រាជធានីភ្នំពេញ ៖ បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវបានសន្តិសុខ និងមិត្តភក្តិហៅកង់បីដឹកចេញពីក្លិប ទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ ។ ជុំវិញករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀន ។
ហេតុការណ៍ខាងលើនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្លឹបមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ VO HO DONG HOAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម ជាអ្នកទេសចរណ៍ ស្នាក់នៅផ្ទះជួលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ រួមនឹងវត្ថុតាងម្សៅពណ៌ ស ចំនួន២កូនថង់ប្លាស្ទិក នៅក្នុងហោប៉ៅខោជនរងគ្រោះ ។
តាមប្រភពព័ត៍មានពីអ្នករត់ម៉ូតូកង់បីបានឲ្យដឹងថា កន្លងមកគាត់តែងតែរត់ម៉ូតូកង់បីនៅម្ដុំផ្សារបឹងត្របែកផ្លាហ្សា ខណៈនៅវេលាម៉ោងប្រហែល០៦ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ គាត់កំពុងអង្គុយនៅលើម៉ូតូកង់បីក្បែរផ្សារបឹងត្របែកផ្លាហ្សា ស្រាប់តែសន្តិសុខរបស់ក្លិប បានមកហៅឲ្យគាត់ដឹកជម្ងឺទៅមន្ទីរពេទ្យ ទើបគាត់បើកម៉ូតូកង់បីឡើងទៅកាន់ជាន់ទី៣ ហើយសន្តិសុខ៤-៥នាក់បានគ្រាហ៍ជនរងគ្រោះដាក់លើម៉ូតូកង់បី និងមានមិត្តភក្តិជនរងគ្រោះចំនួន៣នាក់ ជាជនជាតិវៀតណាម បានឡើងជិះជាមួយ ហើយគាត់ក៏បានបើកម៉ូតូកង់បីទៅរកមន្ទីរពេទ្យ ពេលចេញតាមផ្លូវ ។
លុះមួយសន្ទុះក្រោយមក គាត់បានងាកក្រោយមើលជនរងគ្រោះ ឃើញស្ថានភាពដូចជាដាច់ខ្យល់ស្លាប់បាត់ទៅហើយ ភ្លាមៗនោះគាត់មិនដឹងធ្វើមិច ដោយសារអត់ចេះនិយាយភាសាវៀតណាមទៀត ទើបគាត់បានសម្រេចចិត្តបើកម៉ូតូកង់បីទៅកាន់វត្តទឹកថ្លា ហើយឈប់ម៉ូតូកង់បីនៅក្នុងវត្ត និងមានមនុស្សមកសួរនាំ ក្រោយមកទើបមានសមត្ថកិច្ចមកដល់វត្តទឹកថ្លា ។ ក្រោយមានការសួរនាំដឹងរឿង សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌចំការមន ដើម្បីយកសពទៅវត្តស្ទឹងមានជ័យ ។
ក្រោយពេលកើតហេតុ នគរបាលជំនាញចក្ខុ នឹង កោសល្យវិច័យ បានធ្វើការត្រួតពិនិត្យសព នឹង បានរកឃើញថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីន ៕



ចែករំលែកព័តមាននេះ