៈ ព្រមានឪពុកម្តាយនានានៅក្នុងប្រទេសឱ្យប្រុងប្រយ័ត្ន ។

ខណ:កម្ពុជាយើងដូចជា មិនទាន់មានរបាយការណ៍អំពីជំងឺនេះនៅឡើយនោះ យើងក៏គួរតែចាប់ផ្តើមប្រយ័ត្នដែរ ដើម្បីកុំអោយមានបញ្ហាដល់សុខភាព ពិសេសបងប្អូនខ្មែរកំពុងធ្វើការនៅប្រទេសថៃ ។
តាមសារព័ត៌មាន the Nation បានឲ្យដឹងថា ជំងឺនេះគឺជាជំងឺឆ្លងដែលរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារតូចៗក្នុងរដូវវស្សា ដែលមានលក្ខខណ្ឌអាកាសធាតុត្រជាក់ និងសើម ហើយត្រូវបានក្រសួងសុខាភិបាលសាធារណៈថៃបានរកឃើញការកើនឡើងគួរឱ្យកត់សម្គាល់ ។
នៅពេលនេះ ក្រសួងសុខាភិបាល នៅក្នុងស្រុកនេះបានសង្កត់ធ្ងន់ និងលើកទឹកចិត្តឲ្យមាតាបិតាត្រូវតែធានានូវអនាម័យ និងការត្រួតពិនិត្យសុខភាពឱ្យបានត្រឹមត្រូវសម្រាប់កូនៗរបស់ពួកគេ ជាពិសេសកុមារ គឺងាយរងគ្រោះបំផុត ។ ជំងឺនេះ គឺជាប្រភេទជំងឺដែលអាចឆ្លង និងកើតលើមនុស្សគ្រប់វ័យគ្រាន់តែមនុស្សពេញវ័យ គឺរាងកម្របន្តិចក៏ដោយចុះ ។
ស្ថិតិបានឲ្យដឹងថា រវាងថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសថៃបានកត់ត្រាករណីជំងឺពងបែកដៃ ជើង និងក្នុងមាត់ផ្ទុះមានចំនួនដល់ទៅជាង២ម៉ឺនករណី នៅក្នុងនោះកុមារអាយុពី០ដល់៤ឆ្នាំ មានជិតជាង១ម៉ឺន៥ពាន់ករណី អាយុពី៥ទៅ៩ឆ្នាំ មាន៤ពាន់៦រយករណី និងពីអាយុ១០ទៅ១៤ ឆ្នាំ គឺមានជាង៥០០ ករណី ។
ជំងឺនេះបានកំពុងតែផ្ទុះឡើង គឺស្របពេលដែលកម្ពុជា និងថៃ បានកំពុងតែមានបញ្ហាតានតឹងនៅព្រំដែន ហើយរាជរដ្ឋាភិបាលបានអំពាវនាវឲ្យបងប្អូនកម្មករនិងកម្មការិនីដែលកំពុងតែធ្វើការនៅថៃវិលមកមាតុប្រទេសវិញ ៕
ចែករំលែកព័តមាននេះ