ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ករណី​មន្ត្រី​ចុះ​ណែនាំ​ការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ នៅ​ខណ្ឌដង្កោ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ក​ប៊ុ​ក​ឈ្មោះ Kim Lay បាន​ចុះ​ផ្សាយ​ដែល​មាន​ខ្លឹមសារ​ថា «​តើ​សាលាក្រុង​ជា​អ្នក​ចាត់ចែង​ឲ្យ​មន្ត្រី​ដើរ​លក់​បំពង់​អគ្គិភ័យ​ហើយ​គាត់​ថាបើ​ផ្ទះ​ណា​គ្មាន​បំពង់​អគ្គិភ័យ ត្រូវ​តាម​ស្តង់ដារ​ទេ គឺ​ត្រូវ​រង​ការ​ផាកពិន័យ​ហើយ​មន្ត្រី​ចុះ​មក​ដូរ​មុខ​ផ្សេង​គ្នា​រហូត​»…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ក​ប៊ុ​ក​ឈ្មោះ Kim Lay បាន​ចុះ​ផ្សាយ​ដែល​មាន​ខ្លឹមសារ​ថា «​តើ​សាលាក្រុង​ជា​អ្នក​ចាត់ចែង​ឲ្យ​មន្ត្រី​ដើរ​លក់​បំពង់​អគ្គិភ័យ​ហើយ​គាត់​ថាបើ​ផ្ទះ​ណា​គ្មាន​បំពង់​អគ្គិភ័យ ត្រូវ​តាម​ស្តង់ដារ​ទេ គឺ​ត្រូវ​រង​ការ​ផាកពិន័យ​ហើយ​មន្ត្រី​ចុះ​មក​ដូរ​មុខ​ផ្សេង​គ្នា​រហូត​» និង​បាន​ភ្ជាប់​ជាមួយ​រូបភាព​វី​ដេ​អូ​យក​ពី​កាមេរ៉ា​សុវត្ថិភាព មក​បង្ហោះ ខណៈ​ដែល​មាន​មន្ត្រី​ចុះ​គោះ​ទ្វាររបង​ផ្ទះ​ស្ត្រី​ម្ចាស់​គណនី​ឈ្មោះ Kim lay ។

បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​ផ្សព្វផ្សាយ​ដូច​ខ្លឹមសារ​ខាងលើ​នោះ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​លោកនាយ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ករណី​ខាងលើ​នេះ ។

នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:០០ នាទី​ព្រឹក មាន​កម្លាំង​ជំនាញ​ចំនួន ០៤​នាក់​បាន ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីតាំង​បុរី សំបួរមាស ស្ថិត​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​ចូលរួម​បង្ការ​ទប់ស្កាត់​បញ្ហា​អគ្គិភ័យ នា​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ជា​ការ​ចុះ​អនុវត្ត​តាម​គោលការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ខណៈ​ដែល​មន្ត្រី​បាន​ឈប់​ឈរ​ខាង​មុខ​ផ្ទះ របស់​ស្ត្រី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim Lay ហើយ​បាន​គោះ​ទ្វារ​បង​ផ្ទះ​ដើម្បី​ហៅ​ម្ចាស់ផ្ទះ​ធ្វើការ​ណែនាំ​អំពី​វិធី​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ និង​ការ​រត់​ជម្លៀស​ខ្លួន​ពេល​មាន​អាសន្ន​កើតឡើង ប៉ុន្តែ​មិន​បាន​ជួប​ម្ចាស់ផ្ទះ​នោះ​ទេ ដោយ​គ្មាន​អ្នក​នៅផ្ទះ​។ បន្ទាប់​មក​មន្ត្រី​ក៏​បន្ត​ទៅ​ផ្សព្វផ្សាយ​អប់រំ​ម្ចាស់ផ្ទះ​ផ្សេង​ទៀត​។​លុះ​ក្រោយមក​ស្រាប់តែ​ម្ចាស់ផ្ទះ​ខាងលើ​បែរជា​យក​រូបភាព​មន្ត្រី​ចុះ​បំពេញការងារ យក​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ដោយ​បាន​សរសេរ​ខ្លឹមសារ​ដូច​រៀបរាប់​ខាងលើ ចោទ​ប្រកាន់​មក​លើ​សមត្ថកិច្ច​ជំនាញ គ្មាន​មូលដ្ឋាន​និង​គ្មាន​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​សាធារណជន អ្នកលេង​បណ្តាញ​សង្គម​យល់​ច្រឡំ បញ្ចេញមតិ​រិះគន់ មក​លើ​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim lay ដែល​ង្ក​ឲ្យ​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ របស់​សមត្ថកិច្ច​ជំនាញ​ចុះ​បំពេញភារកិច្ច​។

នៅ​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ ពី​ម្ចាស់​គណនី​ឈ្មោះ Kim Lay ប៉ុន្តែ​ម្ចាស់​ទូរស័ព្ទ​មិន​លើក​ទទួល ។ ​បន្ទាប់​មក​មន្ត្រី​ក៏​បាន​សួរនាំ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ទូរស័ព្ទ​របស់​ស្ត្រី​ម្ចាស់​គណនី​ឈ្មោះ Kim Lay ហើយ​គាត់​ក៏​បាន​ឆ្លើយ​តប​ប្រាប់​ថា​ខ្លួន​គាត់​ពិតជា​មិន​បាន​ជួប​សួរនាំ​ជាមួយនឹង​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ​ដែល​បាន​ចុះ​មក​នោះ​ទេ ហើយ​ក៏​មិន​បាន​ប៉ះពាល់​ផលប្រយោជន៍​គាត់​អ្វី​ដែរ វី​ដេ​អូ​ដែល​គាត់​បង្ហោះ​នោះ គ្រាន់តែ​ជា​វី​ដេ​អូ​ច​ម្ង​ល់​ចង់​សួរ​ទៅ​មហាជន​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា អនុវត្ត​តាម​គោលការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​ចុះ​ផ្សព្វផ្សាយ​អប់រំ​និង​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ប្រើប្រាស់​របៀប​សង្គ្រោះ​បឋម​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​តាម​បណ្តា​សហគ្រាស ក្រុមហ៊ុន រោងចក្រ ខុន​ដូ និង​តាម​លំនៅ​ឋាន​។ ការ​ចុះ​ផ្សព្វផ្សាយ​នោះ​ក៏​មិន​បង្ខំ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​នោះ​ដែរ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទិញ សមត្ថកិច្ច​នឹង​លក់​ជូន​តាម​តម្លៃ​ទីផ្សារ ។

សមត្ថកិច្ច​ជំនាញ​ក៏​សូម​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​ថាបើ​ផ្ទះ​ណា​គ្មាន​បំពង់​អគ្គិភ័យ​ត្រូវ​តាម​ស្តង់ដារ​ទេ​នោះ​គឺ​ត្រូវ​រង​ការ​ផាកពិន័យ បញ្ហា​នេះ ការិយាល័យ​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ គ្មាន​គោលការណ៍​ផាកពិន័យ​នោះ​ទេ ប៉ុន្តែ​បើ​មន្ត្រី​ណា​ចុះ​ទៅ​អនុវត្ត​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ អនុវត្ត​លើស​បទបញ្ជា​និង​គោលការណ៍​របស់​ការិយាល័យ​ជំនាញ បើ​ក្នុង​ករណី​រក​ឃើញ​មន្ត្រី​ណា​ប្រព្រឹត្ត​កំហុសឆ្គង មន្ត្រី​នោះ​នឹង​ប្រឈម​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ