ខេត្តព្រះវិហារ ៖ ជួយដាក់ចំណងជើងអត្ថបទមួយោ:ខេត្តព្រះវិហារ ៖ ដោយផ្អែកទៅលើស្ថានភាពដី ដែលមានជីវជាតិ អំណោយផលជាវិជ្ជមានចំពោះដំណាំស្វាយចន្ទី ស្របនឹងតម្លៃទីផ្សារល្អប្រសើរ ប្រជាកសិករនៅខេត្តព្រះវិហារ មានទំនុកចិត្ត ដើម្បីពង្រីក និងបង្កបង្កើនផ្ទៃដីដាំដុះរហូតបច្ចុប្បន្ន ប្រជាកសិករអាស្រ័យផលលើដំណាំស្វាយចន្ទីនេះ មានចំនួន ២៨.៩៦៥ ហិកតា ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ឱ្យដឹងថា ៖ ក្នុងឆ្នាំ២០២៥ ខេត្តព្រះវិហារ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទី សរុបមានចំនួន ៣១.៨៦២ ហិកតា ។ ផ្ទៃដីប្រមូលផលមានចំនួន ២៨.៩៦៥ ហិកតា។ ទិន្នផលមធ្យមក្នុងហិកតា ១,៥តោន ។សម្រាប់ តម្លៃគ្រាប់សើមចន្លោះពី៤,៥០០រៀលទៅ ៥,០០០រៀលក្នុងគីឡូក្រាម ហើយបរិមាណផលគិតជាតោនក្នុងឆ្នាំ ៤៣,៤៤៧.៥ តោន ស្មើនឹង ១៩៥,៥១៣,៧៥០,០០០រៀល ឬស្មើ ៤៨,៨៧៨,៤៣៧.៥ដុល្លារ នេះបើតាមរបាយការណ៍ឆ្នាំ២០២៥ ។
ពាក់ព័ន្ធទៅនឹងវិសាលភាព នៃដំណាំកសិកម្មមួយនេះ ក៏បានជំរុញអោយកសិកររួបរួមពួតដៃគ្នាបង្កើតជាសហគមន៍កសិកម្មឡើង ចំនួន១៤សហគមន៍។ សហគមន៍ទាំងនេះ ក៏ទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។ ក្រោយទទួលបានការផលិតយ៉ាងច្រើនសហគមន៍កសិកម្មទាំងនេះ ក៏ទទួលបានការលើកស្ទួយគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។
នាថ្មីៗនេះគម្រោងវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏បានចែកចាយម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច សរុបចំនួន៤៤គ្រឿង ដល់សហគមន៍កសិកម្ម ។ ម៉ាស៊ីនដែលបានផ្ដល់ជូននេះ ជាផលិតផលនាំចូលពីប្រទេសចិន ប្រើប្រាស់ម៉ូទ័រស៊ីភ្លើង ១.២គីឡូវ៉ាត់ ក្នុង ១ម៉ោង, អាចបកសំបកគ្រាប់ស្វាយចន្ទីបាន ៤គ្រាប់ ក្នុងពេលតែមួយ មានសមត្ថភាពអាចបកគ្រាប់ស្វាយចន្ទី បានរហូតដល់ ១០០គីឡូក្រាម ក្នុង ១ម៉ោង ដែលជួយសន្សំសំចៃពេលវេលា និងបង្កើនប្រសិទ្ធភាពការងារ ។
ក្នុងការផ្ដល់ជូននេះ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ រួមជាមួយមន្ទីរផែនការខេត្ត និងតំណាង UNDP អ្នកបច្ចេកទេសម៉ាស៊ីន បានចូលរួមយ៉ាងសកម្ម ដោយបានធ្វើការណែនាំ និងបង្ហាញយ៉ាងលម្អិតពីរបៀបប្រើប្រាស់ ធ្វើប្រតិបត្តិការដោយសុវត្ថិភាព និងការថែទាំម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច ដល់ក្រុមកសិករសហគមន៍ ដើម្បីធានា នូវប្រសិទ្ធភាព និងនិរន្តរភាព នៃការប្រើប្រាស់ម៉ាស៊ីនទាំងនេះ ។
ការគាំទ្រនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ តាមរយៈការបង្កើនផលិតភាព និងប្រាក់ចំណូលក្នុងគ្រួសារ ៕








ចែករំលែកព័តមាននេះ