ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​គ្មាន​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ថៃ ក៏​បន្លែ​កសិករ​ក្នុងស្រុក នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត​ប៉ៃលិន មិន​ឡើងថ្លៃ​ទេ

13 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ទោះបីជា​គេ​សង្កេត​ឃើញ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បាន​បិទទ្វារ​អស់​រយៈពេល​យូរថ្ងៃ​កន្លង​មក មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​នូវ​បន្លែ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ទោះបីជា​គេ​សង្កេត​ឃើញ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បាន​បិទទ្វារ​អស់​រយៈពេល​យូរថ្ងៃ​កន្លង​មក មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​នូវ​បន្លែ និង​ទំនិញ​ផ្សេង​ៗ​យ៉ាងណា​ក្តី ក៏​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ បាន​នាំ​គ្នា​ងាក​មក​គាំទ្រ​កសិផល​ក្នុងស្រុក​វិញ ហើយ​ក៏​សុំ​ឱ្យ​ឈប់​នាំ​ចូល​នូវ​បន្លែ​ផ្លែ​ឈើ​ពី​ក្រៅប្រទេស​បន្ត​ទៀត​ដែរ គឺ​ដើម្បី​ជួយ​លើកកម្ពស់​តម្លៃ​ទីផ្សារ​កសិផល​ខ្មែរ ហើយ​ជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​ក្រៅប្រទេស ព្រោះ​ពួក​គាត់​អាច​នាំ​គ្នា​ធ្វើ​កសិកម្ម​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ​ដើម្បី​លក់ដូរ ។

បើ​តាម​ទិដ្ឋភាព​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥​នេះ នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី ជា​ផ្សារ​ដែល​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​សភាព​អ៊ូរ​អរ​ដូច​ធម្មតា ដោយ​សំបូរ​បងប្អូន​ប្រជាពលរដ្ឋ​ចេញចូល​ទិញ​បន្លែ​ផ្លែ​ឈើ ដោយ​មិន​ខ្វល់​ពី​ការ​បិទ​ច្រក​ទ្វារ​អ្វី​នោះ​ឡើយ ដោយ​ពួក​គាត់​ម្នាក់​ៗ បាន​ងាក​មក​គាំទ្រ និង​ជឿជាក់​ទៅ​លើ​រដ្ឋាភិបាល ហើយ​បន្លែ​ផ្លែ​ឈើ​ក៍​មិន​បាន​យក​មក​ពី​ប្រទេស​ថៃ​ដែរ ភាគច្រើន​គឺជា​បន្លែ​ផ្លែ​ឈើ​ដែល​ប្រមូល​ផល​នៅ​ក្នុងស្រុក​ទាំងអស់​តែ​ម្តង ។

បើ​តាម​ការ​រៀបរាប់​ពី​លោក មាស វុ​ធ ប្រធាន​គណៈកម្មការ​ផ្សារ​សាមគ្គី​ប៉ៃលិន បានឱ្យ​ដឹង​ថា ផ្សារ​របស់​លោក​លក់ដូរ​តាម​តម្លៃ​ធម្មតា ពោល​គឺ​មិន​មានការ​ឡើងថ្លៃ​ខ្ពស់​អ្វី​នោះ​ទេ គឺ​តម្លៃ​ដូច​មិន​ទាន់​បិទ​ច្រក​ទ្វារ​ព្រំដែន​អ​ញ្ចឹ​ង​ដែរ ។

លោក​ប្រធាន​គណៈកម្មការ​ផ្សារ បាន​បន្ត​ទៀត​ថា ក្រោម​ការ​ណែនាំ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក លី សុង​ហ៊ី អភិបាលក្រុង​ប៉ៃលិន ឱ្យ​ខាង​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ណែនាំ និង​ពន្យល់​ដល់​អាជីវករ ពី​សភាពការណ៍​ផ្សេង​ៗ និង​ពី​តម្លៃ​ការ​លក់ដូរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​តម្លើង​ថ្លៃ​ហួស​ពី​មុន​ឡើយ ត្រូវ​តែ​លក់ដូរ​ក្នុង​តម្លៃ​សមរម្យ ទោះបីជា​គ្មាន​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​ក៏​ដោយ ។

លោក​ក៍​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ នាំ​គ្នា​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នេះ ព្រោះ​ឥឡូវ​ពលរដ្ឋ​យើង​បាន​ងាក​មក​គាំទ្រ​កសិផល​ក្នុងស្រុក​យ៉ាង​ខ្លាំង ព្រោះ​ជា​ផលិតផល​ដែល​ប្រកបដោយ​ធម្មជាតិ មិនសូវ​មាន​សារធាតុ​គីមី​ច្រើន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ