រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅបង្គួរដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថាយោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា សម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។
ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០% ។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាព មធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥% ។

ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
ក្រសួងបានលើកឡើងថា យោងលើការព្យាករដូចបានជម្រាបជូនខាងលើ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយនឹង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅបង្គួរ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ