ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញនាវាដឹកប្រេងមកពីថៃឱ្យ​ទៅស្រុកវិញ ខណៈ​ផ្លែដូង​លួចនាំ​ចូលពី​ថៃ​​ចាប់ដុតចោល

9 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ កងទ័ពជើងទឹក​កម្ពុជា​បាន​បណ្តេញ​កប៉ាល់​ដឹក​ប្រេង​ថៃ​មួយ​គ្រឿង​ឈ្មោះ Chetthanabodi 6 ដែល​បាន​លួច​ដឹក​ចូល​មក​ក្នុង​ដែនទឹក​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ កងទ័ពជើងទឹក​កម្ពុជា​បាន​បណ្តេញ​កប៉ាល់​ដឹក​ប្រេង​ថៃ​មួយ​គ្រឿង​ឈ្មោះ Chetthanabodi 6 ដែល​បាន​លួច​ដឹក​ចូល​មក​ក្នុង​ដែនទឹក​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ។

ការ​បណ្ដេញចេញ​នេះ ត្រូវ​បាន​មន្ត្រី​ទ័ពជើងទឹក​ប្រាប់​ថា ជា​ការ​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។ មិន​ត្រឹមតែ​ប្រេង​ទេ កងទ័ពជើងទឹក​កម្ពុជា ក៏​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​លួច​នាំ​ចូល​នូវ​បន្លែ​ផ្លែ​ឈើ​ថៃ តាម​ជើង​ទឹក​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ការ​នាំ​ចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ។ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា បណ្ដា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មាន​លទ្ធភាព​នាំ​ចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រភព​ផ្សេង​គ្រប់គ្រាន់​ហើយ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​យើង កុំ​ថា​ឡើយ​ត្រឹម​មួយ​ខែ ទោះជា​រៀង​រហូត​ក៏​មិនជា​បញ្ហា ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ នេះ​ផង​ដែរ​ថា ចាប់តាំងពី​ឱសានវាទ​របស់​រាជរដ្ឋាភិបាល​ចូល​ជា​ធរមាន​មក មិន​មានការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​ថៃ​មក​កម្ពុជា​ដាច់ខាត ហើយ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​សម្រាប់​តម្រូវការ​របស់​ខ្លួន​ពេញលេញ ។

លួច​នាំ​ផ្លែ​ដូង​ពី​ប្រទេស​ថៃ សមត្ថកិច្ច​កម្ពុជា​ចាប់​ដុត​កម្ទេច​ចោលខេត្តព្រះវិហារ ៖ អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ បាន​ធ្វើការ​ដុត​កម្ទេច​ចោល​ផ្លែ​ដូងក្រអូប​ប្រមាណ​ជាង​មួយ​តោន ក្រោយ​រក​ឃើញ​អំពី​ការ​លួចលាក់​នាំ​ចូល​ឆ្លង​ដែន​ដោយ​មិន​ស្រប​ច្បាប់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​រឹបអូស​ផ្លែ​ដូង​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ទំនិញ​បន្លែ​ស្ពៃក្តោប ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ប្រទេស​ឡាវ​មក​កម្ពុជា​ខុសច្បាប់ ត្រង់​ចំណុច​កំពង់ចម្លង​កំពង់​ស្រឡៅ ស្រុក​ឆែប ។ សមត្ថកិច្ច​បាន​បន្ត​ការ​សិក្សា​ស្រាវជ្រាវ ដល់​គោលដៅ​ឫសគល់​នៃ​ប្រភព​ទំនិញ ក៏​បាន​រក​ឃើញ​ថា បន្លែ​ស្ពៃក្តោប​នោះ​ជា​ផលិតផល​ដាំ​ដុះ​ក្នុង​ប្រទេស​ឡាវ សមត្ថកិច្ច​ក៏​បាន​ផាកពិន័យ​អន្តរការណ៍ និង​ដោះ​លែង​ទៅ​វិញ ។

ខណៈ​ត្រឡប់​មក​វិញ កម្លាំង​សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ពាក់​ផ្លា​ក​លេខ​ក្រុងព្រះសីហនុ ២A-២៣៤៣ កំពុង​ដឹក​ជញ្ជូន​ផ្លែ​ដូង​នៅ​ចំណុច​កំពង់ចម្លង​ដដែល ក៏​បាន​ឃាត់​សាកសួរ និង​បន្ត​ស្រាវជ្រាវ​ករណី​នេះ​ជា​ថ្មី ។ លុះ​ក្រោយមក​ទើប​ដឹង​ថា ផ្លែ​ដូង​ទាំងនោះ​ត្រូវ​បាន​ឈ្មួញ​លួចលាក់​នាំ​ចូល​ពី​ប្រទេស​ថៃ ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ត្រួតពិនិត្យ​ឃើញ​ផ្លែ​ដូងក្រអូប​ទាំងនោះ មាន​ចំនួន​២ ៨៥០​ផ្លែ ស្នើ​នឹង​១ ៥០០​គីឡូក្រាម ទឹកដូង​ច្រក​ដាក់​ដប​ចំនួន​២៨០​ដប ស្មើនឹង​៤២០​លី​ត្រ និង​សាច់ដូង​២៤​គីឡូក្រាម ។ ភ្លាម​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏​បាន​សម្រេច​ឃាត់​ទុក និង​ធ្វើ​របាយការណ៍​រាយការណ៍ រង់ចាំ​ការ​សម្រេច​ពី​ប្រមុខ​ថ្នាក់ដឹកនាំ ។

យោង​តាម​អាជ្ញាធរ​ស្រុក​ឆែប​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​បានការ​ណែនាំ និង​ឯកភាព​ពី​ឯកឧត្ដម គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ លោក ឃិ​ត សុធា​រ៉ា អភិបាលស្រុក​ឆែប បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក ដោយ​បាន​សហការ​ជាមួយ​ពី​មន្ត្រី​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ធំ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ យក​ទំនិញ​ទាំងនោះ ទៅ​ធ្វើការ​ដុត​កម្ទេច​ចោល នៅ​ក្នុង​បរិ​វេណ​សាលាស្រុក​ឆែប ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នកបើកបរ​រថយន្ត​ដឹក​ដូងក្រអូប​នោះ​ផង​ដែរ ។

ប្រតិបត្តិការ​បង្ក្រាប​រឹបអូស​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់​កម្ពុជា ហើយ​អនុវត្ត​នីតិវិធី​ក្នុង​ការ​កម្ទេច​ចោល​នោះ វា​ជា​សញ្ញា​មួយ​នៃ​ការ​ព្រមាន​ដល់​ក្រុម​ឈ្មួញ​ឆ្មក់​នាំ​ចូល ទំនិញ​ឆ្លង​ដែន​ដោយ​គ្មាន​ការ​អនុញ្ញាត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ