ទីក្រុងញូដេលី៖ បន្ទាប់ពីអាមេរិកដំឡើងពន្ធគយទៅលើទំនិញរបស់ឥណ្ឌារហូតដល់៥០% ឥណ្ឌាចាប់ផ្ដើមវាយបកវិញ។ ក្រុមហ៊ុនរបស់អាមេរិកដែលមានសាខានៅឥណ្ឌាកំពុងប្រឈមនឹងការធ្វើពហិកាមិនទិញទំនិញរបស់ពួកគេពីសំណាក់ប្រជាជនឥណ្ឌា។ ការអំពាវនាវថ្មីបំផុតនេះចេញពីលោកបាបា រ៉ាំដេវ (Baba Ramdev) ជាគ្រូបង្ហាត់យោហ្កា (yoga) និងជាម្ចាស់អាជីវកម្មដែលមានអ្នកតាមដាន ឬហ្វូឡូ (follow) ជិតបីលាននាក់។
លោករ៉ាំដេវដែលជាបុគ្គលដ៏ល្បីម្នាក់ផងដែរនោះថ្លែងថាប្រជាជនឥណ្ឌាគួរតែធ្វើពហិកាឈប់ប្រើផលិតផលអាមេរិកទាំងស្រុង។ យើងមិនចង់ឃើញជនជាតិឥណ្ឌាណាម្នាក់ទិញប៉ិបស៊ី, កូកាកូឡា, សាប់វេ (Subway), ខេអែហ្វស៊ី (KFC) ឬមេកដូណលទេ (McDonald’s)។ ការធ្វើពហិកាលើកនេះអាចនឹងមានទំហំធំ។ លោកថ្លែងថាបើសិនយើងធ្វើស្រុះដៃគ្នាបែបនេះ ក្រុមហ៊ុនរបស់អាមេរិកនឹងមានបញ្ហា។
ការអំពាវនាវរបស់លោករ៉ាំដេវជាការឆ្លុះបញ្ចាំងឱ្យឃើញគំនិតប្រឆាំងអាមេរិកដែលចាប់ផ្ដើមកើតឡើងកាន់តែច្រើនឡើងៗនៅក្នុងចំណោមប្រជាជនឥណ្ឌានារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ អ្នកបើកយុទ្ធនាការធ្វើពហិកា និងអ្នកតំណាងរាស្ត្រសម្ដែងការខឹងសម្បារយ៉ាងខ្លាំងទៅនឹងការដំឡើងពន្ធ។ ទន្ទឹមនោះនោះ នាយករដ្ឋមន្ត្រីឥណ្ឌាអំពាវនាវឱ្យប្រជាជនពង្រឹងភាពឯករាជ្យ-ម្ចាស់ការ ខ្លួនទីពឹងខ្លួន។
ឥណ្ឌាសព្វថ្ងៃនេះមានប្រជាជនជិត១៥០០លាននាក់។ ដូច្នេះ ការធ្វើពហិកាមិនទិញទំនិញអាមេរិកអាចនឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកដែលមានសាខានៅឥណ្ឌាប្រឈមនឹងការខាតបង់ខ្លាំង។ ជាពិសេស បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌាអំពាវនាវឱ្យប្រជាជនឈប់ប្រើទំនិញបរទេស ហើយប្រើតែទំនិញក្នុងស្រុក។ លោកត្រាំចាប់ផ្ដើមអនុវត្តពន្ធគយ៥០%កាលពីប៉ុន្មានថ្ងៃមុននេះក្រោមហេតុផលថាឥណ្ឌានៅតែបន្តទិញប្រេងឆៅពីរុស្ស៊ី។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ