ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​អគ្គិសនី​លក់​បញ្ចុះតម្លៃ​ឡើង​គគ្រឹកគគ្រេង ខណៈ​វៀតណាម​កំពុង​ងាក​ចេញពី​យានយន្ត​ប្រើ​សាំង

21 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ម៉ូតូ​អគ្គិសនី​ស្ទើរតែ​គ្រប់​ម៉ាក​គ្រប់​ម៉ូត កំពុង​តែ​ដាក់​លក់​បញ្ចុះតម្លៃ និង​កម្មវិធី​ផ្តល់​ជូន​ដល់​អតិថិជន​ជា​ច្រើន​ផ្សេង​ទៀត ខណៈ​ដែល​នៅ​ទីក្រុង​ធំ​ៗ​ជា​ច្រើន​របស់​ប្រទេស​វៀតណាម​កំពុង​តែ​ផ្លាស់​ប្តូរ​ជា​បណ្តើរ​ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ការ​ប្រើប្រាស់​យានយន្ត​ប្រើ​ប្រេងសាំង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១…

ប្រទេស​វៀតណាម ៖ ម៉ូតូ​អគ្គិសនី​ស្ទើរតែ​គ្រប់​ម៉ាក​គ្រប់​ម៉ូត កំពុង​តែ​ដាក់​លក់​បញ្ចុះតម្លៃ និង​កម្មវិធី​ផ្តល់​ជូន​ដល់​អតិថិជន​ជា​ច្រើន​ផ្សេង​ទៀត ខណៈ​ដែល​នៅ​ទីក្រុង​ធំ​ៗ​ជា​ច្រើន​របស់​ប្រទេស​វៀតណាម​កំពុង​តែ​ផ្លាស់​ប្តូរ​ជា​បណ្តើរ​ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ការ​ប្រើប្រាស់​យានយន្ត​ប្រើ​ប្រេងសាំង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥​។

ដូច​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​ថា កណ្តាល​ទីក្រុង​ហាណូយ​គួរតែ​ចាប់ផ្តើម​ហាមឃាត់​ម៉ូតូ​ប្រើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២៦ មុន​ពេល​ធ្វើ​ឱ្យ​ទីក្រុង​ទាំងមូល​ក្លាយជា​តំបន់​បញ្ចេញ​ឧស្ម័ន​តិច​នៅ​ឆ្នាំ​២០៣០​។ ទីក្រុង​ហូ​ជី​មិ​ញ​ក៏​គ្រោង​នឹង​បំប្លែង​ការ​ប្រើប្រាស់​ម៉ូតូ​ប្រើ​សាំង​មួយ​ចំនួន​ធំ​ទៅ​ជា​អគ្គិសនី និង​ដាក់​កម្រិត​ជា​ឯកជន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ផង​ដែរ​។

ព័ត៌មាន​ពី​គោលនយោបាយ​ផ្លាស់​ប្តូរ​ទាំងនេះ​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​របស់​វៀតណាម ដែល​ជា​ប្រទេស​មានការ​ប្រើប្រាស់​ទោចក្រយានយន្ត​ច្រើន​បំផុត​មួយ​នោះ បាន​ជំរុញ​ការ​ចំណាប់អារម្មណ៍​ជា​សាធារណៈ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ម៉ូតូ​អគ្គិសនី ហើយ​ជា​លទ្ធផល ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​កំពុង​តែ​បង្កើន​ទុន​លើ​សន្ទុះ​មួយ​នេះ ជាមួយនឹង​ការ​ផ្សព្វផ្សាយ​យ៉ាង​ភ្លូកទឹកភ្លូកដី​។

តួយ៉ាង ក្រុមហ៊ុន VinFast ដែល​ជា​ម៉ាក​យីហោ​ម៉ូតូ​អគ្គិសនី​ក្នុងស្រុក​ឈានមុខ​គេ​នោះ កំពុង​តែ​ផ្តល់​ជូន​ការ​លើកលែង​ថ្លៃ​ចុះបញ្ជី​យានយន្ត និង​ផ្តល់​ការ​បញ្ចុះតម្លៃ ១០% ទៀត សម្រាប់​អតិថិជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍ ឬ​បណ្តោះអាសន្ន​ក្នុង​ទីក្រុង​ហាណូយ​។ ដោយ​ម៉ូតូ​អគ្គិសនី​តម្លៃ​ប្រហែល ៣០​លាន​ដុ​ង ឬ ១ ១៤៤​ដុល្លារ​អា​មេ​រិ​ក អតិថិជន​នឹង​សន្សំ​លុយ​បាន ៣,៦​លាន​ដុ​ង ឬ ១៣៧​ដុល្លារ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ដល់​ថ្ងៃ​ទី​២៤ ខែតុលា​។

លើស​ពី​នេះ​ទៀត កម្មវិធី​ផ្តល់​ជូន​ពិសេស​របស់​ក្រុមហ៊ុន នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន អាច​ប្តូរ​ម៉ូតូ​ប្រើ​សាំង​របស់​ខ្លួន​ជាមួយនឹង​ម៉ូតូ​អគ្គិសនី​ទៅ​តាម​លក្ខខណ្ឌ​របស់​កម្មវិធី​ផ្តល់​ជូន​។ ក្រៅពី VinFast ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​ទាំង​ក្នុងស្រុក និង​បរទេស​ក្នុង​ទីផ្សារ​វៀតណាម ក៏​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀង​ៗ​ខ្លួន​ផង​ដែរ ដើម្បី​ប្រកួតប្រជែង​អំឡុង​ពេល​ទីផ្សារ​កំពុង​ពុះកញ្ជ្រោល​ខ្លាំង​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Znews ឯណោះ​វិញ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា គម្រោង​បំប្លែង​យានយន្ត​ប្រើ​សាំង ៤០​ម៉ឺន​គ្រឿង​ទៅ​ជា​យានយន្ត​អគ្គិសនី​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ម៉ូតូ​អគ្គិសនី​កាន់តែ​មាន​ភាព​រស់​រវើក​ខ្លាំង​ឡើង ដោយ​បណ្តា​ហាង​លក់​ម៉ូតូ​អគ្គិសនី​នៅ​ទីក្រុង​មួយ​នេះ លែង​មាន​ម៉ូតូ​អគ្គិសនី​លក់​ឱ្យ​អតិថិជន​បាន​ភ្លាម​ៗ​ទៀត​ហើយ​។

ហាង​ជា​ច្រើន​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ឥឡូវនេះ ពួក​គេ​មាន​ម៉ូតូ​អគ្គិសនី​តែ​ប៉ុន្មាន​គ្រឿង​ដែល​នៅ​សល់​ពី​ការ​ដាក់​តាំង​បង្ហាញ​ក្នុង​ហាង​ប៉ុណ្ណោះ ខណៈ​ដែល​ហាង​ខ្លះ​ទៀត​ស្ទើរតែ​គ្មាន​ម៉ូតូ​អគ្គិសនី​លក់​ឱ្យ​អតិថិជន​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ