ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះប៉ុណ្ណោះ​ ជុំវិញការឆបោកតាមអនឡាញ…សុំកុំព្រួស.ឈា.ម.ដាក់

9 ម៉ោង មុន
  • ភ្នំពេញ

ខេត្តព្រះវិហារ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅ​ក្នុង​ពិធីជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត…

ខេត្តព្រះវិហារ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅ​ក្នុង​ពិធីជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ក្នុង​ខេត្តព្រះវិហារ​ថា កម្ពុជា​គ្រាន់តែ​ជា​ប្រទេស​រង​គ្រោះ​ដោយសារថៃ​ប៉ុណ្ណោះ ព្រោះ​ថៃ​ជា​ប្រទេស​មាន​ជើង​ហោះហើរ​ត្រង់​ត​ភ្ជាប់​ទៅ​ប្រទេស​នានា ហើយ​នាំ​ជនឆបោក​ទាំងនោះ​ចូល​ប្រទេស​របស់​ខ្លួន ។

អាស្រ័យដូចនេះ សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ទៅ​ថៃ​វិញ​ថា «​សូម​ឈប់​ព្រួស​ឈាម​ដាក់​គេ​លើ​បញ្ហា​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ​ទៅ​កាន់​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​កម្ពុជា ។សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា «​កម្ពុជា​បាន​អត់ធ្មត់​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ទាំងអស់​គ្នា ប៉ុន្តែ​លោក​ជំទាវ​(​ផែ​ថង​ថា​ន​)​យករួចខ្លួន ហើយ​មក​ដាក់​កំហុ​ស​ឱ្យ​កម្ពុជា កម្ពុជា​ទទួលយក​មិន​បាន​ទេ​លោក​ជំទាវ លោក​ជំទាវ​ធ្វើ​កំហុស​ធ្ងន់​ណាស់​បញ្ហា​ហ្នឹង ។ លោក​ជំទាវ​ព្រួស​ឈាម​ដាក់​គេ ប៉ុន្តែ​លោក​ជំទាវ​ភ្លេច​ថា ឈាម​នោះ​វា​ចេញពី​ខ្លួន​របស់​លោក​ជំទាវ​» ។​សម្ដេច​តេ​ជោ​បាន​ចោទ​ជា​សំណួរ​ថា «​អ្នក​ណា​ចិញ្ចឹម​ក្រុម​ឧក្រិដ្ឋជន​នៅ​តាម​ព្រំដែន ជាមួយ​ភូមា មី​យ៉ា​ន់​ម៉ា ?

អ្នក​ណា​ចិញ្ចឹម​ឧក្រិដ្ឋជន​នៅ​តាម​ព្រំដែន​ឡាវ ? សម្រាប់​កម្ពុជា កម្ពុជា​ចេះ​ធ្វើ​ហើយ ! លោក​ជំទាវ​ថា​ផ្គត់ផ្គង់​អ៊ីនធឺណិត អ៊ីនធឺណិត កម្ពុជា​បាន​កាត់​ផ្ដាច់​តាំងពី​មុន​ថ្ងៃ​ទី​២៤ លោក​ជំទាវ ! ហើយ​លោក​ជំទាវ បាន​សូមទោស​ខ្ញុំ ! លោក​ជំទាវ​ថា កម្ពុជា​ទទួល​បាន​ព័ត៌មាន​ខុស ប៉ុន្តែ​នៅ​ពេល​មានការ​ពន្យល់​លោក​ជំទាវ​បាន​សូមទោស​ខ្ញុំ​មែន​ទេ ? លោក​ជំទាវ​មិន​បានដឹង​ថា ក្រសួងការបរទេស​លោក​ជំទាវ បាន​ព្រមាន​កម្ពុជា​ដើម្បី​កាត់​ភ្លើង កាត់​អ៊ី​នធឺ​ណិ​ត កម្ពុជា​មិន​ចាំបាច់​ឱ្យ​លោក​ជំទាវ​កាត់​ទេ យើង​កាត់​មុន​» ។

ទន្ទឹម​នឹង​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្ដាំ​ទៅ​កាន់​ប្រជាពលរដ្ឋ​ថៃ​ផង​ដែរ ឱ្យ​មើល​ឱ្យ​ច្បាស់​ពី​ល្បិច​របស់​មេដឹកនាំ​ថៃ ថា​យ៉ាងម៉េច ? សម្ដេច​មិន​បាន​បន្ទោស​បក្ស​ភឿ​ថៃ​នោះ​ទេ ប៉ុន្តែ​សម្ដេច​បន្ទោ​ទៅ​លើ​តួអង្គ​អ្នកដឹកនាំ ដែល​ខ្វះ​ការ​ទទួលខុសត្រូវ មិន​ស្មោះត្រង់​ជាមួយ​ប្រជាជន​ខ្លួនឯង ហើយ​មិន​ស្មោះត្រង់​ជាមួយ​ដៃគូ​សន្ទនា​ទៀត ។

បើ​ពលរដ្ឋ​ខ្លួនឯង​មិន​ស្មោះត្រង់​ជាមួយ​ផង តើ​យើង​ជឿ​ទុកចិត្ត​យ៉ាងម៉េច​បាន ? កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ធ្វើកិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ មិនមែន​តែ​អន​ឡាញ​នោះ​ទេ ជួញដូរ​មនុស្ស លាងលុយកខ្វក់ គ្រឿងញៀន​ជាដើម ។ ខ្ញុំ​អត់​បាន​យក​ប្រទេស​ថៃ​ធ្វើ​ជាស​ត្រូវ មិន​បាន​យក​ប្រជាជន​ថៃ​ធ្វើ​ជាស​ត្រូវ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​តែ​ប្រឈម​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ចាត់​ទុក​ខ្ញុំ​ជាស​ត្រូវ ហើយ​ខ្ញុំ​ក៏​ចាត់​ទុក​អ្នកជា​សត្រូវ​វិញ​ដែរ ។ប្រជាជន​ថៃ​ភាគច្រើន​ចង់បាន​សន្តិភាព ភាគច្រើន​ចង់​មាន​មិត្តភាព​ជាមួយ​កម្ពុជា ក៏​ប៉ុន្តែ​ក៏​មាន​ក្រុម​ជ្រុលនិយម​មួយ​ក្រុម រាប់​ទាំង​មេដឹកនាំ​នយោបាយ ។ ខ្ញុំ​បាត់បង់​ការ​អត់ធ្មត់​សម្រាប់​លោក​ជំទាវ​ហើយ ។ បន្ទាប់​ពី​លោក​ជំទាវ​ចេញ​វ៉ៃ​ខ្ញុំ​ម្ដង​ហើយ​ម្ដងទៀត វ៉ៃ​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត ។

ថ្ងៃនេះ​ខ្ញុំ​នឹង​បញ្ជាក់ ត្រកូល​ស៊ី​ណា​វ៉ា​ត់ ដើម្បី​ឲ្យ​លោក​ជំទាវ​ឲ្យ​ប្រជាជន​ថៃ​បានដឹង​ថា អ្វី​ខ្លះទៅ​រឿងរ៉ាវ ។ ការ​បែកធ្លាយ​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ មិនមែន​ជា​ចេតនា​របស់ខ្ញុំ​ទេ​។ក្រោយ​ពី​ខ្ញុំ​ភ្ញាក់​ពី​ដំណេក មាន​គេ​ប្រាប់​ខ្ញុំ​ថា មាន​ទូរស័ព្ទ​មក​ពី​បាងកក ។ ពេល​ដែល​ខ្ញុំ​ឃើញ​ដូច្នេះ ខ្ញុំ​នឹកឃើញ​ថា ខ្ញុំ​ត្រូវ​គេ​បោកប្រាស់ ។ដូច្នេះ​ខ្ញុំ​ត្រូវ​ថត​សំឡេង ការ​សន្ទនា​ជាមួយ​លោក​ជំទាវ​ថៃ ពីព្រោះ​ដោយសារ​សម្ដេច​គេ​បោក​ម្ដង​រួច​ទៅ​ហើយ ។ បានជា​សម្ដេច​ថត​សំឡេង​ទុក សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា យើង​បាន​ស្រុះស្រួល​គ្នា​ធ្វើការ​កែសម្រួល​កម្លាំង​នៅ​មុំ​បី ពេល​នោះ​មាន​ទាំង​លោក​ថា​ក់​ស៊ី​ន មានទាំង​នាយក​រដ្ឋមន្ត្រី មាន​ទាំង​យី​ង​ឡាក់ ក៏​បាន​អរគុណ​ខ្ញុំ ។

ផ្ទុយ​ទៅ​វិញ បែរជា​នៅ​ទីក្រុង​បាងកក​គេ​បាន​ប្រើប្រាស់​ភាសា​ថា «​កម្ពុជា​ដក​កងទ័ព​» ។ ករណី​នេះ​ខ្ញុំ​បាន​ថា មិនមែន​ជា​ការដក​កងទ័ព​ទេ គឺជា​ការ​កែសម្រួល​កងទ័ព ។
សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ខ្ញុំ​ត្រូវ​គេ​បោក ត្រូវ​គេ​កុហក ។ ដូច្នេះ​ខ្ញុំ​ត្រូវ​មាន​តម្លាភាព​ជាមួយ​ពលរដ្ឋ​របស់ខ្ញុំ​វិញ ត្រូវ​តែ​មាន​គណនេយ្យ​ភាព​ជា​មេដឹកនាំ​របស់ខ្ញុំ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​ថៃ​កំពុង​ពោរពេញ​ទៅ​ដោយ​ឧក្រិដ្ឋកម្ម​អន​ឡាញ និង​ជា​មជ្ឈមណ្ឌល​ចែកចាយ​ឧក្រិដ្ឋកម្ម ។ ប៉ុន្តែ​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី បែរជា​ថា​មក​ខាង​កម្ពុជា ដែល​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ ។

លោក​ជំទាវ​កុំ​ភ្លេច​ណា អន​ឡាញ​នៅ​ព្រំដែន​ជាមួយ​មី​យ៉ា​ន់​ម៉ា អ៊ីនធឺណិត​គឺ​ចេញពី​ថៃ​ទៅ​ៗ អន​ឡាញ​នៅ​ឡាវ ក៏​អ៊ីនធឺណិត​ទៅ​ពី​ថៃ​ទៅ​ដែរ ។សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដាំ​ទៅ​ប្រជា​ជន​ថៃ មើល​ឲ្យ​ច្បាស់​ចំពោះ​ល្បិច​កល​ដឹកនាំ​របស់​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន ដែល​គ្មាន​ភាព​ស្មោះត្រង់ ។ ពេល​នេះ នាយក​រដ្ឋមន្ត្រី​ថៃ គេ​ក្បត់​សម្តេច​មុន ហើយ​កុំ​និយាយ រឿង​គុណធម៌​ទៀត ។ បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជាស​ត្រូវ​ហើយ ខ្ញុំ​ក៏​ចាត់​ទុក​អ្នកជា​សត្រូវ​ដូច​គ្នា ។ ខ្ញុំ​គ្មាន​ជម្រើស​ទេ ។

សម្ដេច​តេ​ជោ បាន​ផ្ដាំ​ទៅ​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​ថា កុំ​និយាយ​បញ្ហា​គុណធម៌​ជាមួយ​ខ្ញុំ ក្នុង​ពេល​ដែល​លោក​ជំទាវ​ជា​ក្មេង​ម្នាក់​ប្រមាថ​មនុស្ស​ចាស់ ។ លោក​ជំទាវ​ជា​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ខ្ញុំ​ក៏​ជា​មេដឹកនាំ ដែល​មាន​តួនាទី​ធំ​លំដាប់​ទី​២ នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​ព្រះមហាក្សត្រ​ដូច​គ្នា ។ លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​ថៃ ជា​មនុស្ស​ក្បត់ជាតិ​សាសន៍​ខ្លួនឯង និង​ក្បត់​ដៃគូ​សន្ទនា ។ដើម្បី​តម្រូវ​ចិត្ត ហ៊ុន សែន លោក​ជំទាវសុខចិត្ត​ប្រមាថ​មេទាហាន​ខ្លួនឯង ។ តើ​នេះ​នៅ​ប្រទេស​ថៃ​ចាត់​ទុក​ដូច​ម្ដេច ? ប៉ុន្តែ​បើ​នៅ​កម្ពុជា សម្ដេច​តេ​ជោ​ចាត់​ទុក​ថា​ក្បត់ជាតិ​តែ​ម្ដង ។ ឃុបឃិត​ជាមួយ​បរទេស ជេរ​មេទាហាន​ខ្លួនឯង ។សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​បាន​និយាយ​អំពី​មេទាហាន បញ្ជាការ​ភូមិភាគ​ទេ សូ​ម្បីតែ​មក​ដល់​ថ្ងៃនេះ ខ្ញុំ​អត់​ដែល​និយាយ និង​និយាយ​ពាក្យ​មេបញ្ជាការ​ភូមិភាគ​ទេ ខ្ញុំ​អត់​ដែលនិយាយ​ប៉ះពាល់​ដល់​គាត់​ទេ ។

ខ្ញុំ​យល់​អំពី​ភារកិច្ច​របស់​មេទ័ពមិន​ថា​មេទ័ព​យើង​ឬ​មេទ័ព​គេទេ ។ ត្រូវ​តែ​មាន​ចរិត​ដូច្នេះ ។ ប៉ុន្តែ​ហេតុ​អ្វី​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​ឯង​ប្រមាថ​មេទ័ព​ដើម្បីតម្រូវ​ចិត្ត​ខ្ញុំ ។ ខ្ញុំ​អត់​ចង់​ដឹង​រឿង​ទេ ។ លោក​ជំទាវ​ចង់​បោកប្រាស់​ខ្ញុំ លោក​ជំទាវ​ចាត់​ទុក​ថា​យុទ្ធសាស្ត្រ​ចរចា ឬ​យុទ្ធវិធី​ចរចា ឬ​តាក់​ទិច​ចរចា ។លោក​ជំទាវ​ស្គាល់ ហ៊ុន សែន តិច​ពេក​ហើយ បើ​ពលរដ្ឋ​ខ្លួនឯង​មិន​ស្មោះត្រង់​ជាមួយ​ពលរដ្ឋ​ខ្លួនឯង​ផង ។យើង​ចង់​ស្វែងរក​កិច្ច​សហប្រតិបត្តិការ ។ ដើម្បី​ឲ្យ​ភ្លឺភ្នែក​ទាំងអស់​គ្នា ឥឡូវ​អន​ឡាញ​ឮ​ទៅ​ដល់​ប្រទេស​ធំ​ៗ ។

ដូច្នេះ​សូម​ឲ្យ​ប្រជាជាតិ​ទាំងអស់​គ្នា​សហប្រតិបត្តិការ​គ្នា អប់រំ​ពលរដ្ឋ​កុំឱ្យ​លេងល្បែង ។កម្ពុជា​នឹង​ត្រៀមខ្លួន​ធ្វើ​ប្រក្រតី​ភាព​ឡើង​វិញ​ជាមួយនឹង​ថៃ ប៉ុន្តែ​ប្រហែលជា​មិន​អាច​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ​ទេ​។ខ្ញុំ​ឮ​ថា ថ្ងៃ​ណាមួយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ថៃ នឹង​ធ្វើការ​ពិនិត្យ​ទៅ​លើ​ការ​ព្យួរ​តំណែង​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន ។សូម​បងប្អូន​ត្រឡប់​មក​ស្រុក​វិញ កុំ​ឲ្យ​គេ​មើលងាយ នៅ​ស្រុក​យើង​ពេល​នេះ ខ្វះ​កម្លាំង​ពលកម្ម​ជិត​៣០​ម៉ឺន​នាក់ ជាមួយនឹង​ការ​ត្រៀម​ទទួល​ពលករ​ទាំងនោះ ដើម្បី​ដោះស្រាយ​ការងារ​ធ្វើ និង​សម្រួល​នូវ​បញ្ហា​ដូច​ជា ការ​ជំពាក់​ធនាគារ​ជាដើម ។ សមាគម​ធនាគារ និង​សមាគម​ហិរញ្ញវត្ថុ បាន​ឆ្លើយ​តប​ជាមួយនឹង​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត រួច​ស្រេច​ទៅ​ហើយ ដើម្បី​ត្រៀម​ជួយ​សម្រួល ឧទាហរណ៍​ដូច​ជា ពន្យារការ​យកការប្រាក់ ឬ​ក៏​ពន្យារ​ការ​សង​ជាដើម ទៅ​តាម​ករណី​នីមួយ​ៗ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ពី​មុន​កម្ពុជា​ខ្វះ​ការងារ​ធ្វើ​មែន ប៉ុន្ដែ​ឥឡូវ​ការងារ​នៅ​ក្នុងស្រុក​ច្រើន​ណាស់ ច្រើន​រហូត​ខ្វះ​កម្មករ​ទៅ​ហើយ គ្រាន់តែ​រោងចក្រ​កាត់ដេរ​ខ្វះ​កម្មករ​មិន​តិច​នាក់​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ ទៅ​ប្រទេស​ថៃ​ខ្លះ​ធ្វើ​ចម្ការ ខណៈ​ចម្ការ​នៅ​កម្ពុជា​មាន​ច្រើន​ណាស់​​ដែល​ខ្វះ​កម្មករ ។លើស​ពី​នេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែនបាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា បើ​អ្នក​ខ្លាំង អ្នក​ដេញកម្មករ​ខ្មែរ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​មក ព្រោះថា ពេល​ដេញ​កម្មករ​ខ្មែរ​មក គឺ​ក្រ​ឡាក់​ចាក់​សេដ្ឋកិច្ច​របស់​អ្នកឯង​ទេ គឺ​រោងចក្រ និង​កសិដ្ឋានមួយ​ចំនួន​នឹង​ត្រូវ​បិទ ។ បើ​អ្នកឯង​ខ្លាំង​សាក​-​ល​មើលទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ