ទីក្រុងកៀវ៖ ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកចូហាន់ វ៉ាត់ដឺភូល (Johann Wadephul) បំពេញទស្សនកិច្ចស្ងាត់ៗដោយឥតប្រកាសទុកជាមុនទេរហូតដល់ធ្វើដំណើរទៅដល់ទីក្រុងកៀវទើបប្រកាសឱ្យដឹង។ ទស្សនកិច្ចលើកនេះធ្វើឡើងដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រ និងផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវដើម្បីតស៊ូនៅក្នុងសង្គ្រាម។ ទន្ទឹមនឹងនោះ កិច្ចខិតខំប្រឹងប្រែងរបស់ត្រាំដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធីហាក់ដូចជាមិនសូវរីកចម្រើនទៅមុខទាល់តែសោះ។
លោកវ៉ាត់ដឺភូលគ្រោងជួបលោកហ្សេឡិនស្គី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដើម្បីពិភាក្សាគ្នាថាត្រូវរកវិធីស្រាយបញ្ហាតាមមធ្យោបាយណាខ្លះ។ លោកវ៉ាត់ដឺភូលថ្លែងនៅក្នុងសេចក្ដីប្រកាសថាជំនួយរបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែននឹងបន្តធ្វើដូចភ្លៀងរលឹម (ដោយឥតកំណត់ពេលវេលា) ដើម្បីធានាថាប្រទេសនេះមានសមត្ថភាពពេញលេញក្នុងការការពារខ្លួន។
អាល្លឺម៉ង់នឹងជួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងអាវុធដទៃទៀត។ ជាមួយគ្នានោះ អាល្លឺម៉ង់ក៏បន្តជួយជំនួយមនុស្សធម៌ និងជំនួយសេដ្ឋកិច្ចផងដែរ។ អាល្លឺម៉ង់ជាប្រទេសផ្ដល់ជំនួយយោធាធំលំដាប់ទី២បន្ទាប់ពីអាមេរិក។ ប៉ុន្តែចំណុច១ដែលអាល្លឺម៉ង់នៅស្ទាក់ស្ទើរគឺការស្នើសុំរបស់លោកហ្សេឡិនស្គីដែលចង់បានគ្រាប់មីស៊ីលម៉ាកថូរ៉ូស (Taurus) ដើម្បីវាយប្រហារឆ្ងាយៗទៅក្នុងទឹកដីរុស្ស៊ី។ អាល្លឺម៉ង់មិនហ៊ានឱ្យទេព្រោះខ្លាចរុស្ស៊ីខឹងសម្បារ។ ស្រួលមិនស្រួលអាចផ្ទុះសង្គ្រាមរុស្ស៊ី-ណាតូ។
ប៉ុន្តែអាល្លឺម៉ង់ក៏មិនឱ្យអ៊ុយក្រែនអស់សង្ឃឹមដែរ។ អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីច ម៊ែក (Friedrich Merz) សន្យាកាលពីខែឧសភាថាលោកនឹងជួយផលិតជើងទម្រ និងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកដីអ៊ុយក្រែនផ្ទាល់តែម្ដង។ លោកវ៉ាត់ដឺភូលទៅអ៊ុយក្រែនលើកនេះក៏អមដំណើរដោយក្រុមអ្នកតំណាងខាងឧស្សាហកម្មការពារជាតិរបស់អាល្លឺម៉ង់ផងដែរ៕
ចែករំលែកព័តមាននេះ