ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ថៃ​នៅ​តែ​ចិញ្ចឹមចិត្ត និង​ម​ហិ​ច្ច​តា​ចង់បាន​ទឹកដី​កម្ពុជា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ថៃ​នៅ​តែ​ចិញ្ចឹមចិត្ត និង​ម​ហិ​ច្ច​តា​ចង់បាន​ទឹកដី​កម្ពុជា  និង​ដរាបណា​មិន​ទាន់​មានការ​បោះបង្គោល​ព្រំដែន​រួចរាល់…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ថៃ​នៅ​តែ​ចិញ្ចឹមចិត្ត និង​ម​ហិ​ច្ច​តា​ចង់បាន​ទឹកដី​កម្ពុជា  និង​ដរាបណា​មិន​ទាន់​មានការ​បោះបង្គោល​ព្រំដែន​រួចរាល់ លទ្ធភាព​ប៉ះទង្គិច​ខាង​យោធា ឬ​សង្គ្រាម​តាម​ព្រំដែន​ងាយ​នឹង​កើតឡើង និង​ពិបាក​ជៀស​ផុត ​។

សម្តេច​តេ​ជោ​បាន​សរសេr​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០២៥​ថា អ្នកនយោបាយ​ជ្រុលនិយម​ថៃ ស៊ិន​ធិ លឹ​ម​ថង​គុល បាន​និយាយ​យ៉ាង​ច្បាស់​ៗ​ថា ប្រសិនបើ​គាត់​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​មាន​អំណាច​ពេញដៃ នឹង​លើក​កងទ័ព​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា យក​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា​ ដូច​ជា បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ ព្រះ​វិហារ និង​កោះ​គុ​ជ ហើយ​អាច​រហូត​ដល់​រាជធានី​ភ្នំពេញ​ទៀត​ផង​។

នេះ​ជា​សំដី​របស់ ស៊ិ​ន​ធិ លឹ​ម​ថង​គុល ដែល​និយាយ​ភាសា​ថៃ​៖ «​អា​ហ៊ុន ​សែន ​មហា​តេ​ជោ អ្នកឯង​សំណាងល្អ​ដែល​អញ ស៊ិ​ន​ធិ លឹ​ម​ថង​គុល ដែល​អញ​អត់​មាន​អំណាច ប្រសិនបើ​អញ​មាន​អំណាច​វិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរី​សោ​ភណ្ឌ អញ​នឹងដណ្តើម​យក​មក ហើយ​ស្អែក​អញ​នឹង​ទៅ​យក​ព្រះ​វិហារ និង​បន្ត​ទៅ​យក​កោះ​គុ​ជ​ទៀត ហើយ​អញ​សួរ​ហ្អែ​ង​ថា ប្រសិនបើ​នៅ​មិន​ពេញចិត្ត​ទៀត អញ​នឹង​ទៅ​យក​ភ្នំពេញ​»​។

សម្តេច​តេ​ជោបាន​គូសបញ្ជាក់​ថា​៖ «​សម្តី​បែប​នេះ​របស់​អ្នកនយោបាយ​ជ្រុលនិយម​ថៃ បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ចិញ្ចឹមចិត្ត និង​ម​ហិ​ច្ច​តា​ចង់បាន​ទឹកដី​របស់​កម្ពុជា ដូច្នេះ​ហើយ​ខ្ញុំ​សូម​ប្រកាស​ឲ្យ​ជនរួមជាតិ​ខ្មែរ​យើង​ទាំងអស់ ត្រូវ​រួបរួម​គ្នា​ជា​ចលនា​ជាតិនិយម​តែ​មួយ ដោយ​​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ត្រូវ​ត្រៀមខ្លួន​ជាប់​ជា​និច្ច ដើម្បី​ទប់ទល់​ប្រឆាំង​វៃ​បំបាក់​ឧបាយកល​ដ៏​សែន​ខ្មៅ​កខ្វក់​របស់​ថៃ ដែល​ចិញ្ចឹមចិត្ត និង​ម​ហិ​ច្ច​តា​ចង់​លេប​ទឹកដី​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា» ​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ដោយ​ចរិត​ឈ្លានពាន​បែប​នេះ ទើប​យើង​ត្រូវ​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ពង្រឹង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន ត្រូវ​ខិតខំ​ចរចា ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​ថៃ​ឲ្យ​បាន​ឆាប់​ ។ យើង​ត្រូវ​ត្រៀមខ្លួន​តស៊ូ​រយៈពេល​វែង​តាម​ផ្លូវ​យោធា នយោបាយ ការទូត និង​ផ្លូវច្បាប់​ ។ ដរាបណា​មិន​ទាន់​មានការ​បោះបង្គោល​ព្រំដែន​រួចរាល់ លទ្ធភាព​ប៉ះទង្គិច​ខាង​យោធា ឬ​សង្គ្រាម​តាម​ព្រំដែន​ងាយ​នឹង​កើតឡើង និង​ពិបាក​ជៀស​ផុត​ ។

សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖«​ខ្ញុំ​មិន​តបត​ជាមួយ​ពួក​ចោរ​ឈ្លានពាន​ទឹកដី​ទេ តែ​នេះ​ជា​សារ​ដាស់​តឿន​ដល់​បងប្អូន​ជនរួមជាតិ​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លានពាន​ទឹកដី» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ