ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពមិនរាងចាល ហ៊ានជួលរថយន្តរបស់ជនរងគ្រោះ យកទៅជិះ បែរជាក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ទីបំផុតត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២ រួចបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការបន្ត។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ នៅក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នេះថា ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួលឱ្យជនសង្ស័យនោះបែរជាឃើញលក់ទៅឱ្យបុគ្គលផ្សេង ទៅវិញ។
ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងការិយា ល័យជំនាញ នៃកងអាវុធហត្ថខេត្ត សៀមរាប បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឹម សាលួត ភេទប្រុស រស់នៅក្នុងក្រុងសៀមរាបរួចនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4032 និង ឯកសារក្លែងមួយចំនួនទៀត។
ប្រភពបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបានសួរនាំ រួចជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចឱ្យដឹងថា ខ្លួននិងបក្ខ ពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន និងធ្លាប់ត្រូវបាន អាវុធហត្ថខេត្តសៀមរាប ធ្លាប់បង្ក្រាបបានម្ដងរួចមកហើយនេះ ជាលើកទី២ ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ រីឯបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវ ជ្រាវបន្ត ស្វែងរកចាប់ខ្លួន៕



ចែករំលែកព័តមាននេះ