ទីក្រុងកៀវ៖ មីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បាញ់ចំមណ្ឌលហ្វឹកហ្វឺនកងទ័ពរបស់អ៊ុយក្រែនបណ្ដាលឱ្យស្លាប់ទាហានបីនាក់ និងរបួស១៨នាក់។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថាទាហានអ៊ុយក្រែនស្លាប់ ឬរបួសប្រហែលពីររយនាក់។ ក្រសួងថ្លែងបន្តទៀតថាមណ្ឌលហ្វឹកហ្វឺនទី១៦៩ក្បែរតំបន់ឆឺនីហ៊ីវ (Chernihiv) រងការវាយប្រហារដោយមីស៊ីលម៉ាកអ៊ីសស្កាន់ដឺ (Isakder) ចំនួនពីរគ្រាប់។
ទន្ទឹមនឹងការវាយប្រហារទីតាំងយោធា រុស្ស៊ីក៏វាយប្រហារទីតាំងស៊ីវិលផងដែរដោយប្រើដ្រូនចំនួន៧៨គ្រឿង។ ក្នុងនោះ ៨គ្រឿងជាប្រភេទដ្រូនដ៏ទំនើបដែលទើបតែផលិតថ្មី និងបំពាក់ម៉ាស៊ីនដែលខ្លាំងរបៀបជាយន្តហោះចម្បាំង។ នេះបើយោងតាមកងទ័ពអាកាសអ៊ុយក្រែន។ មនុស្សយ៉ាងតិច៥នាក់រងរបួសដោយសារការវាយប្រហារដោយដ្រូនទាំងនោះ។
អង្គការសហប្រជាជាតិអះអាងថាចាប់តាំងពីដើមឆ្នាំរហូតដល់ចុងខែមិថុនា (កន្លះឆ្នាំ) ជនស៊ីវិលអ៊ុយក្រែនដែលស្លាប់ និងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ីសរុប៦៧៥៤នាក់។ ពោលគឺកើនឡើង៥៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ អង្គការដដែលនេះបូកសរុបតួលេខថាចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងរហូតមកដល់ពេលនេះ ជនស៊ីវិលអ៊ុយក្រែនយ៉ាងតិច១៣៥៨០នាក់បានស្លាប់។ នៅក្នុងចំណោមនោះ កុមារមានចំនួន៧១៦នាក់។
អ៊ុយក្រែនថ្វីដ្បិតមានទាហានជាងមួយលាននាក់នៅក្នុងដៃប៉ុន្តែត្រូវការជ្រើសរើសជាបន្ទាន់ថែមទៀត។ នៅលើសមរភូមិដែលលាតសន្ធឹងចម្ងាយមួយពាន់គីឡូម៉ែត្រ អ៊ុយក្រែនពិតជាពិបាកបែងចែកថាកម្លាំងណាត្រូវចុះទៅសមរភូមិណាខ្លះ។ កាលពីថ្ងៃអង្គារ លោកហ្សេឡិនស្គីបានចុះហត្ថលេខាលើច្បាប់ថ្មីអនុញ្ញាតឱ្យបុរសអាយុលើស៦០ឆ្នាំអាចចុះឈ្មោះចូលបម្រើកងទ័ពទៅតាមគោលការណ៍ស្ម័គ្រចិត្ត៕
ចែករំលែកព័តមាននេះ