ទីក្រុងឌុយបៃ៖ មីស៊ីលរបស់អ៊ីរ៉ង់មួយគ្រាប់វាយប្រហារទៅលើមូលដ្ឋានយោធានៅអារ៉ាប៊ីសាអូឌីតបណ្ដាលឱ្យរបួសទាហានអាមេរិក១២នាក់។ ក្នុងនោះ ២នាក់របួសធ្ងន់។ យន្តហោះជាច្រើនគ្រឿងក៏ខូចខាតផងដែរ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិកដែលដឹងរឿងនេះ និងដែលស្នើសុំមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនោះនិយាយថាការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសព្រីន ស៊ុលតង់ (Prince Sultan Air Base) នោះប្រើប្រាស់មីស៊ីលមួយគ្រាប់ និងដ្រូនគ្មានមនុស្សបើកជាច្រើនគ្រឿង។

យន្តហោះសម្រាប់ចាក់សាំងនៅលើអាកាសជាច្រើនគ្រឿងខូចខាត។ បញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអាមេរិកថ្លែងកាលពីមុននេះថាចាប់តាំងពីសង្គ្រាមផ្ទុះឡើងរហូតមកដល់ពេលនេះ ទាហានអាមេរិកជាង៣រយនាក់ត្រូវរបួស។ ប្រភពខ្លះទៀតថាទាហានអាមេរិកយ៉ាងតិច១៣នាក់បានពលីជីវិត។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីលោកត្រាំទើបតែប្រកាសហើយថ្មីៗថាមានជម្រើស២សម្រាប់អ៊ីរ៉ង់។ ទី១ត្រូវចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម និងទី២ លោកព្រមានថានឹងវាយប្រហារកាន់តែខ្លាំង។

លោកត្រាំអះអាងថាដំណើរការចរចាគ្នាប្រព្រឹត្តទៅយ៉ាងរលូន។ ប៉ុន្តែអ៊ីរ៉ង់នៅតែប្រកែកថាគ្មានការចរចាគ្នាកើតឡើងទេ។ អ៊ីរ៉ង់ទទួលស្គាល់ថាមានការប្ដូរសារគ្នាទៅវិញទៅមកមែន។ ប៉ុន្តែនេះមិនអាចចាត់ទុកថាជាការចរចាគ្នាឡើយ។ ទន្ទឹមនឹងនោះ អាមេរិកត្រៀមបញ្ជូននាវាចម្បាំង និងកងទ័ពរាប់ពាន់នាក់ទៀតទៅមជ្ឈិមបូព៌ាដើម្បីពង្រឹងកម្លាំងដែលមានស្រាប់។ អ៊ីរ៉ង់បន្តវាយប្រហារមូលដ្ឋានយោធារបស់អាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាដើម្បីវាយបក និងបន្ទច់បង្អាក់ការទម្លាក់គ្រាប់បែករបស់អាមេរិក។

ការវាយប្រហាររបស់អ៊ីរ៉ង់ភាគច្រើនត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក និងសម្ព័ន្ធមិត្ត។ ប៉ុន្តែវាមិនមានសមាមាត្រគ្នាទេផ្នែកតម្លៃ។ ដ្រូនម៉ាកសាហ៊ីតរបស់អ៊ីរ៉ង់ផលិតមកចំណាយថ្លៃដើមតិច ហើយជាដ្រូនដែលប្រើប្រាស់ ហើយបោះចោលតែម្ដង។ ចំណែកប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក និងសម្ព័ន្ធមិត្តជាប្រព័ន្ធទំនើប ហើយពិបាកនឹងដាក់ជំនួសមកវិញ។ នៅពេលខ្លះ អ៊ីរ៉ង់វាយប្រហារសម្រុកខ្លាំងពេកក៏ធ្វើឱ្យប្រព័ន្ធការពារដែនអាកាសទប់មិនជាប់ដែរ។ ជាក់ស្ដែងពេលខ្លះការវាយប្រហារចូលមូលដ្ឋានយោធាអាមេរិកធ្វើឱ្យទាហានអាមេរិករបួស និងស្លាប់ជាហូរហែ៕ ប្រភព៖ ញូយ៉កថាមស៍ (New York Times) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ