តើអ្នកចូលចិត្តផឹកភេសជ្ជៈផ្អែមៗ ត្រជាក់ៗ នៅពេលស្រេកទឹកដែរឬទេ0x017d7 ប្រសិនបើអ្នកចូលចិត្ត ចូរកាត់បន្ថយវាទៅ ។ នេះក៏ព្រោះតែទម្លាប់បែបនេះ ត្រូវបានគេរកឃើញថា អាចបង្កើនការប្រឈមនឹងជម្ងឺបេះដូង ។
គ្រាន់តែញ៉ាំភេសជ្ជៈមានជាតិផ្អែមពីរកំប៉ុងក្នុងមួយថ្ងៃ ក៏អាចបង្កើនការប្រឈមនឹងជំងឺបេះដូង ។ ការសិក្សាបានរកឃើញថា បុរសដែលញ៉ាំភេសជ្ជៈមានជាតិផ្អែម ចាប់ពីពីរកំប៉ុងឡើងទៅ ក្នុងមួយថ្ងៃ មានការប្រឈមកាន់តែខ្ពស់នឹងជំងឺខ្សោយបេះដូង ជាមធ្យម ២៣ភាគរយ។
ការសិក្សានេះ មានការចូលរួមពីបុរសជនជាតិស៊ុយអែត ច្រើនជាង ៤២០០០នាក់ អាយុចាប់ពី៤៥ទៅ៧៩ឆ្នាំ ហើយក៏បានប៉ាន់ស្មានទៅលើអត្រានៃការញ៉ាំភេសជ្ជៈមានជាតិផ្អែមជាប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការបំពេញកម្រងសំណួរទាក់ទងនឹងចំណីអាហារក្នុងឆ្នាំ១៩៩៧។
ក្រោយពីធ្វើការតាមដានរយៈពេលជាង១២ឆ្នាំរួចមក បុរសដែលប្រាប់ថា ញ៉ាំភេសជ្ជៈមានជាតិផ្អែមចាប់ពីពីរកែវឡើងទៅ ឬចំណុះ៤០០មីលីលីត្រឡើងទៅ ក្នុងមួយថ្ងៃទំនងជាងាយកើតជាការខ្សោយបេះដូងរហូតដល់ ២៣ភាគរយនៅពេលប្រៀបធៀបជាមួយនឹងអ្នកដែលមិនបានញ៉ាំសោះ ។
យ៉ាងណាមិញ ការសិក្សានេះមានដែនកំណត់មួយចំនួន ដែលវាមិនបានគិតទៅលើការញ៉ាំប្រៃទេ ហើយនេះត្រូវបានគេដឹងថា ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏នាំឲ្យកើតជំងឺខ្សោយបេះដូងដែរ។
លើសពីនេះទៅទៀត ការសិក្សានេះគ្រាន់តែបញ្ចូលមនុស្សវ័យកណ្តាល និងមនុស្សចាស់ប៉ុណ្ណោះ ដូច្នេះលទ្ធផល គឺមិនអាចប្រើប្រាស់ជាទូទៅសម្រាប់មនុស្សគ្រប់រូបបានឡើយ។
ដូច្នេះនៅពេលអ្នកស្រេកទឹក ជម្រើសដ៏ល្អបំផុត សុខភាពបំផុត និងថោកបំផុតនោះគឺទឹកធម្មតា៕
ចែករំលែកព័តមាននេះ