ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ថា ឥណ្ឌា​ដែល​ជា​មិត្ត​ដ៏​ល្អ អាច​ប្រឈម​មុខ​នឹង​ពន្ធ​រហូត​ដល់​២៥%

22 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក…

សហរដ្ឋអាមេរិក ៖ ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ថា ប្រទេស​ឥណ្ឌា​អាច​ប្រឈម​នឹង​ពន្ធ​ខ្ពស់​រហូត​ដល់ ២៥% បើ​បរាជ័យ​ក្នុង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ស​ប្តា​ហ៍​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៧​រូប​នេះ បាន​ឆ្លើយ​ទៅ​កាន់​បណ្តា​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ដូច្នេះ​ថា «​បាទ​! ខ្ញុំ​គិត​ដូច្នេះ​» នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​ឥណ្ឌា​នឹង​ប្រឈម​មុខការ​យកពន្ធ​ខ្ពស់​ដែរ​ឬទេ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង?

រដ្ឋាភិបាល​លោក ត្រាំ បាន​យក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ដើម្បី​​អនុវត្ត​ពន្ធគយ​ថ្មី​លើ​ប្រទេស​ឥណ្ឌា ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​។ មន្ត្រី​ពី​ឥណ្ឌា និង​អា​មេ​រិ​កបាន​នឹង​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​មិន​ទាន់​សម្រេច​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ​ទេ​។ នៅ​ពេល​សួរ​អំពី​អ្វី​ដែល​លោក ត្រាំ រំពឹង​ទុក​ពី​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​ជាមួយ​ឥណ្ឌា​នោះ លោក​បាន​និយាយ​ថា «​យើង​នឹង​ឃើញ​។ ឥណ្ឌា​គឺជា​មិត្ត​ដ៏​ល្អ ប៉ុន្តែ​ឥណ្ឌា​បាន​គិត​ពន្ធ​ជា​មូលដ្ឋាន​ច្រើន​ជាង​លើ​ប្រទេស​ស្ទើរតែ​ទាំងអស់​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ​ហើយ​អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​»​។

ពន្ធគយ គឺជា​ពន្ធ​ដែល​គិត​លើ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ៗ លោក ត្រាំ បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការ​យកពន្ធ​ខ្ពស់​របស់​ឥណ្ឌា ដោយ​ហៅ​ឥណ្ឌា​ថា «​ស្តេច​ពន្ធ​» និង​ជា​អ្នក​បំពាន​ដ៏​ធំ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​មិន​ទាន់​បាន​ផ្ញើ​លិខិត​កំណត់​ពន្ធ​ថ្មី​ផ្លូវការ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា កាល​ខែមេសា ឆ្នាំ​២០២៥ លោក ត្រាំ បាន​ប្រកាស​ពន្ធ​រហូត​ដល់ ២៧% លើ​ទំនិញ​ឥណ្ឌា ដែល​ក្រោយមក​ត្រូវ​បាន​ផ្អាក​។ ចាប់តាំងពី​ពេល​នោះ​មក ភាគី​ទាំង​សងខាង​បាន​ចាប់ផ្តើម​ការ​ចរចារ​កិច្ចព្រមព្រៀង​។ ដ្បិត​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ អា​មេ​រិ​កបាន​ជំរុញ​ឱ្យ​មានការ​ជ្រៀត​ផលិតផល​របស់​ខ្លួន​ទៅ​ក្នុង​វិស័យ​កសិកម្ម​ឥណ្ឌា ដោយ​មើលឃើញ​ថា ឥណ្ឌា​ជាទី​ផ្សារ​ដ៏​សំខាន់​។ ប៉ុន្តែ​ឥណ្ឌា​បានការ​ពារ​យ៉ាង​ខ្លាំងក្លា ដោយ​លើក​ឡើង​ពី​សន្តិសុខ​ស្បៀង ជីវភាព​រស់នៅ និង​ផលប្រយោជន៍​របស់​កសិករ​ខ្នាត​តូច​រាប់​លាន​នាក់​របស់​ខ្លួន​។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា លោក Piyush Goyal បាន​ប្រាប់​ទូរទស្សន៍​អា​មេ​រិ​ក CNBC ថា វិស័យ​កសិកម្ម​មាន​ភាព​រសើប​ខ្លាំង​សម្រាប់​ប្រទេស​ឥណ្ឌា ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ផលប្រយោជន៍​របស់​កសិករ​ត្រូវ​បានការ​ពារ​យ៉ាង​ល្អ​។ លោក​ក៏​បាន​បន្ថែម​ថា ឥណ្ឌា​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​ក​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

សហរដ្ឋអាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា ជាមួយ​ពាណិជ្ជកម្ម​ទ្វេភាគី​ឈាន​ដល់ ១៩០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤​។ លោក ត្រាំ និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) បាន​កំណត់​គោលដៅ​ពាណិជ្ជកម្ម​ឱ្យ​លើស​ពី​ទ្វេ​ដង​នៃ​តួលេខ​នេះ ពោល​រហូត​ដល់ ៥០០​ពាន់​លាន​ដុល្លារ​។ ជាក់ស្តែង ប្រទេស​ឥណ្ឌា​បាន​បន្ថយ​អត្រាពន្ធ​លើ​ទំនិញ​ជា​ច្រើន​មុខ​រួច​មក​ហើយ រួម​ទាំង​ស្រា​វី​ស្គី Bourbon និង​ទោចក្រយានយន្ត​ម៉ូតូ​ផង​ដែរ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៤៥​ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ឥណ្ឌា ដែល​លោក ត្រាំ ចង់​កាត់​បន្ថយ​៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ