សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ប្រកាសនៅថ្ងៃទី៣០ កក្កដា ថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង រកឃើញកិច្ចព្រមព្រៀងពាណិជ្ចកម្មមួយហើយ ដោយតាមកិច្ចព្រមព្រៀងនេះ បណ្ដាផលិតផលកូរ៉េខាងត្បូងនាំចូលអាមេរិកត្រូវបង់ពន្ធ១៥%។
ប៉ុន្មានម៉ោងមុននេះ លោកត្រាំប្រកាសពីការយកពន្ធ២៥%លើបណ្ដាផលិតផលឥណ្ឌានាំចូល
អាមេរិក ព្រមទាំងពីការដាក់ទណ្ឌកម្មមួយដោយសារតែឥណ្ឌាទិញប្រេងរុស្ស៊ី ។ តាមបណ្ដាញសង្គមTRUTH SOCIAL លោកត្រាំសរសេរថា យើងសម្រេចបានកិច្ចព្រមព្រៀងមួយស្ដីពីពន្ធគយ១៥%សម្រាប់កូរ៉េខាងត្បូង ។
លោកគូសបញ្ជាក់ទៀតថា ក្រុងសេអ៊ូលសន្យាបោះទុនវិនិយោគ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។ ជាមួយកិច្ចព្រមព្រៀងនោះកូរ៉េខាងត្បូងគេចផុត ពីការគំរាមដំបូងរបស់លោកត្រាំយកពន្ធដល់២៥%។
ផ្ទុយពីកូរ៉េខាងត្បូង ឥណ្ឌាជាមុខសញ្ញាយកពន្ធខ្ពស់ពីសំណាក់សហរដ្ឋអាមេរិកដល់២៥% ចាប់ពីថ្ងៃទី១ សីហា ទៅ ហើយនឹងមានការដាក់ទណ្ឌកម្មបន្ថែមមកពីការទិញប្រេងរុស្ស៊ីរបស់ឥណ្ឌា។ លោកត្រាំថា យើងក៏មានឱនភាពពាណិជ្ជកម្មខ្ពស់ជាមួយឥណ្ឌា្ម ហើយឥណ្ឌាក៏ជាអ្នកទិញឧបករណ៍យោធារុស្ស៊ី និងជាម៉ូយប្រេងសំខាន់របស់រុស្ស៊ីរួមជាមួយចិន ។ ដូច្នេះ នឹងមានពន្ធទណ្ឌកម្មបន្ថែមលើពន្ធ២៥% ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១សីហាទៅ ។ កាលពីដើមខែមេសាការប្រកាសយកពន្ធពីឥណ្ឌារបស់លោកត្រាំមាន២៦% ។
សហរដ្ឋអាមេរិក ទើបប្រកាសពីការយកពន្ធ៥០%ថែមទៀតប្រឆាំងប្រេស៊ីល និងទណ្ឌកម្មប្រឆាំងចៅក្រមប្រេស៊ីលម្នាក់នៅក្នុងតុលាការកំពូលប្រេស៊ីល ព្រោះតែចៅក្រមរូបនេះសម្រេចកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីល លោកហ្សាអៀបុល សូណារ៉ូ សម្ព័ន្ធមិត្តលោកត្រាំ ពីបទប៉ងធ្វើរដ្ឋប្រហារ ៕
ចែករំលែកព័តមាននេះ