អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាង១០០មុខ ផ្ដល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងវីរកងទ័ពជួរមុខទិសព្រះវិហារហើយ
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី…
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី…
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី តំណាងឲ្យលោក ឃួង សេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាង១០០មុខ របស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងវីរកងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារបូរណៈភាពទឹកដី ។
គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង ១០០មុខ ដែលលោក សុខ ពេញវុធ អភិបាលរងរាជធានី នាំយកមកប្រគល់ជូន នាថ្ងៃនេះ រួមមានជូនរដ្ឋបាលខេត្តព្រះវិហារ លោក ឃី សុខា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលបានជម្លៀស ចេញពីផ្ទះសម្បែងមករស់នៅកន្លែងសុវត្ថិភាព ។
ដោយឡែកចំពោះ វីរកងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារអធិបតេយ្យភាពជាតិខ្មែរ ពីការឈ្លានពានរបស់សត្រូវ រួមមាន ជូនបញ្ជាការដ្ឋានអង្គរក្ស តាមរយៈ លោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, ជូនកងពលតូចអន្តរាគមន៍លេខ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩, ជូនកងពលតូចអន្តរាគមន៍លេខ៨ តាមរយៈលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨, ព្រមទាំងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ ពេញវុធ ក្នុងនាមលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែង នូវសមាណចិត្តអាណិតអាសូរជាពន់ពេកចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចំការ រត់ភៀសខ្លួន គេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាពនាពេលនេះ។ ក្នុងនោះដែរ ចំពោះវីរកងទ័ពនៅជួរមុខ លោក សុខ ពេញវុធ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ជូនដល់វីរកងទ័ពយើងទាំងអស់ ព្រមទាំងបានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវីរកងទ័ព ដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ ។
អភិបាលរងរាជធានីភ្នំពេញ ក៏បានជូនពរដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ ។
លោក សុខ ពេញវុធ បានបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង ១០០មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្រគល់ជូនដល់បងប្អូនវីរកងទ័ពដ៏ក្លាហានរបស់កម្ពុជាយើង នៅទិសព្រះវិហារនាពេលនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជននានា និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ទោះបីតិចក្តីច្រើនក្តី បាននាំយកមកចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងក្រុម គ្រួសារ ប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ និងក្នុងស្មារតីខ្មែរជួយខ្មែរ ។
នៅក្នុងឱកាសនោះដែរ លោក ឃី សុខា អភិបាលរងខេត្តព្រះវិហារ តំណាងថ្នាក់ដឹកនាំខេត្ត និងតំណាងឱ្យវីរកងទ័ពនៅជួរមុខទិសព្រះវិហារទាំងអស់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងបានចាត់តំណាងនាំយកអំណោយពីរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និងជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ដែលនេះបញ្ជាក់ឲ្យឃើញថា សមរភូមិក្រោយ និងសមរភូមិមុខ គឺរួមចិត្តតែមួយ ហើយបងប្អូនវីរកងទ័ពទាំងអស់ ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត ៕
ចែករំលែកព័តមាននេះ