ខេត្តកំពង់ចាម ៖ «តាមរយៈការធ្វើរដ្ឋបាលចំហពេលយប់ដោយឃាត់បានរថយន្តមួយគ្រឿងរឹបអូសបានថ្នាំញៀនជិតកន្លះតោនហើយសមត្ថកិច្ចនិងក្រុមឧក្រិដ្ឋជនស្ទើរតែផ្ទុះអាវុធដាក់គ្នា» ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ”រួមគ្នាបង្ការទប់ស្កាត់និងកាត់ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ដោយធ្វើឡើងក្នុងឃុំចំការអណ្តូង ស្រុកចំការលើ កាលពីព្រឹកថ្ងៃទី៣០មិថុនា ឆ្នាំ២០២៥ ។ជាមួយនោះមានការចូលរួមពីប្រជាពលរដ្ឋសិស្សានុសិស្សលោកគ្រូអ្នកគ្រូប្រធានអង្គភាពនានាជុំវិញខេត្ត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា កម្មវិធីនេះរាល់ដងធ្វើឡើងនៅតាមបណ្ដាស្រុកដែលមានដូចជាកងមាស ជើងព្រៃព្រៃឈរ ស្ទឹងត្រង់ ហើយលើកនេះត្រូវបានធ្វើនៅស្រុកចំការលើចំពេលដែលត្រូវដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជនមានទម្ងន់រហូតដល់ជិតកន្លះតោន។សូមបញ្ជាក់ថារយៈពេលកន្លងទៅមិនដែលមានពិធីធ្វើឡើងដោយធំដុំបែបនេះនោះទេ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា សម្ដេចបវរធិបតី បានបំផុសឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាស្រទាប់យុវជនត្រូវតែមានការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍ឲ្យបានផលផុស ធ្វើយ៉ាងណាធានាបាននៅភូមិឃុំមានសុវត្ថិភាព។ ក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់យុវជនត្រូវតែធ្វើយ៉ាងណានៅឲ្យឆ្ងាយពីគ្រឿងញៀន តាមរយៈសារឪពុកម្ដាយដែលបានអញ្ជើញមកចូលរួមស្ដាប់ពេលត្រឡប់ទៅវិញសូមជួយធ្វើយ៉ាងណាកុំឱ្យកូនរបស់យើងចាញ់បោកហើយធ្លាក់ខ្លួនជាមនុស្សញៀនថ្នាំ។មួយវិញទៀតថ្នាំញៀននេះបានធ្វើឲ្យប៉ះពាល់ប្រព័ន្ធសរសៃប្រសាទហើយអាចធ្វើឲ្យយុវជនរូបនោះបង្ករភាពអនាធិបតេយ្យដេញវាយគេឯងមិនស្តាប់ឪពុកម្ដាយជាដើម។
មិនតែប៉ុណ្ណោះវានាំឱ្យយើងក្លាយទៅជាមនុស្សម្នាក់ចេះប្រព្រឹត្តនូវអំពើលួចឆក់ ប្លន់ពីសមាជិកក្រុមគ្រួសារនិងអ្នកដទៃធ្វើយ៉ាងណាឱ្យបានលុយដើម្បី ទិញថ្នាំញៀនមកប្រើប្រាស់។សូមបញ្ជាក់ថាខេត្តកំពង់ចាមក្នុងការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាពគឺទទួលបានចំណាត់ថ្នាក់លេខ១រយៈពេល៥ឆ្នាំជាប់ៗគ្នាក្នុងនោះបញ្ហាគ្រឿងញៀនតែម្ដង។ ជាក់ស្ដែងនៅក្នុងឆរមាសទីមួយឆ្នាំ២០២៥ សមត្ថកិច្ចបានបង្កើនការផ្សព្វផ្សាយអប់រំក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចំនួនជាង៣០០០លើក ក្នុងនោះមានប្រជាជនចូលរួមជាង១៧ម៉ឺននាក់ ។
ចំពោះគ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលនាព្រឹកនេះមានទម្ងន់រហូតដល់ជិតកន្លះតោន គឺជាប្រតិបត្តិការដែលបានបង្ក្រាបឡើងដោយកម្លាំងសមត្ថកិច្ចនៅក្នុងដើមឆ្នាំ២០២៥ គឺតាមរយៈត្រួតពិនិត្យរដ្ឋបាលចំហនៅពេលយប់ក៏ឃើញរថយន្តមួយគ្រឿងដោយឆែកមើលក្នុងនោះមានកញ្ចប់តែតែក្រុមឧក្រិដ្ឋជនបានបង្កប់គ្រឿងញៀនជិតកន្លះតោន ហើយក៏មានរថយន្តមួយគ្រឿងទៀតដែលបម្រុងនឹងមករំដោះយកថ្នាំញៀន ហើយត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ថែមកម្លាំងទើបចាប់បានរថយន្តមួយគ្រឿងទៀតដោយដករហូតបានសរុបរថយន្តពីរគ្រឿងរួមទាំងអ្នកជួញដូរថ្នាំញៀនចំនួន ៤នាក់ដោយកល់និងផ្ទុះអាវុធដាក់គ្នា។ តាមរយៈឯកឧត្តម សន្តិបណ្ឌិតនេតសាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់គោលការណ៍សាកល្បងឱ្យអនុវត្តក្នុងនោះ”បើមានចៅហ្វាយស្រុកគ្មានគ្រឿងញៀនបើមានរឿងញៀនគ្មានចៅហ្វាយស្រុក”។
ដោយឡែកឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ឲ្យដឹងដែរថា សូមសរសើរក្នុងឃុំ-សង្កាត់ចំនួន១០៩ ក្នុងនោះមាន១០៦ឃុំ-សង្កាត់គ្មានគ្រឿងញៀននៅក្នុងខេត្តកំពង់ចាមហើយត្រូវនិយាយថាទេចំពោះគ្រឿងញៀន។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិនិងបណ្ដាប្រទេសនានាលើសកលលោកបានឆ្លុះបង្ហាញឲ្យឃើញថាស្ថានភាពគ្រឿងញៀនបច្ចុប្បន្នបានវិវត្តន៍ដល់ទៅសភាពការមួយពោរពេញដោយភាពស្មុគស្មាញ។ទោះបីប្រទេសនានាលើសាកលលោកបានរៀបចំគោលនយោបាយយុទ្ធសាស្ត្រវិធានការបង្ការទប់ស្កាត់យ៉ាងណាក៏សមរភូមិគ្រឿងញៀន នៅមិនទាន់មានភាពថមថយនៅឡើយ។ជាមួយនោះឯកឧត្តមបំផុសឲ្យប្រជាពលរដ្ឋបើឃើញអ្នកណាម្នាក់ជួញដូរគ្រឿងញៀនត្រូវរាយការណ៍តាមរយៈអែបណូត្រាក់ដោយមានផ្ដល់រង្វាន់ជូន១០ម៉ឺនរៀលទៀតផង៕









ចែករំលែកព័តមាននេះ