ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ចុះ​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ណែនាំ​ពលករ​ឱ្យ​បង្វែរ​មក​ធ្វើការ​នៅ​កម្ពុជា​វិញ

14 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ទូទៅ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​ច្រក​ទ្វារ​ព្រំដែន​បាន​ផា​កាត ស្រុក​ពោ​ណា​ម​រ៉​ន ខេត្ត​ចាន់​ថា​ក់​បុរី ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់ នៃ​ការ​ចុះ​ពិនិត្យ​នេះ គឺ​ដើម្បី​ស្វែង​យល់​ដោយ​ផ្ទាល់​ពី​ស្ថានភាព ដែល​ពលករ​ខ្មែរ ចេញ​-​ចូល ក្នុង​ប្រទេស​ថៃ ក៏​ដូច​ជា​ការ​ផ្តល់​ការ​ណែនាំ និង​ស្តាប់​បញ្ហា​ប្រឈម​នានា ដែល​ពលករ​កំពុង​ជួប​ប្រទះ ដោយ​ធ្វើការ​ណែនាំ​ឱ្យ​បងប្អូន​ដែល​កំពុង​ត្រឡប់​មក​ខ្មែរ​វិញ ទទួល​បានការ​ងារ​ថ្មី​នៅ​តាម​បណ្តា​ខេត្ត​រៀង​ៗ​ខ្លួន ។

បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ជួប​សំណេះសំណាល​ផ្ទាល់ ជាមួយ​ពលករ​ខ្មែរ​ជា​ច្រើន​រូប បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ ឯកឧត្តម និង​ក្រុមការងារ​សូម​ពន្យល់​ណែនាំ ដល់​ពលករ​ឲ្យ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក​វិញ ជា​ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម សំណង់ និង​កសិកម្ម ដែល​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជា​ច្រើន​នាក់ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពន្យល់​ណែនាំ យ៉ាង​លម្អិត​អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ការ​ធ្វើ​ការងារ​ក្នុង​ប្រទេស​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ទៅ​ចេញ​ទៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ អាច​មើលថែ​ទាំ​ក្រុម​គ្រួសារ និង​ប្រពន្ធ​កូនចៅ​បាន​ដោយ​ជាប់លាប់ ហើយ​អាច​សន្សំ​សំចៃ​ការ​ចំណាយ​ថវិកា កាត់​បន្ថយ​ការ​ចំណាយ​ច្រើន លើ​ការ​ធ្វើ​ដំណើរ ថ្លៃ​លិខិតឆ្លងដែន និង​ត្រូវ​ទិញ​របស់របរ​ថ្លៃ​ៗ នៅ​ឯ​បរទេស ។
ម្យ៉ាងវិញទៀត ការងារ​នៅ​ក្នុងស្រុក​ទទួល​បានការ​ការពារ​សុវត្ថិភាព ស្ថិត​ក្រោម​ការ​ការពារ​ផ្នែក​ច្បាប់ និង​សិទ្ធិ​ការងារ​ពេញលេញ របស់​កម្ពុជា​ផង​ដែរ​។ ក្រៅពី​នេះ ឯកឧត្តម​ក៏​បាន​ណែនាំ​ពលករ ឱ្យ​ពិចារណា​លើ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដែល​ក្រសួង​កំពុង​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ ដើម្បី​បង្កើន​សមត្ថភាព និង​ទទួល​បាន​ការងារ​សមរម្យ ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​មធ្យម​នៅ​ក្នុង​ប្រទេស ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថែម​ទាំង​បាន​ណែនាំ ឱ្យ​ពលករ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ជា​ពិសេស​នៅ​ពេលធ្វើការ​ងារ ក្នុង​បរិយាកាស​ផ្សេង​ៗ ដោយ​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ ចំពោះ​សុខុមាលភាព និង​សុវត្ថិភាព ដល់​ពួក​គាត់​គ្រប់​ៗ​រូប មិន​ថា​កំពុងធ្វើការ​នៅ​ទីណា​នោះ​ទេ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ចុះ​ពិនិត្យ​នេះ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​សុខទុក្ខ របស់​ប្រជា​ពលករ ដែល​បាន​និង​កំពុង​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ថែម​ទៀត​ផង​ដែរ​។ ពួក​គាត់​ក៏​នាំ​គ្នា​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់ ទោះបីជា​ខាង​ថៃ​គេ​ដេញ​លែងឱ្យ​ស្នាក់​នៅ​ធ្វើ​ការងារ​នៅ​ប្រទេស​គេ​ទៀត ក៏​នៅ​ខាង​ខ្មែរ មានការ​ងារ​ធ្វើ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ