ទីក្រុងម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស (Sergei Lavrov) ថ្លែងថាសំណើជួបគ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅបុរីវ៉ាទីកង់នោះប្រហែលជាមិនមែនជាគំនិតល្អប៉ុន្មានទេ។ លោកយល់ថាគ្រាន់តែចាប់ផ្ដើមឡើងគឺខុសឆ្គងតែម្ដងព្រោះរុស្ស៊ី និងអ៊ុយក្រែនកាន់សាសនាគ្រិស្តនិកាយអ័រតូដុក (Orthodox) ចំណែកបុរីវ៉ាទីកង់ជាសាសនាគ្រិស្តនិកាយកាតូលិក (Catholic)។ ដូច្នេះ មានជំហរ និងជំនឿមិនដូចគ្នាទេ។
ការថ្លែងដូច្នេះបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រីមេឡូនី (Meloni) ថ្លែងថាសម្ដេចព្រះសង្ឃរាជកាតូលិកដែលទើបតែឡើងកាន់អំណាចថ្មីៗ សម្ដេចឡេអូទី១៤ (Leo XIV) បានប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំគម្រោងចរចាគ្នា។ សម្ដេចមានសង្ឃដីកាប្រាប់លោកស្រីបែបនេះនៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ។ កាលពីពេលកន្លងមក គេដឹងថាសម្ដេចបានបង្ហើបឱ្យដឹងអំពីការត្រៀមខ្លួនជាអ្នកសម្របសម្រួលការចរចាគ្នា។ ប៉ុន្តែសម្ដេចមិនបានបញ្ចេញឈ្មោះប្រទេសរុស្ស៊ី និងអ៊ុយក្រែនទេ។
មានចំណុច២សំខាន់ៗដែលប្រមុខការទូតរុស្ស៊ីបានលើកឡើងនៅក្នុងការធ្វើបទបាឋកថានៅទីក្រុងម៉ូស្គូ។ លោកថាចំណុចទី១-បុរីវ៉ាទីកង់មិនមែនជាជម្រើសល្អសម្រាប់គម្រោងជួបគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនទេ និងទី២-ភាគីទាំង២ក៏មិនទាន់បានឯកភាពគ្នាថានឹងជ្រើសរើសយកទីកន្លែងណាមួយសម្រាប់ជួបគ្នានៅឡើយដែរ។ លោកថ្លែងថាមនុស្សកំពុងជ្រើមជ្រួលខ្សិបខ្សៀវគ្នាសម្បើមណាស់ថាប្រទេសទាំង២អាចនឹងជួបគ្នានៅពេលនេះ ឬពេលនោះ, ជួបគ្នានៅទីនេះ ឬទីនោះ។ ប៉ុន្តែយើងគ្មានយោបល់អ្វីទាំងអស់ចំពោះបញ្ហានេះ។
លោកឡាវរ៉ូសបញ្ជាក់ឡើងវិញថាបើសិនមានកិច្ចព្រមព្រៀងណាមួយនាពេលអនាគត និងដើម្បីឱ្យការចុះហត្ថលេខានោះគួរឱ្យជឿទុកចិត្តបានទៅលើលិខិតបទដ្ឋានគតិយុត្តិលុះត្រាតែអ៊ុយក្រែនរៀបចំការបោះឆ្នោតប្រធានាធិបតីសាជាថ្មី។ លោកយល់ថាធ្វើបែបនេះដើម្បីឱ្យអ៊ុយក្រែនមានរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន និងពេញលក្ខណៈច្បាប់៕
ចែករំលែកព័តមាននេះ