ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ មមាញឹក​ដឹក​ជញ្ជូន​អំណោយ​របស់​សប្បុរសជន ទៅ​ដល់​វីរ​កងទ័ព​តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ និង​ជនភៀសសឹក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​បញ្ជាក់​ថា ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ញ៉ាប់​ដៃ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​បញ្ជាក់​ថា ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ញ៉ាប់​ដៃ ញ៉ាប់​ជើង ក្នុង​ការ​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ដែល​ទទួល​បាន​ពី​សប្បុរសជន​នៅ​ភ្នំពេញ ប្រ​ញ៉ាប់​ដឹក​ទៅ​ជូន​ដល់​វីរ​កងទ័ព តាម​បន្ទាត់​ព្រំដែន​ជួរ​មុខ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​ជម្លៀស​ចេញពីផ្ទះ​សម្បែង មក​ទីកន្លែង​សុវត្ថិភាព នៅ​ខេត្ត​ឧត្ដ​មាន​ជ័យ និង​ខេត្តព្រះវិហារ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រុមការងារ​ត្រូវ​រៀបចំ​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់​ផ្សេង​ៗ​ឱ្យ​បាន​លឿន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន ពោល​គឺ​គ្រឿង​ឧបភោគ បរិភោគ ណា​ដែល​ឆាប់​ខូច ត្រូវ​រៀបចំ និង​ដឹក​បញ្ជូន​ទៅ​មុន​។ ចំពោះ​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ទាំងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ជា​ចំណែក​ស្មើ​ៗ​គ្នា ក្នុង​ការ​ផ្តល់​ជូន​ទៅ​បញ្ជា​អង្គរក្ស វីរ​កងទ័ព​ជួរ​មុខ វីរ​នគរបាល​ជើងការ​ពារ​ព្រំដែន ទាំង​នៅ​ព្រំដែន​ខេត្ត​ឧត្ដ​មាន​ជ័យ និង​ខេត្តព្រះវិហារ ។

ក្រុមការងារ​បាន​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​រៀបចំ​ឡើង​រថយន្ត​ជា​បន្តបន្ទាប់ ទាំង​រថយន្ត​កុង​ទ័​រ​ណឺ និង​រថយន្ត​ដឹក​សម្ភារៈ​ជា​ច្រើន​តោន​ជាដើម ពេល​រៀបចំ​ពេញ ចេញដំណើរ​ភ្លាម​ៗ ។

លោក ហុ​ក ហួ​លី​ម នាយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា​ដដែល​នេះ​ថា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់​ផ្សេង​ៗ ដែល​ទទួល​បាន​ពី​សប្បុរសជន​នៅ​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​ដឹក​ជញ្ជូន​ភ្លាម​ៗ ទៅ​កាន់​ព្រំដែន ដោយ​ក្នុង​រយៈពេល ៣​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹក​ជញ្ជូន​ទៅ​ចែក​ជូន ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន ដោយ​ជម្លោះ​ប្រដាប់​អាវុធ​នេះ បាន​ចំនួន​៦​លើក​រួច​ហើយ​។ ការ​បញ្ជូន​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ទាំង​៦​លើក​នេះ ដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន​, លោក អ៊ឹម រ៉​ន​ហា​ស្សាន់ និង​លោក​សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា​‎ គិត​ត្រឹម​ម៉ោង​១៨:០៥​នាទី ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពី​សប្បុរសជន​នានា បាន​កើនឡើង​ដល់​ជាង ១.១២០.៥១៣.៥៧៩​រៀល និង​ជាង ៣៤៦.៧១៦,០០​ដុល្លារ​អា​មេ​រិ​ក និង​សម្ភារ​គ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត​។ សូម​គោរព ថ្លែងអំណរគុណ នូវ​ទឹកចិត្ត​សប្បុរសធម៌​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ ។

លោកស្រី​សូម​ឱ្យ​សប្បុរសជន បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ក្រុមការងារ នៅ​ចាំ​ទទួល​សម្ភារៈ និង​ថវិកា​តាម​រយៈ QR Code នៅ​សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ