ខេត្តកណ្តាល ៖ កម្មករ កម្មការនី រត់ចែកជើងគ្នា ខណៈពេលកំពុងធើ្វការសុខៗ ស្រាប់តែមានគេស្រែកថា មានភ្លើងឆេះបង្កមានការភ្ញាក់ផ្អើលរាយការណ៍សមត្ថកិច្ចជួយចេញអន្តរាគមន៍ ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុច រោងចក្របាញ់ថ្នាំស្បែកមិនទាន់ឆ្នៃ សម្រាប់ធ្វើខ្សែរក្រវ៉ាត់ការបូប «រោងចក្រប្រូផេលលីខេមបូឌា» ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ម្ចាស់ទីតាំងមានឈ្មោះ យ៉ា ហុងសេន អាយុ៤៥ឆ្នាំ រស់ក្នុងនៅក្នុងរោងចក្រកើតហេតុខាងលើ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មករក្នុងរោងចក្របានឃើញមានផ្សែង និងអណ្ដាតភ្លើងខ្លាំងឡើងៗ នៅកន្លែងបាញ់ថ្នាំ ក្នុងរោងចក្រ ពេលនោះកម្មករបាននាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ទើបនាំគ្នារាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទំនាក់ទំនងទៅកម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់ និងសង្គ្រោះ ភ្លាមៗ ក្នុងប្រតិបត្តិការបាញ់ពន្លត់ទប់ស្កាត់នោះកម្លាំងជំនាញបានធ្វើការរុករក បន្ថែមទៀតខ្លាចមានមនុស្សជាប់គាំងនៅខាងក្នុង សំណាងល្អគ្មានអ្នករងរបួស ។
ប្រតិបត្តិការបាញ់ពន្លត់ហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ទើបគ្រប់គ្រងមិនអោយមានការ រីករាលដាលបន្ត ៕




ចែករំលែកព័តមាននេះ