ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ាង ស៊ីណេត ៖ ខេត្តព្រះសីហនុទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ

25 វិនាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូ​ទាំង​ប្រទេស…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូ​ទាំង​ប្រទេស ដោយឡែក​នៅ​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ការ​ចុះបញ្ជី​ដីធ្លី និង​ចេញ​បណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។

ការ​បញ្ជាក់​បែប​នេះ ក្នុង​ឱកាស​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ស្ថិត​នៅ​ភូមិ​១ ភូមិ​២ (​ប្រមូល​ទិន្នន័យ​លើក​ទី​២) និង​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ហើយ​ការ​ចែក​បណ្ណ​នា​ពេល​នេះ មាន​ចំណុច​សំខាន់​ៗ​ចំនួន​៤ ក្នុង​នោះ ១.​ទទួល​បាន​ផលប្រយោជន៍​ស្របច្បាប់ ២.​ធ្វើ​ឱ្យ​តម្លៃ​ដី​មាន​ភាពរឹងមាំ និង​មាន​ស្ថេ​រ​ភាព ៣.​ប្រតិបត្តិការ​ទិញ លក់ ជួល ឬ​បញ្ចាំ ៤.​បើ​មានការ​អភិវឌ្ឍ មានការ​ដុះ​ដូរ (​ទូទាត់​សំណង​)​។

ទន្ទឹម​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​រក្សា​បណ្ណ​កម្ម​សិទ្ធ​នេះ​ឱ្យ​បាន​ល្អ និង​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បុគ្គលិក យុវជន​ស្ម័គ្រចិត្ត នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដោយ​មិន​ខ្លាច​ភាព​នឿយហត់ និង​ថ្ងៃ​ឈប់​សម្រាក ប្រឹងប្រែង​ធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទាំង ១១១​ភូមិ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោ​ទក ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​មេ​ភូមិ ចៅសង្កាត់ អាជ្ញាធរ​ក្រុង និង​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ចូលរួម​សហការ ដើម្បី​មាន​ភាព​ងាយស្រួល និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព គ្មាន​បទល្មើស​អំពើ​លួច ឆក់ ប្លន់ គ្រឿងញៀន បង​តូច បងធំ ដោយ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ ។

ដូច្នេះ​ត្រូវ​រាយការណ៍​មក​កាន់​មេ​ភូមិ មេ​ប៉ុស្តិ៍​រដ្ឋបាល ក្នុង​ការ​ដាន​ដាន​ត្រួតពិនិត្យ ស៊ើបអង្កេត​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​បាន​ទាន់​ពេលវេលា ដើម្បី​មូលដ្ឋាន​របស់​យើង​មាន​សុខ​សន្តិភាព ទទួល​បាន​នូវ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ហើយ​គោលដៅ​របស់​សម្តេច​ទាំង​ពីរ ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា​ជីវភាព​រស់នៅ​ល្អ​ប្រសើរ ក្រោម​ម្លប់​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ