ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​បញ្ចប់​ការ​ដេញថ្លៃ​ម៉ូតូដែល​រឹប​អូស​​ពី​បទល្មើស​ជិត​៥​ពាន់​គ្រឿង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងយុត្តិធម៌​បញ្ចប់​ការ​លក់​ដេញថ្លៃ​ម៉ូតូ​ដែល​រឹបអូស​ពី​បទល្មើស​ជិត​៥​ពាន់​​គ្រឿង​ដោយ​មានការ​ចូលរួម​ពី​សាធារណៈជន រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។ ឯកឧត្តម សេង ឌី​ណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងយុត្តិធម៌​បញ្ចប់​ការ​លក់​ដេញថ្លៃ​ម៉ូតូ​ដែល​រឹបអូស​ពី​បទល្មើស​ជិត​៥​ពាន់​​គ្រឿង​ដោយ​មានការ​ចូលរួម​ពី​សាធារណៈជន រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។

ឯកឧត្តម សេង ឌី​ណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា​៖«ការ​ដេញថ្លៃ​នេះ ​ត្រូវ​បាន​ធ្វើ​ចប់​សព្វគ្រប់​អស់ហើយ ហើយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​នេះ​ក៏​បាន​ទទួល​ការ​ជូនដំណឹង អំពី​លទ្ធផល​នៃ​ការ​ដេញថ្លៃ​នេះ​ដែរ​ ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​អះអាង​ថា ដំណើរការ​នៃ​ការ​ដេញថ្លៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ប្រកប​ដោយ​តម្លាភាព ដោយ​មានការ​ចូលរួម​សង្កេតការណ៍ ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ព្រមទាំង​បាន​ប្រកាស​បើកចំហ​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ប៉ុន្មាន​ខែ​មកនេះ ក្រសួងយុត្តិធម៌ ប្រកាស​លក់​ម៉ូតូ ដែល​រឹបអូស​ពី​បទល្មើស​ជិត​៥​ពាន់​គ្រឿង​ដោយ​សាធារណៈជន​ទាំងអស់​ អាច​ចូលរួម​ដេញថ្លៃ​បាន​ដោយ​សេរី​តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងយុត្តិធម៌ ។

បើ​តាម​គណៈកម្មការ​គ្រប់គ្រង និង​ចាត់ចែង​វត្ថុ​តាង (​គ​.​គ​.​ច​.​វ​.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​ប្រកាស រួម​លេខ​១៩២ សហ​វ​.​ប្រក​.​អ​ទច ចុះ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ រវាង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងយុត្តិធម៌ បានឱ្យ​ដឹង​ថា គ​.​គ​.​ច​.​វ​. នឹង​ធ្វើការ​ដាក់​ឱ្យ​ដេញថ្លៃ​លក់​ជា​សាធារណៈ​នូវ​វត្ថុ​តាង​/​វត្ថុ​ចាប់​យក​ដែល​ជា​សំណល់​អេ​ត​ចាយ រួម​មាន​ទោចក្រយានយន្ត​សរុប​ចំនួន ៤,៥៤៤​គ្រឿង របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

សាធារណជន អាច​ចូលរួម​ដេញថ្លៃ​បាន​ដោយ​ត្រូវ​បំពេញ​សំណុំ​បែបបទ និង​លក្ខខណ្ឌ​ដូច មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ដេញថ្លៃ ។ សាលាដំបូង​រាជធានី​ភ្នំពេញ មានការ​ដាក់​លក់​ម៉ូតូ ចំនួន​ប្រមាណ​៤,០៧៦​គ្រឿង ដែល​មាន​តម្លៃ​មូលដ្ឋាន​ជា​សរុប​១២២,២៨០ ដុល្លារ​អា​មេ​រិ​ក ចំណែកឯ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ម៉ូតូ​ប្រមាណ​៤៦៨ គ្រឿង ដែល​មាន​តម្លៃមូលដ្ឋាន១៤,០៤០ ដុល្លារ​អា​មេ​រិ​ក ចាប់ផ្តើម​បើក​លក់ និង​ទទួល​ពាក្យ​ស្នើ​សុំ​ចាប់ពី ថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ