ទីក្រុងបាងកក៖ គណបក្សប្រជាជននៅប្រទេសថៃក្រើនរំលឹកសមាជិករបស់ខ្លួនថាកុំដើររំលងបន្ទាត់ក្រហមរបស់គណបក្សជាដាច់ខាត។ ពោលគឺមិនត្រូវប្រកាសគាំទ្រអំពើរដ្ឋប្រហារយោធាទម្លាក់នាយករដ្ឋមន្ត្រីពីតំណែងនៅប្រទេសថៃទេ។ ការថ្លែងដូច្នេះស្របពេលដែលប្រទេសថៃកំពុងជ្រួលច្របល់ដោយសារក្រុមប្រឆាំងទាមទារឱ្យលោកស្រីផែថងថានចុះពីតំណែង។
អគ្គលេខាធិការគណបក្សប្រជាជន លោកសារ៉ាយុទ្ធ ចៃឡាក់ (Sarayut Jailak) បានចេញលិខិតរំលឹកទៅគ្រប់សមាជិកទាំងអស់។ បន្ទាប់មក លោកប្រកាសជាសាធារណៈថែមទៀត។ លោកថ្លែងថាសមាជិកទាំងអស់មិនត្រូវដើរហួសបន្ទាត់ក្រហមរបស់គណបក្សជាដាច់ខាត។ ពួកគេមិនត្រូវបង្ហោះសារគាំទ្រការប្រើប្រាស់កម្លាំងយោធា ឬចូលរួមនៅក្នុងចលនាទាំងឡាយណាដែលនាំទៅដល់ការធ្វើរដ្ឋប្រហារនោះទេ។
គណបក្សនេះបញ្ជាក់ជាថ្មីថាអ្វីដែលខ្លួនចង់បានគឺទាមទារឱ្យលោកស្រីផែថងថានរំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតជាថ្មី។ ប្រធានគណបក្សប្រជាជន លោកណាត់ថាពង្ស រឿងផាន់យ៉ាវុធ (Natthaphong Ruengpanyawut) ថ្លែងថាគណបក្សប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា។ លោកយល់ថាមិនត្រូវបណ្ដោយឱ្យក្រុមណាមួយឆ្លៀតឱកាសដែលស្រុកទេសកំពុងជ្រួលច្របល់ដើម្បីធ្វើរដ្ឋប្រហារ ឬប្រើវិធីមិនប្រជាធិបតេយ្យដើម្បីដោះស្រាយវិបត្តិនេះឡើយ។
គណបក្សប្រឆាំងដ៏ធំ១នេះបង្ហាញជំហរដូច្នេះបន្ទាប់ពីមេចលនាបាតុកម្ម លោកសុន្ធិ លីមថងគុល (Sondhi Limthongkul) ថ្លែងប្រាប់ហ្វូងបាតុករដែលប្រឆាំងនឹងលោកស្រីផែថងថានថា «អាចនឹងមានការធ្វើអន្តរាគមន៍ពីយោធា»។ លោកលីមថងគុលដែលជាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយ និងជាមេចលនាបាតុកម្មជាច្រើនជំនាន់មកហើយថ្លែងថាគាត់និយាយនេះមិនមែនចង់ឱ្យមានរដ្ឋប្រហារយោធាទេ។
ចលនាបាតុកម្មនៅវិមានជ័យជម្នះកាលពីថ្ងៃសៅរ៍រៀបចំដោយក្រុមដែលហៅខ្លួនឯងថា «រួមកម្លាំងការពារអធិបតេយ្យ»។ ថ្ងៃនេះចលនាដែលមានឈ្មោះ «យុទ្ធនាការដើម្បីប្រជាធិបតេយ្យ» ដែលជាចលនាប្រមូលផ្ដុំដោយក្រុមចំនួន១៥បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យលោកស្រីផែថងថានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងចុះចេញពីតំណែងជាប្រញាប់។
ក្រុមខាងលើនេះក៏ប្រឆាំងនឹងការធ្វើរដ្ឋប្រហារណាមួយដែលអាចនឹងកើតមានជាយថាហេតុផងដែរ។ ពួកគេយល់ថាបើមានរដ្ឋប្រហារយោធាកើតឡើងមែន វានឹងធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះស្ថិរភាពនយោបាយផ្ទៃក្នុងថៃផង និងក៏ប៉ះពាល់មុខមាត់របស់ប្រទេសថៃនៅលើឆាកអន្តរជាតិផងដែរ។ មានន័យថាធ្វើឱ្យគេបាត់បង់ជំនឿ, អ្នកវិនិយោគលែងចង់ទៅរកស៊ីនៅទីនោះតទៅទៀត៕
ចែករំលែកព័តមាននេះ