ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​រំពឹង​ថា​នឹង​ក្លាយ​ជា​នា​យក​រដ្ឋ​មន្ត្រី​ថ្មី​ឆាប់​ៗ​នេះ

9 ម៉ោង មុន

ទី​ក្រុង​ហ្សា​កា​តា៖ ​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញា​ថៃ​ដក​តំណែង​លោក​ស្រី​ផែ​ថង​ថាន​កាល​ពី​ម្សិល​មិញ មិន​រង់​ចាំ​យូរ​ទេ​ ប្រធាន​គណបក្ស​ភូមិ​ចៃ​ថៃ​​ដែល​ទទួល​បាន​អាសនៈ​លំដាប់​ទី​៣​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នោះ​ក៏​​កំពុង​ដើរ​ទាក់​ទង​គណ​បក្ស​នយោបាយ​ដែល​មានអាសនៈ​នៅ​ក្នុង​សភា​ដើម្បី​បញ្ជូន​ឈ្មោះ​របស់​លោក​ទៅ​ឱ្យ​សភា​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​នា​ពេល​ខាង​មុខ​។ លោក​អនុ​ទីន​​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខ​ជន​​៤​​នាក់​ដែល​​មាន​សិទ្ធិ​ស្នើ​បេក្ខ​ភាព​ទៅ​សភា​។ នេះ​បើ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ថៃ​។ ឥឡូវ​នេះ​មិន​ត្រឹម​តែ​គណ​បក្ស​ភូមិ​ចៃ​ថៃ​ទេ គណ​បក្ស​ភឿថៃ​ក៏​​ដើរ​ទាក់​ទង​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​ដើម្បី​ស្នើ​បេក្ខ​ភាព​ខ្លួន​ទៅ​ឱ្យ​សភា​អនុម័ត​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ត្រង់​ថា​គណ​បក្ស​ភូមិ​ចៃ​ថៃ​អាច​រក​បាន​សំឡេង​គាំទ្រ​ច្រើន​គួរ​សម​។ មាន​ន័យ​ថា​​លោក​​អនុ​ទីន​អាច​នឹង​មាន​ឱកាស​​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​។…

ទី​ក្រុង​ហ្សា​កា​តា៖ ​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញា​ថៃ​ដក​តំណែង​លោក​ស្រី​ផែ​ថង​ថាន​កាល​ពី​ម្សិល​មិញ មិន​រង់​ចាំ​យូរ​ទេ​ ប្រធាន​គណបក្ស​ភូមិ​ចៃ​ថៃ​​ដែល​ទទួល​បាន​អាសនៈ​លំដាប់​ទី​៣​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នោះ​ក៏​​កំពុង​ដើរ​ទាក់​ទង​គណ​បក្ស​នយោបាយ​ដែល​មានអាសនៈ​នៅ​ក្នុង​សភា​ដើម្បី​បញ្ជូន​ឈ្មោះ​របស់​លោក​ទៅ​ឱ្យ​សភា​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​នា​ពេល​ខាង​មុខ​។ លោក​អនុ​ទីន​​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខ​ជន​​៤​​នាក់​ដែល​​មាន​សិទ្ធិ​ស្នើ​បេក្ខ​ភាព​ទៅ​សភា​។ នេះ​បើ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ថៃ​។

ឥឡូវ​នេះ​មិន​ត្រឹម​តែ​គណ​បក្ស​ភូមិ​ចៃ​ថៃ​ទេ គណ​បក្ស​ភឿថៃ​ក៏​​ដើរ​ទាក់​ទង​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​ដើម្បី​ស្នើ​បេក្ខ​ភាព​ខ្លួន​ទៅ​ឱ្យ​សភា​អនុម័ត​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ត្រង់​ថា​គណ​បក្ស​ភូមិ​ចៃ​ថៃ​អាច​រក​បាន​សំឡេង​គាំទ្រ​ច្រើន​គួរ​សម​។ មាន​ន័យ​ថា​​លោក​​អនុ​ទីន​អាច​នឹង​មាន​ឱកាស​​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​អនុ​ទីន​ថា​បន្ទាប់​ពី​ឮ​សេចក្ដី​សម្រេច​របស់​តុលាការ​ភ្លាម លោក​​បាន​កោះ​ប្រជុំ​មន្ត្រី​សំខាន់​ៗ​ និង​សម្រេច​គ្នា​ថា​ប្រទេស​ថៃ​មិន​អាច​បណ្ដោយ​ឱ្យ​ជាប់​គាំង​នយោបាយ​​​​ទេ​។ មាន​ន័យ​ថា​ត្រូវ​តែ​រក​មេ​ដឹក​នាំ​ថ្មី​ឱ្យ​បាន​ឆាប់​ៗ​នេះ​។​

លោក​ថ្លែង​ថា​រដ្ឋា​ភិបាល​​​មុន​​​​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន​ទេ​។ ប៉ុន្តែ​យើង​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​ធ្វើ​រឿង​នេះ​បាន​។ យើង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​រឿង​ជាតិ​ និង​ចង់​ស្ដារ​សន្តិ​ភាព និង​ស្ថិ​រភាព​ឡើង​វិញ​។ លោក​អានុទីន​សង្កត់​ធ្ងន់​ថា​គណ​បក្ស​របស់​លោក​បាន​ឯក​ភាព​ទទួល​យក​លក្ខ​ខណ្ឌ​របស់​គណ​បក្ស​ប្រជា​ជន​ (ថៃ) រួច​ហើយ​​។​ ជា​ថ្នូរ​ត្រឡប់​មក​វិញ​ គណ​បក្ស​ប្រជា​ជន​យល់​ព្រម​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ភាព​របស់​លោក​នៅ​រដ្ឋ​សភា​។ មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​ទាំង​២​ទើប​តែ​ពិភាក្សា​គ្នា​​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​។

យោង​តាម​លោក​អនុ​ទីន សម្ព័ន្ធ​ភាព​គណ​បក្ស​ឯក​ភាព​គ្នាលើ​ចំណុច​មួយ​ចំនួន​ដូច​ជា​៖ ទី១-​ធ្វើ​ប្រជា​មតិ​ដើម្បី​សម្រេច​ថា​ត្រូវ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ ឬ​យ៉ាង​ណា, ទី​២​​-ដោះ​ស្រាយ​ជម្លោះ​ (ជា​មួយ​ប្រទេស​ជិត​ខាង) ដើម្បី​ស្ដារ​សន្តិ​ភាព និង​ចរ​ចា​ជា​មួយ​ប្រទេស​ជិត​ខាង​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​ឡើង​វិញ​។ លក្ខ​ខណ្ឌ​មួយ​ទៀត​គឺ​ការ​សន្យា​ផ្ទេរ​អំណាច​ជូន​ប្រជា​រាស្ត្រ​ថៃ​វិញ​នៅ​ក្នុង​រយៈ​ពេល​៤​ខែ​នៃ​ការ​កាន់​អំណាច​។ រដ្ឋាភិបាល​របស់​លោក​នឹង​រំលាយ​សភា​ដើម្បីរៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​​នៅ​អាណត្តិ​ថ្មី​​។

គណ​បក្ស​ភូមិ​ចៃ​ថៃ​អះ​អាង​ថា​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​នឹង​មិន​កាន់​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ត្រៀម​បង្កើត​​ថ្មី​នោះ​ទេ​។ លោក​អនុទីន​ប្រកាស​ថា​យើង​ចង់​ដោះ​ស្រាយ​បញ្ហា​ និង​ផ្ទេរ​អំណាច​ជូន​ប្រជា​រាស្ត្រ​វិញ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​​ថ្មី​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​នៅ​​​សល់​​ចំណុច​​តិច​តួចតែ​ប៉ុណ្ណោះ​​ដែល​ត្រូវ​និយាយ​គ្នា​ទៀត​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ព្រោះ​គណ​បក្ស​ប្រជា​ជន​​​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ជា​លាយ​លក្ខណ៍​អក្សរ​។

​សំឡេង​គាំទ្រ​ពី​គណ​បក្ស​ប្រជា​ជន​ពិត​ជាមាន​សារៈ​​សំខាន់​ណាស់​ព្រោះ​គណ​បក្ស​នេះ​មាន​អ្នក​តំណាង​រាស្ត្រ​ច្រើន​ជាង​គេ​រហូត​ដល់​១៤៣​រូប​​នៅ​ក្នុង​រដ្ឋ​សភា​។ ​ចំពោះ​សំណួរ​ថា​បើ​រំលាយ​សភា​ឆាប់​ពេក​បែប​នេះ​មិន​ល្អ​ទេ​ដឹង? លោក​អនុទីន​ថ្លែង​ថា​គ្មាន​ឡើយ​ពាក្យ​ថា​ឆាប់​ពេក​ ឬ​យូរ​ពេក​នៅ​ក្នុង​នយោ​បាយ។ លោក​សូម​មិន​បញ្ជាក់​ច្បាស់​ៗ​ថា​តើ​​​អ្នក​តំណាង​រាស្ត្រ​ប៉ុន្មាន​នាក់​ដែល​ត្រៀម​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ភាព​របស់​លោក​។ លោក​គ្រាន់​តែ​បង្ហើប​ដោយ​ខ្លី​ថា​លោក​បាន​កៀង​គរ​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ហើយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​​ថ្មី​។

គេ​សង្កេត​ឃើញ​​មន្ត្រី​ធំៗ​របស់​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​ក៏​មាន​វត្ត​មាន​​នៅ​ក្បែរ​លោក​អនុ​ទីន​ផង​ដែរ​នៅ​ពេល​លោក​ផ្ដល់​បទ​សម្ភាស​ជូន​អ្នក​សារ​ព័ត៌​មាន​។ ក្នុង​នោះ​មាន​​មន្ត្រី​របស់​គណ​បក្ស​រួម​ថៃ​សាង​ជាតិ, គណ​បក្ស​ផាឡាំង​ប្រឆា​រ៉ាត់, គណ​បក្ស​ប្រជា​ធិប​តេយ្យ​ និង​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ភឿ​ថៃ​មួយ​រូប​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​​ប្រភពពី​ទូរ​ទស្សន៍ភី​ប៊ី​អែស (PBS)​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ