ខេត្តកោះកុង ៖ ស្ថានភាពច្រកអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ យោងតាមការផ្ដល់ព័ត៌មានពីមន្ត្រីព័ត៌មានប្រចាំការនៅច្រកព្រំដែនអន្តរជាតិចាំយាម នៅព្រឹកនេះ បានឱ្យដឹងថា ច្រកទ្វារអន្តរជាតិហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត នៅបន្តបិទជាឯកតោភាគី ។ នេះបើយោងតាមទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ បានបង្ហោះមុននេះ ។

ចំណែកឯខាងភាគីកម្ពុជា ច្រកព្រំដែនអន្តរជាតិចាំយាម នៅតែអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យមានការនាំចូលនូវទំនិញគ្រប់ប្រភេទមកកម្ពុជាឡើយ ។ ប៉ុន្តែភាគីទាំងពីរ បានសម្របសម្រួលឲ្យមានការចាកចេញពីប្រទេសនូវប្រជាពលរដ្ឋ ពលកររៀងៗខ្លួន ។

ក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង នៅតែបន្តទទួលពលករខ្មែរ និងសម្របសម្រួលដឹកជញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាព ព្រមទាំងផ្ដល់ការងារដល់ពលករណាដែលមានបំណងចង់បម្រើការងារ និងរោងចក្រនៅក្នុងខេត្តកោះកុង ។

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកោះកុង នៅរង់ចាំពិនិត្យសុខភាពជូនពលករដែលបានចាកចេញពីប្រទេសថៃ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ។ ដោយស្ថានភាពសន្តិសុខ មានភាពស្ងប់ស្ងាត់ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ៕


ចែករំលែកព័តមាននេះ