ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងយុគសម័យដែលភាពជោគជ័យត្រូវបានបង្អួតគ្នារាល់ថ្ងៃលើបណ្ដាញសង្គម មនុស្សជាច្រើនបានឆ្លង “មេរោគផ្នត់គំនិត” ដោយមិនដឹងខ្លួន។ មេរោគនេះធ្វើឱ្យអ្នកជឿថាខ្លួនឯងមិនពូកែ មិនល្អគ្រាន់ ឬខ្លាចអ្នកដទៃដឹងថាខ្លួនឯងខ្សោយ។ ប្រសិនបើទុកឱ្យវាស៊ីរូងផ្ទៃក្នុងយូរទៅ វានឹងបំផ្លាញទាំងក្ដីសុខ និងផលិតភាពការងាររបស់អ្នក។
ដើម្បីកម្ចាត់មេរោគនេះ និងស្រោចស្រង់ទំនុកចិត្តមកវិញ អ្នកត្រូវអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្តូរផ្នត់គំនិតដូចខាងក្រោម៖
ដំបូងបង្អស់ ត្រូវដឹងថាការខ្វះទំនុកចិត្តក្នុងពេលខ្លះគឺជា “រឿងធម្មតា”។ សូម្បីតែបុគ្គលជោគជ័យបំផុត ក៏ធ្លាប់មានអារម្មណ៍សង្ស័យលើសមត្ថភាពខ្លួនឯងដែរ។ វាគ្រាន់តែជាសញ្ញាបង្ហាញថា អ្នកកំពុងឈានចេញពីតំបន់សុខស្រួល ទៅរកអ្វីដែលថ្មី និងអស្ចារ្យជាងមុនប៉ុណ្ណោះ។ បន្ទាប់មក ត្រូវ “កត់ត្រាជ័យជម្នះតូចៗ” របស់អ្នកជារៀងរាល់ថ្ងៃ។ កុំចាំទាល់តែសម្រេចការងារធំទើបសប្បាយចិត្ត ទោះជាការទទួលបានពាក្យសរសើរតូចមួយ ឬការដោះស្រាយបញ្ហាតូចតាចបានសម្រេច ក៏ជាភស្តុតាងដែលបញ្ជាក់ថាអ្នកពិតជាមានសមត្ថភាព។
ចំណុចដ៏សំខាន់បំផុតគឺ “ឈប់យកជីវិតពិត ទៅប្រៀបនឹងរូបភាពកាត់ត”។ លើបណ្ដាញសង្គម គេបង្ហាញតែចំណុចល្អឥតខ្ចោះដែលគេចង់ឱ្យអ្នកឃើញប៉ុណ្ណោះ ខណៈដែលអ្នកឃើញទាំងចំណុចខ្សោយ និងភាពបរាជ័យរបស់ខ្លួនឯង។ ការប្រៀបធៀបបែបនេះគឺមិនយុត្តិធម៌សម្រាប់ខ្លួនឯងទាល់តែសោះ។ ផ្ទុយទៅវិញ ចូរ “ផ្លាស់ប្តូររបៀបនិយាយជាមួយខ្លួនឯង”។ ប្រសិនបើអ្នកធ្លាប់ប្រើពាក្យថា “ខ្ញុំធ្វើមិនបានទេ” ចូរដូរមកជា “ខ្ញុំកំពុងរៀនធ្វើវា” វិញ។ ត្រូវចាំថា សំឡេងដែលឮជាងគេ គឺសំឡេងដែលអ្នកប្រាប់ខ្លួនឯងក្នុងចិត្ត។
ជាចុងក្រោយ ការស្វែងរក “កន្លែងសុវត្ថិភាពដើម្បីចែករំលែក” មិនថាមិត្តភក្តិដែលទុកចិត្ត ឬអ្នកប្រឹក្សាយោបល់ នឹងជួយឱ្យអ្នកមើលឃើញរូបភាពធំ និងដឹងថាអ្នកដទៃក៏មានអារម្មណ៍ដូចអ្នកដែរ។
ការកសាងទំនុកចិត្តមិនមែនជារឿងដែលអាចធ្វើបានត្រឹមមួយយប់ឡើយ ប៉ុន្តែការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យអ្នកក្លាយជាបុគ្គលដែលពោរពេញដោយសមត្ថភាព និងមោទនភាពបំផុត៕
ចែករំលែកព័តមាននេះ