ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសការងារប្រមាណ ១ ០០០កន្លែងទៀតត្រូវបានក្រសួងការងារនាំយកទៅដល់មូលដ្ឋាន នៅក្នុងខេត្តបន្ទាយមានជ័យ

4 ម៉ោង មុន

​ខេត្តបន្ទាយ​មាន​ជ័យ​ ៖ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៤ បាន​ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ភ្លាម​ៗ​ដោយ​ផ្ទាល់ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

​ខេត្តបន្ទាយ​មាន​ជ័យ​ ៖ រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៤ បាន​ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ភ្លាម​ៗ​ដោយ​ផ្ទាល់ នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​បរិវេណ​សាលាស្រុក​អូរ​ជ្រៅ ក្នុង​ខេត្តបន្ទាយមានជ័យ ​។

តម្រូវការ​ការងារ​ចំនួន​ប្រមាណ​១ ០០០​កន្លែង ត្រូវ​បាន​នាំ​យក​មក​បង្ហាញ​ជូន​ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ តាម​រយៈ​វេទិកា​ការងារ​ដែល​រៀបចំ​ឡើង​រៀង​រាល់​ស​ប្តា​ហ៍​នៅ​តាម​មូលដ្ឋាន​ស្រុក ខេត្ត​គោលដៅ​នានា ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​» ​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​នេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រមូលផ្តុំ​ព័ត៌មាន​ការងារ​ដ៏​សម្បូណ៌​បែប​សម្រាប់​បងប្អូន និង​កំពុង​តែ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ដល់​មូលដ្ឋាន ជា​ពិសេស​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​។ ជាក់ស្តែង​នៅ​ថ្ងៃនេះ មាន​រោងចក្រ និង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៤​បាន​មក​ផ្តល់​ឱកាស​ការងារ​ប្រមាណ ១០០០​កន្លែង ដែល​បងប្អូន​អាច​ចុះ​ឈ្មោះ និង​សម្ភាស​ទទួល​បានការ​ងារ​ភ្លាម​ៗ ជា​ពិសេស​អតីត​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ និង​យុវជន​រក​ការងារ​ ។

ឯកឧត្តម រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា ការ​នាំ​យក​ការងារ​មក​ដល់​មូលដ្ឋាន​នា​ពេល​នេះ គឺ​ជួយ​កាត់​បន្ថយ​ទាំង​ពេលវេលា និង​ថវិកា​សម្រាប់​បងប្អូន ដែល​ខុស​ប្លែក​ពី​ពេល​មុន ដែល​បងប្អូន​ត្រូវធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម ក៏​បាន​ធ្វើការ​ប្រៀបធៀប​យ៉ាង​ច្បាស់លាស់​ពី​អត្ថប្រយោជន៍​នៃ​ការងារ​នៅ​ក្នុងស្រុក និង​ការងារ​នៅ​ប្រទេស​ថៃ ដោយ​បាន​សង្កត់ធ្ងន់​ថា ការងារ​ក្នុងស្រុក​មិន​ត្រឹមតែ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​ជាមួយនឹង​លក្ខខណ្ឌ​ការងារ​ល្អ អាច​រស់នៅ​ជួបជុំ​គ្រួសារ មើលថែ​ទាំ​កូន ឪពុក​ម្ដាយ និង​ជៀស​ផុត​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ប៉ុក ប៉ាន់ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន ជា​ពិសេស​យុវជន​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ឱ្យ​ចាប់​យក​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស (TVET 1.5M) ដែល​ជា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ធានា​បាន​នូវ​ជីវភាព​សមរម្យ​សម្រាប់​ពលរដ្ឋ​គ្រប់​កាលៈទេសៈ ក៏​ដូច​ជា សម្រេច​គោលដៅ “​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​”​ ។

សូម​បញ្ជាក់​ថា ឱកាស​ការងារ​ប្រមាណ ១ ០០០​កន្លែង​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ឱកាស​ការងារ​ជាង ៨៣ ០០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ ៕ អត្ថបទសហការ