ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន ចុះ​អប់រំ​ពី​គ្រាប់បែក​ចង្កោម និង​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដល់​ជនភៀសសឹកខ្មែរ ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព

19 ម៉ោង មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១…

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដឹកនាំ​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​គ្រាប់បែក​ចង្កោម និង​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្តព្រះវិហារ​។ ការ​អប់រំ​ផ្សព្វផ្សាយ​នេះ មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី កាកបាទក្រហមកម្ពុជា ប្រតិបត្តិ​ករ​សកម្មភាព​មីន និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា វត្តមាន​របស់​ឯ​ឧត្តម គឺ​មិនមែន​ក្នុង​នាម​ត្រឹមតែ​ជា​មន្ត្រីរាជការ​នោះ​ទេ តែ​ក្នុង​នាម​ជា​បងប្អូន​ខ្មែរ​មួយ​រូប ដែល​មក​ចូលរួម​ឈឺចាប់ ផ្តល់​កម្លាំងចិត្ត និង​ក្តី​សង្ឃឹម​ដល់​បងប្អូន​ជនភៀសសឹក​ទាំងអស់ ។

ឯកឧត្តម​ បន្ត​ថា ភាព​ក្លាហាន​របស់​ពុក​ម៉ែ បងប្អូន​ជនភៀសសឹក ក្នុង​ការ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច ភាព​អត់ធ្មត់​ក្នុងអំឡុងពេល​ភៀសខ្លួន និង​ការ​រួបរួម​គ្នា​នៅ​ក្នុងអំឡុងពេល​ដ៏​ខ្មៅ​ងងឹត​នេះ បាន​ចាប់​យក​បេះដូង​របស់​ជាតិខ្មែរ​ទាំងមូល ហើយ​វត្តមាន​របស់​ឯកឧត្តម និង​សហការី គឺជា​ការ​ចូលរួម​ជាមួយ​បងប្អូន​ជនភៀសសឹក​ដោយ​ផ្ទាល់ ដើម្បី​ជា​ការ​រួមសុខ​រួមទុក្ខ ជាមួយ​គ្នា​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ លើក​ឡើង​ថា ទាំងអស់​គ្នា បានដឹង​អំពី​ការ​លំបាក​របស់​បងប្អូន​ជនភៀសសឹក ដែល​បាន​ចាកចោល​ផ្ទះសំបែង ភៀសខ្លួន​ចេញពី​គ្រាប់រំសេវ ដឹក​កូន ចៅ តា​យាយ​ចាស់ជរា និង​ទ្រព្យសម្បត្តិ​បន្តិចបន្តួច ដែល​អាចយ​កតាម​ខ្លួន​បាន ហើយ​នៅ​ពេល​ស្ថានភាព​បាន​ធូរស្រាល បងប្អូន​ជនភៀសសឹក​នឹង​អាច​ត្រលប់​ទៅ​ផ្ទះសំបែង​ខ្លួន​វិញ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា គ្រោះថ្នាក់​ដែល​បន្សល់​ទុក​ដោយ​សង្គ្រាម​នេះ គឺ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​ ។

ឯកឧត្តម​បណ្ឌិត​លើក​ឡើង​ផង​ដែរ​ថា ការ​អប់រំ​អំពី​ហានិភ័យ ​នៃ​អាវុធ​ជាតិ​ផ្ទុះ​ថ្ងៃនេះ គឺ​មិនមែន​ត្រឹមតែ​ជា​ការ​បង្រៀន​មេរៀន​នោះ​ទេ តែ​វា​គឺជា​ការ​ការពារ​អាយុជីវិត ជា​ការ​ផ្តល់​ចំណេះដឹង​ ដើម្បី​ការពារ​អាយុជីវិត​ពុក​ម៉ែ បងប្អូន និង​កូនចៅ​តូច​ៗ​របស់​យើង​។ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ពិតជា​គ្រោះថ្នាក់​ខ្លាំង ហើយ​នៅ​ពាសពេញ​ស្រែ​ចម្ការ ព្រៃ​ភ្នំ និង​តាម​ច្រាំង​ទន្លេ ប៉ុន្តែ​ប្រសិនបើ​ពុក​ម៉ែ បងប្អូន កូនក្មួយ ស្គាល់​គ្រាប់​ទាំងនេះ អាច​ចៀស​ចេញពី​វា ហើយ​ចេះ​រាយការណ៍​អំពី​វា នោះ​គ្រោះថ្នាក់​ទាំងនេះ នឹង​បាត់​រសាត់​អស់​ជា​មិន​ខាន ហើយ​អ្វី​ដែល​បងប្អូន​ជនភៀសសឹក បាន​រៀនសូត្រ និង​ស្វែង​យល់​នៅ​ថ្ងៃនេះ នឹង​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន ​។

ឯកឧត្តម បាន​ជម្រាប​ដល់​បងប្អូន​ជនភៀសសឹក​ ដែរ​ថា ទោះបី​បាត់បង់​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែ​មិន​ត្រូវ​បាត់បង​សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រស់នៅ​ដោយ​សន្តិភាព និង​សិទ្ធិ​វិល​ត្រលប់​ទៅ​កាន់​ផ្ទះសំបែង​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ​។ យើង​អាច​ចាប់ផ្តើម​ជីវិត​របស់​យើង​ជា​ថ្មី យើង​អាច​សាងសង់​ផ្ទះ​របស់​យើង​ឡើង​វិញ ប៉ុន្តែ​ដំបូង​បង្អស់ យើង​ត្រូវ​ចាប់ផ្តើម​យល់​ដឹង​អំពី​អាវុធ​ជាតិ​ផ្ទុះ​ទាំងនេះ ហើយ​សំខាន់​បំផុត គឺ​ចាប់ផ្តើម​ពី​ពុក​ម៉ែ បងប្អូន កូនក្មួយ​នៅ​ទី​នេះ​ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​ការ​នឹក​រំលឹក​ដល់​វីរ​កងទ័ព​ដ៏​មោះមុត ដែល​កំពុង​ឈរ​នៅ​សមរភូមិ​ជួរ​មុខ ស៊ូទ្រាំ​រង​ការ​វាយប្រហារ ដើម្បី​ការពារ​យើង​ទាំងអស់​គ្នា ការពារ​ទឹកដី​ជាទី​ស្រលាញ់​របស់​យើង ការពារ​ផ្ទះសំបែង​របស់​យើង និង​ការពារ​អនាគត​របស់​យើង​ទាំងអស់​គ្នា​។ វីរ​កងទ័ព​របស់​យើង​អាច​រងគ្រោះថ្នាក់ អាច​បាត់​បង់ជីវិត តែ​វីរ​កងទ័ព​របស់​យើង នៅ​តែ​រក្សា​បាន​មោទនភាព​ជាតិ កិត្តិយស និង​មិន​ចុះចាញ់​ជា​ដាច់ខាត​។

ឯកឧត្តម​ គូសបញ្ជាក់​ថា កម្លាំង​តស៊ូ និង​ការ​រួបរួម ដែល​យើង​ទាំងអស់​គ្នា​បានឃើញ​នេះ គឺ​កើត​ចេញពី​ទស្សនវិស័យ ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់​ចេញ នូវ​គោលនយោបាយ​សន្តិភាព បញ្ចប់​សង្គ្រាមស៊ីវិល​ជា​ច្រើន​ត​ស​វត្សរ៍ និង​បង្កើត​បាន​អនាគត​រុងរឿង​មួយ ជូន​ដល់​កម្ពុជា​យើង​។ ហើយសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​បន្ត​ថែរក្សា​កេរដំណែល​សន្តិភាព​នេះ និង​បន្ត​ដឹកនាំ​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្តី​មេត្តា និង​ធានា​មិន​បោះបង់​ប្រជាជន​ខ្មែរ​ណា​ម្នាក់​ចោល​ឡើយ​ ។

ឯកឧត្តម បាន​សង្កត់ធ្ងន់​ថា «​សន្តិភាព​មិនមែន​បាន​មក​ដោយ​ស្រួល​នោះ​ទេ សន្តិភាព​ត្រូវ​មានការ​ការពារ​ដោយ​ភាព​ក្លា​ន​ហាន និង​ប្រាជ្ញា​វាងវៃ ហើយ​កម្ពុជា​ពិតជា​មានភ័ព្វ​សំណាង ដែល​មាន​លក្ខណៈសម្បត្តិ​សំខាន់ ទាំង​ពីរ​នេះ​»​ ។

ឯកឧត្តម​ថ្លែង​បន្ថែម​ថា បទ​ឈប់​បាញ់​នេះ គឺជា​ក្តី​សង្ឃឹម​របស់​យើង​ទាំងអស់​គ្នា ហើយ​យើង​ត្រូវ​រក្សា​វា​ឱ្យ​បាន​ល្អ ហើយ​យើង​នឹង​កសាង​ឡើង​វិញ តែ​ត្រូវ​កសាង​ដោយ​យកចិត្តទុកដាក់ ប្រាជ្ញា​វាងវៃ និង​ក្តី​ស្រលាញ់​។ ឯកឧត្តម បាន​រំលឹក​ដក់​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ថា «​សន្តិភាព​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​» ហើយ​វត្តមាន​របស់​ឯកឧត្តម និង​ក្រុមការងារ​ទាំងអស់​នៅ​ថ្ងៃនេះ គឺជា​ចក្ខុវិស័យ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ធានា​ថា​បងប្អូន​ជនភៀសសឹក នឹង​ត្រលប់​ទៅ​រស់នៅ​ដោយ​សុខ​សន្តិភាព​ជា​ថ្មី​។

ឯកឧត្តម​បញ្ជាក់​ជា​ថ្មី​ថា ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​អាជ្ញាធរ មីន និង​រួម​ទាំង​ឯកឧត្តម​ផ្ទាល់ នឹង​មិន​បោះបង់​បងប្អូន​ជនភៀសសឹក​ចោល​នោះ​ទេ ហើយនឹង​បន្ត​នៅ​ជាមួយ​គ្នា ដើរ​ជាមួយ​គ្នា និង​បន្តការងារ​ជាមួយ​គ្នា រហូត​គ្រប់​ក្រុម​គ្រួសារ​ទទួល​បាន​សុវត្ថិភាព ផ្ទៃដី​ទាំងអស់​ត្រូវ​បាន​បោសសម្អាត ហើយ​កូនចៅ​របស់​យើង អាច​រត់​លេង​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​។

ជា​ចុង​ក្រោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី សម្តែង​នូវ​ក្តី​សង្ឃឹមថា ការ​វិល​ត្រលប់​ទៅ​កាន់​ផ្ទះសំបែង​របស់​បងប្អូន​ជនភៀសសឹក នឹង​ប្រកបដោយ​សុវត្ថិភាព និង​សូម​ឱ្យ​ចំណេះដឹង​ដែល​ទទួល​បាន​ថ្ងៃនេះ ការពារ​អាយុជីវិត​របស់​បងប្អូន និង​អាយុជីវិត​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ