ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​នាំ​យក​ឱកាស​ការងារ​ជិត ៣​ពាន់ កន្លែង ផ្សព្វផ្សាយ​ដល់​អតីត​ពលករ និង​ប្រជាពលរដ្ឋ ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង

5 ម៉ោង មុន

ខេត្តបាត់ដំបង​ ៖ វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​តែ​បន្តសកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ឱកាស​ឱកាស​ការងារ​ដល់ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ។ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤…

ខេត្តបាត់ដំបង​ ៖ វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​តែ​បន្តសកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ឱកាស​ឱកាស​ការងារ​ដល់ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ។ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នេះ វេទិកា​ការងារ​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​កូនភ្នំ​៣២ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដើម្បី​នាំ​យក​ឱកាស​ការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​អតីត​ពលករ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៨០០ នាក់ ព្រមទាំង​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា វេទិកា​ការងារ​នេះ​គឺជា​ពាំនាំ​នូវ​ឱកាស​ជួប​គ្នា​រវាង​ក្រុមហ៊ុន និង​អតីត​ពលករ ដោយ​ក្នុង​នោះ​មាន​តំណាង​រោងចក្រ និង​សមាគម និង​ទីភ្នាក់ងារ​ប​ញ្ចូ​ន​ពលករ​សរុប​ចំនួន ០៧ បាន​ចុះ​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​សរុប​ចំនួន ២ ៧៥០ កន្លែង ក្នុង​ចំណោម​ឱកាស​ការងារ​ទូ​ទាំង​ប្រទេស​សរុប​ជាង ០៨ ម៉ឺន កន្លែង​។ ក្រៅពី​ឱកាស​ការងារ​ក្នុងស្រុក យុវជន និង​ប្រជាពលរដ្ឋ​ក៏​មាន​ជម្រើស​ចុះ​ឈ្មោះ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ​។

ឯកឧត្តម រដ្ឋលេខាធិការ បាន​លើក​ឡើង​ពី​គុណសម្បត្តិ​នៃ​ការ​ធ្វើការ​ក្នុងស្រុក តាម​រយៈ​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ នៅ​ជួបជុំ​ក្រុម​គ្រួសារ ជា​ពិសេស​អត្ថប្រយោជន៍​ទទួល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ ។

មុន​នឹង​បញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏​បាន​លើកទឹកចិត្ត​ចិត្ត​ដល់​យុវជន និង​អតីត​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​កម្មវិធី​ថ្នាក់​ជាតិ ​សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ១,៥​លាន​នាក់ (TVET 1.5M) ដើម្បី​អភិវឌ្ឍ​ជំនាញ​អោយ​កាន់តែ​ប្រសើរ និង​ប្រើប្រាស់​យន្តការ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ឱកាស​ការងារ និង​ចុះ​ឈ្មោះ​ស្វែងរក​ការងារ និង​ទាក់ទង​លេខ​ទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បី​ទទួល​បានការ​ពិគ្រោះ​យោបល់ និង​ព័ត៌មាន​ច្បាស់​ការណ៍​ ៕ អត្ថបទសហការ