ខេត្តឧត្តរមានជ័យ ៖ សង្គ្រាមធ្ងន់ធ្ងររយៈពេល ៥ថ្ងៃ ដែលបង្កឡើងដោយទាហានសៀមឈ្លានពាន គឺជាសង្គ្រាមដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជុំវិញការបង្ហូរឈាមគ្នានេះ ។ កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ក្នុងសង្គ្រាមនេះ ដែលភាគីថៃតែងតែចិញ្ចឹមចិត្តរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ។
រឿងរ៉ាវរាប់មិនអស់ជុំវិញសង្គ្រាមនេះក៏មានការរំលេចចេញនូវវីរភាពដ៏អង់អាចរបស់កងទ័ពកម្ពុជា ដែលប្តូរផ្តាច់ប្រយុទ្ធលុះតំណក់ឈាមចុងក្រោយ ។
នៅក្នុងបណ្តាញសង្គមដែលមានការបង្ហោះនៅថ្ងៃទី៣០ កក្កដា ២០២៥ សុនខមួយក្បាល សម្បុរខ្មៅក៏បានក្លាយជាវីរៈកងទ័ពប្រយុទ្ធ និងការពារនៅជួរមុខ ។
សុនខមួយក្បាលនេះពិតជាគួរឱ្យស្រឡាញ់និងភាពវៃឆ្លាតរបស់វា ព្រោះបានការពារម្ចាស់ដែលកំពុងទប់ទល់ការឈ្លានពានព្រំដែនរបស់ទាហានសៀម ។
តាមយុទ្ធជន១រូបដែលជាម្ចាស់បានប្រាប់ថា សុនខរបស់គាត់នេះវាមិនទៅណាចោលគាត់ទេ ។ វាដឹងថា គាត់ប្រឈមមុខនឹងសត្រូវ ពិសេសនៅពេលយប់ គឺបានសុនខសំណប់ចិត្តជាអ្នកយាមជំនួស បើសិនជាមានការឆកល្វែង ឬងោក១ភាំង ។ កងទ័ពយើងថាសុនខនេះពូកែទាំងហិតក្លិន និងត្រចៀកវ៉ៃណាស់ បើឮសម្រឹបជើងទាហានសៀម វាព្រូសភ្លាម ។
កាលបើដឹងថាសុនខមួយក្បាលនេះក៏ជាអ្នករួមប្រយុទ្ធក្នុងសង្គ្រាមនោះដែរ អ្នកតាមដានព័ត៌មានបាននិយាយថា ឆ្កែនេះចេះដឹងគុណ ទឹកដី ចុះហេតុអីមនុស្សមួយចំនួនក្បត់ជាតិខ្លួនឯងមិនស្មើសុនខ១ក្បាលនេះទេ និងមិនចេះក្បត់ម្ចាស់ទេ ។
ដោយសារមានការស្រឡាញ់អ្នកខ្លះបាននិយាយថា សូមកុំហូបសាច់ឆ្កែ សត្វឆ្កែឆ្លាតអាចជួយយើងអោយរួចផុតពីគ្រោះអន្តរាយបាន ។
សុនខនេះ ក៏មានចំណែកជួយម្ចាស់ការពារទឹកដីដែរ ។
មានការកត់សម្គាល់ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថា «CMAC»បានបង្ហាញសកម្មភាពសុនខទាហានប្រើដើរត្បាតព្រំដែន និងការហ្វឹកហាត់ នៅប្រទេសវៀតណាម ។ ចំណែកនៅកម្ពុជា កងកម្លាំងដោះមីនCMAC បានប្រើឆ្កែចូលចម្ការមីន ដើម្បីរុករកគ្រាប់មិនទាន់ផ្ទុះ ។
ឯកឧត្តម ហេង រតនា នាយក CMACបានឲ្យដឹងថា សុនខ ឬឆ្កែ ត្រូវបានកងកម្លាំងប្រដាប់អាវុធនៅប្រទេសវៀតណាម បាននិងកំពុងពង្រឹងសមត្ថភាពយ៉ាងសកម្មក្នុងកងកម្លាំងយោធានិងប៉ូលិសរបស់ខ្លួន ជាពិសេសលើការងារសន្តិសុខតាមបណ្តោយព្រំដែន ។
លោកបានឲ្យដឹងថា ចំពោះអង្គភាពជាតិស៊ីម៉ាក់មានសមត្ថភាព និងបទពិសោធន៍ប្រើប្រាស់សុនខ ក្នុងសកម្មភាពរុករកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុខសុវត្ថិភាពប្រជាជនកម្ពុជា ។
នៅកម្ពុជា មានការទទួលទានសាច់ឆ្កែជាសាធារណៈ ប៉ុន្តែចុងក្រោយនេះ អាជ្ញាធរខេត្តមួយចំនួន ពិសេសខេត្តសៀមរាប បានហាមជាផ្លូវការមិនឱ្យមានការជួញដូរសត្វឆ្កែ ធ្វើម្ហូបអាហារនៅលើទឹកដីអង្គរនោះទេ ពីព្រោះអាចប៉ះពាល់ដល់វិស័យទេសចរណ៍ ពិសេសសីលធម៌ និងវប្បធម៌ សង្គមជាតិ ។
តាមការកត់សម្គាល់ពីសមត្ថភាពសុនខខាងលើនេះ យើងក៏មិនភ្លេចដែរនូវវីរភាពសុនខ «ខ្មៅ» ១ក្បាលដែលចូលរួមក្នុងសង្គ្រាមជាមួយសៀមឈ្លានពានឱ្យចេះការពារម្ចាស់នៅសមរភូមិមុខមិនទៅណាឡើយ ៕







ចែករំលែកព័តមាននេះ