ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ អំពាវនាវ​ឱ្យ​ប្រទេស​នានា រួម​ទាំង​ចិន​ផង​នោះ បញ្ជូន​នាវាចម្បាំង​ទៅ​បើក​ច្រក​សមុទ្រ​ហ័​រមូស

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៤ ខែមីនា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​អំពាវនាវ​ប្រទេស​នានា រួម​ទាំង ចិន បារាំង ជប៉ុន កូរ៉េ​ខាងត្បូង អង់គ្លេស ផង​នោះ ឱ្យ​បញ្ជូន​នាវាចម្បាំង​ជួយ​ទៅ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដើម្បី​ធានា​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​ចេញពី​តំបន់​មជ្ឈិមបូព៌ា ខណៈ​កងកម្លាំង​អ៊ី​រ៉​ង់​បន្ត​យុទ្ធនាការ​សងសឹក​របស់​ពួក​គេ​ផ្តោត​ខ្លាំង​លើ​ច្រក​នេះ ចំ​ពេល​មានការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​។

លោក​ប្រធានាធិបតី ត្រាំ បាន​សរសេរ​ក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Truth Social ថា «​បណ្តា​ប្រទេស​នៃ​ពិភពលោក ដែល​ទទួល​ប្រេង​តាម​រយៈ​ច្រក​ហ័​រ​មូស ត្រូវ​តែ​ថែរក្សា​ការពារ​ច្រក​នោះ ហើយ​យើង​នឹង​ជួយ​។ សហរដ្ឋអាមេរិក​ក៏​នឹង​សម្របសម្រួល​ជាមួយ​ប្រទេស​ទាំងនោះ​ផង​ដែរ ដើម្បី​ឱ្យ​អ្វី​ៗ​ដំណើរការ​លឿន រលូន និង​ល្អ​»​។

នៅ​ក្នុង​ការ​ប្រកាស​មុន​នេះ​បន្តិច កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) លោក ត្រាំ បាន​ព្យាករណ៍​ថា ប្រទេស​ជា​ច្រើន ជា​ពិសេស​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ុនប៉ង​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​របស់​អ៊ី​រ៉​ង់ នឹង​ត្រូវ​បញ្ជូន​នាវាចម្បាំង រួម​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​រក្សា​ច្រក​សមុទ្រ​បើកចំហ និង​មាន​សុវត្ថិភាព​។ លោក​បាន​សរសេរ​ថា លោក​សង្ឃឹមថា ប្រទេស​ចិន បារាំង ជប៉ុន កូរ៉េ​ខាងត្បូង អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត នឹង​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​តំបន់​នោះ​។ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​នឹង​ទម្លាក់​គ្រាប់បែក​ចេញពី​ច្រាំង​សមុទ្រ ហើយ​បន្ត​បាញ់​ទូក និង​នាវា​អ៊ី​រ៉​ង់​ចេញពី​ផ្ទៃ​ទឹក​។

សេត​វិមាន​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​ថា តើ​ប្រទេស​ណាខ្លះ​បាន​យល់ព្រម​ក្នុង​ការ​បញ្ជូន​នាវា​ទៅ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​នៅឡើយ​នោះ​ទេ​។

សូម​ជម្រាប​ថា ប្រហែល​១​ភាគ​៥​នៃ​ប្រេង​ពិភពលោក និង​ឧស្ម័ន​ធម្មជាតិ​រាវ ជា​ធម្មតា​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ជា​ច្រក​តូច​ចង្អៀត​នៃ​ដែនទឹក​រវាង​ប្រទេស​អ៊ី​រ៉​ង់ និង​ប្រទេស​អូ​ម៉​ង់​។ សមត្ថភាព​របស់​កងកម្លាំង​អ៊ី​រ៉​ង់​ក្នុង​ការ​បញ្ឈប់​ការ​ដឹក​ជញ្ជូន​តាម​រយៈ​ផ្លូវទឹក​ដ៏​សំខាន់​នេះ អាច​ផ្តល់​ផល់​ប៉ះពាល់​ដ៏​ធំ​សម្បើម​ទាំង​លើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​ដែរ​៕ ប្រភព ៖ Reuters និង BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ