ទីក្រុងបាងកក ៖ តុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលការស៊ើបអង្កេតសារបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមប្រភពពីសារព័ត៌មានថៃ The Nation បានចេញផ្សាយមុននេះបន្តិច។
តុលាការធម្មនុញ្ញថៃ បានបោះឆ្នោតទទួលយកញត្តិសមាជិកព្រឹទ្ធសភាប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ ទាក់ទងឃ្លីបសំឡេងបែកធ្លាយជាមួយប្រធានព្រឹទ្ធសភាកម្ពុជា ហើយជាលទ្ធផលតុលាការសម្រេចព្យួរតំណែងលោកស្រីពីកាតព្វកិច្ច ដោយរង់ចាំលទ្ធផលការវិនិច្ឆ័យរបស់តុលាការ។ ចៅក្រមតុលាការធម្មនុញ្ញទាំង៩រូបបានបោះឆ្នោតជាឯកច្ឆ័ន្ទទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាចំនួន៣៦រូប ដែលត្រូវបានបញ្ជូនទៅតុលាការដោយប្រធានព្រឹទ្ធសភា បន្ទាប់មកចៅក្រមបានបោះឆ្នោតលើសំឡេង ៧ទល់នឹង២ ដើម្បីព្យួរតំណែងលោកស្រី ផែថងថាន តែម្តង ប៉ុន្តែទោះយ៉ាងណា លោកស្រីនៅតែអាចបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី។
យ៉ាងណាមិញ បណ្តាសមាជិកព្រឹទ្ធសភាបានស្នើសុំឱ្យតុលាការដកលោកស្រី ផែថងថាន ចេញពីតំណែងជានាយករដ្ឋមន្ត្រីតែម្តង ក្រោមការចោទប្រកាន់ពីបទបះបោរប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទដែលលោកស្រីបានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា មេបញ្ជាការភូមិភាគ២ថៃ គឺជាគូប្រជែងនឹងលោកស្រី។ តាមរយៈការបែកធ្លាយកិច្ចសន្ទនានេះ លោកស្រីបានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការចោទប្រកាន់ថាបានព្យាយាមផ្គាប់ចិត្តបុរសខ្លាំងកម្ពុជា ចំពេលមានភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
តុលាការបានបង្គាប់ឱ្យលោកស្រី ផែថងថាន បញ្ជូនមេធាវីការពារក្តីទៅតុលាការក្នុងរយៈពេល១៥ថ្ងៃ ហើយលោកស្រីត្រូវតែឈប់បំពេញការងារជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់តុលាការធ្វើការសម្រេចក្នុងសំណុំរឿងនេះ។ ដូច្នេះគ្រប់គ្នាកំពុងតែរង់ចាំមើលលទ្ធផល នៃការសម្រេចរបស់តុលាការធម្មនុញ្ញថៃ៕

ចែករំលែកព័តមាននេះ