ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ព្រមាន​ថៃ​ថា​៖ ហ៊ាន​បិទ​ប្រាសាទតាមាន់ធំ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឡើង​ទៅ​លេង ដឹង​តែ​មានរឿង​ហើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តាំ​ទៅ​ភាគី​ថៃ​ថា កុំ​ហ៊ាន​ព្រហើន​បិទ​តំបន់​ប្រាសាទតាមាន់ធំ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើង​ទៅ​លេង​ឲ្យ​សោះ តែបើ​ហ៊ាន​ពិតជា​រឿង​ជាមួយ​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តាំ​ទៅ​ភាគី​ថៃ​ថា កុំ​ហ៊ាន​ព្រហើន​បិទ​តំបន់​ប្រាសាទតាមាន់ធំ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើង​ទៅ​លេង​ឲ្យ​សោះ តែបើ​ហ៊ាន​ពិតជា​រឿង​ជាមួយ​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ ។

ថ្លែង​ក្នុង «​ទិវា​មច្ឆជាតិ ១​កក្កដា ២០២៥» និង​លែង​កូន​ត្រី​ប្រមាណ​១.៥​លាន​ក្បាល ចូល​បឹង​ទន្លេ​បាទី ស្ថិត​នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​១ កក្កដា សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ​ទាំង​៤​ដែល​មាន​ប្រាសាទតា​មាន់​ធំ​, តា​មាន់​តូច​, តា​ក្របី និង​មុំ​បី ជា​ពិសេស ប្រាសាទតាមាន់ធំ កុំ​ឃើញ​កម្ពុជា​ស្ងៀមស្ងាត់ មិន​មាត់​កុំ​គិត​ថា កម្ពុជា​ខ្លាច​ខ្លួន​ឲ្យ​សោះ ប៉ុន្តែ​កម្ពុជា​មាន​ពេលវេលា​ឆ្លើយ​តប​គ្រប់ពេល​ទាំងអស់ ខណៈ​កម្ពុជា​នៅ​តែ​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី និង​ច្បាប់​អន្តរជាតិ​តាម​រយៈ​យន្តការ​តុលាការអន្តរជាតិ​យុត្តិធម៌​(ICJ)​ដដែល ដោយ​គ្មាន​ការ​កែប្រែឡើយ ។

ខណៈ​ស្ថានការណ៍​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​មាន​កម្តៅ​សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ​សូម​ប្រកាស​ឲ្យ​ហើយ កន្លែង​តា​មាន់​ធំ​គឺជា​កន្លែង​ដែល​មិន​ទាន់​ដាច់ស្រេច តា​មាន់​តូច តា​ក្របី​និង​មុំ​បី យើង​ត្រូវ​រក​ប្រព័ន្ធ​តុលាការអន្តរជាតិ​ដោះស្រាយ គ្មាន​ពី​ណា​មាន​សិទ្ធិ​ឯកតោភាគី​ប្រកាស​បិទ​កន្លែង​ហ្នឹង​ឈប់​ឲ្យ​គេ​ចូល​ទេ ។ រក្សា​ស្ថានភាព​ដដែល ជា​ឯកតោភាគី ហ៊ាន​តែ​បិទទ្វារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើង​នឹង​មានរឿង​ហើយ បន្ទាត់​ក្រហម​ច្បាស់​ស្មើ​អ្នកឯង​ដាក់​ច្រក​ឯកតោភាគី​យក​អាហ្នឹង​ហើយ ។ ហើយ​បើសិនជា​គេ​អាច​យក​កន្លែង​ហ្នឹង​បាន​ដោយ​ឯកតោភាគី​បាន​ន័យ​ថា យើង​ទទួលស្គាល់​ផែនទី​ឯកតោភាគី​១​លើ​៥០​ពាន់​របស់​ថៃ​»​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ត​ថា ដូច្នេះ បើ​កម្ពុជា​ទទួលស្គាល់​ផែនទី​១​លើ​៥០​ពាន់​នេះ នឹង​អាច​ធ្វើ​ឲ្យ​ភាគី​ថៃ​មានឱកាស​តាម​អំពើ​ចិត្ត​គូស​ផែនទី​រំលោភ​បំពាន​កម្ពុជា​បន្ត​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា កម្ពុជា​ពុំ​បាន​ចង់បាន​ដី​របស់​ប្រទេស​ណាមួយ​នោះ​ទេ គឺ​កម្ពុជា​ប្រកាន់​យក​តែ​ភាព​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ដូច្នេះ​អ្វី​ដែល​កម្ពុជា​-​ថៃ​បាន​ស៊ី​ញ៉េ​រួម​គ្នា កាលពី​ឆ្នាំ​២០០០ លើ​ផែនទី​ដែល​មានបារាំង​ទទួលស្គាល់​កាលពី​អំឡុង​ឆ្នាំ​១៩០៧​នោះ សូម​ទទួលយក​ទៅ មិនមែន​ជា​ផែនទី​ដែល​ថៃ​គូស​ឡើងជា​ឯកតោភាគី​នោះ​ទេ ។

សម្តេច​ធិ​បតី​បន្ថែម​ថា បើសិន​ភាគី​ថៃ​នៅ​តែ​អះអាង​ប្រើប្រាស់​ផែនទី​គូស​ដោយ​ខ្លួនឯង ពិត​ណាស់​បញ្ហា​ព្រំ​ដែ​កម្ពុជា​-​ថៃ​មិន​បញ្ចប់​ជម្លោះ​ទេ នឹង​បន្ត​អូស​បន្លាយ​យូរ​ឆ្នាំ​ទៀត​រហូត​ដល់​ការ​ធ្វើសង្គ្រាម​ក៏​អាច​ថា​បាន ។ ដូច្នេះ មាន​តែ​យន្តការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ដែល​នេះ ជា​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ។ លើស​ពី​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​អះអាង​ថា កម្ពុជា​ជ្រើស​យក​ផ្លូវច្បាប់​ជា​អន្តរជាតិ​នេះ ដើម្បី​មិន​ចង់​ឲ្យ​បញ្ហា​ព្រំដែន​រីក​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត​នៅ​តាម​បណ្តា​ខេត្ត​របស់​ខ្មែរ​ទាំង​៧​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ថៃ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នេះ បន្ទាប់​ពី​ភាគី​ថៃ​តែងតែបាន​ប្រកាស​ជា​ញឹកញាប់​ថា យោធា​ថៃ នឹង​បិទ​នៅ​បរិវេណ​ប្រាសាទតាមាន់ធំ មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឡើង​ទៅ​លេង​កម្សាន្ត​ទេ ខណៈ​ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​កើនឡើង​កម្តៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ