ទីក្រុងកូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសថា តម្លៃសាំងប្រភេទ RON95 នឹងត្រូវបញ្ចុះមកត្រឹម១,៩៩រីងហ្គីត ស្មើនឹង៤៧សេនដុល្លារអាមេរិក ឬ ១ ៩០០រៀលក្នុង១លីត្រ សម្រាប់ប្រជាជនម៉ាឡេស៊ីដែលមានសិទ្ធិក្រោមគម្រោងឧបត្ថម្ភធនថ្មី ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយរដ្ឋាភិបាលក្នុងបំណងបន្ធូរបន្ថយការចំណាយថ្លៃរស់នៅ។
តាមសេចក្តីរាយការណ៍ពីកាសែតម៉ាឡេស៊ី New Straits Times បានឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថា នៅពេលដែលការអនុគ្រោះឧបត្ថម្ភធនលើសាំងប្រភេទ RON95 ចូលជាធរមាន ប្រជាជនម៉ាឡេស៊ីនឹងរីករាយជាមួយតម្លៃទាប ដោយលោកបានបន្ថែមទៀតថា ព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញនៅចុងខែកញ្ញាខាងមុខនេះ។
លោក អាន់វ៉ា ដែលមានតួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានពន្យល់ថា ជនបរទេសនឹងមិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភនេះទេ ហើយត្រូវបង់ថ្លៃតាមតម្លៃទីផ្សារ។ លោកកត់សម្គាល់ថា ការផ្លាស់ប្តូរនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរយានយន្តប្រមាណ១៨លាននាក់ រួមទាំងយុវជនចាប់ពីអាយុ១៦ឆ្នាំ និងអ្នកដឹកជញ្ជូនកញ្ចប់អីវ៉ាន់ផងដែរ។
នៅប្រទេសម៉ាឡេស៊ី អ្នកបើកបរបច្ចុប្បន្នត្រូវបង់តម្លៃថេរលើសាំងប្រភេទ RON95 ចំនួន ២,០៥រីងហ្គីត ស្មើនឹង ៤៨សេនដុល្លារ ឬ ១ ៩៥០រៀលក្នុង១លីត្រ ដោយសារតែសាំងប្រភេទនេះ ទទួលបានការឧបត្ថម្ភធនមួយផ្នែករួចទៅហើយ ដើម្បីរក្សាតម្លៃឱ្យសមរម្យសម្រាប់ក្រុមប្រជាជនមានចំណូលទាប។
លោក អាន់វ៉ា បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៣ និង ២០២៤ ការឧបត្ថម្ភធនសម្រាប់សាំង RON95 ត្រូវបានប៉ាន់ប្រមាណថាចំណាយអស់ជិត២០ពាន់លានរីងហ្គីត ឬជាង ៤,៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ សូម្បីតែនៅឆ្នាំ២០២៥ ទោះជាតម្លៃប្រេងពិភពលោកធ្លាក់ចុះក៏ដោយ ក៏តម្លៃមិនទទួលបានការឧបត្ថម្ភធនសម្រាប់សាំង RON95 នៅតែមានតម្លៃប្រហែល ២,៥០រីងហ្គីត ស្មើនឹង ៥៩សេនដុល្លារ ឬ ២ ៣៧០រៀលក្នុង១លីត្រ ដែលខ្ពស់ជាងអត្រាឧបត្ថម្ភធនដែលប្រជាជនម៉ាឡេស៊ីកំពុងតែទទួលបាននាពេលបច្ចុប្បន្ន។
ការកាត់បន្ថយតម្លៃប្រេងសាំង RON95 គឺជាផ្នែកមួយនៃកញ្ចប់ជំនួយមានបំណងបន្ធូរបន្ថយសម្ពាធនៃការរស់នៅ និងបន្ទន់ផលប៉ះពាល់ពន្ធលើការលក់ និងសេវាកម្ម។ កញ្ចប់នេះ ក៏រួមបញ្ចូលទាំងការចែកចាយសាច់ប្រាក់ ១០០រីងហ្គីត ស្មើនឹង ២៣ដុល្លារ ដែលកំណត់នឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃទី៣១ ខែសីហា ខាងមុខនេះ សម្រាប់ប្រជាជនដែលមានសិទ្ធិទទួល៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ